រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា ជួបសំណេះសំណាលជាមួយសមាគមសហគ្រាសវិនិយោគទុនបរទេសនៅកម្ពុជា

  • 122
  • ដោយ Admin

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាលជាមួយសមាគមសហគ្រាសវិនិយោគទុនបរទេសនៅកម្ពុជា និងការចូលកាន់ដំណែងនៃក្រុមប្រឹក្សាភិបាល
នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមសហគ្រាសវិនិយោគទុនបរទេសនៅកម្ពុជា និងការចូលកាន់ដំណែងនៃក្រុមប្រឹក្សាភិបាល ដែរក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីលោកអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីស៍ និងជាប្រធានសមាគមអ្នកវិនិយោគបរទេសនៅខេត្តស្វាយរៀង អស់លោក-លោកស្រីតំណាងតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំណាងអ្នកវិនិយោគ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលកម្សាន្តបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្តម ប៉េង ពោធិ៍សា មានប្រសាសន៍ថា: ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការស្វាគមន៍ និងគាំទ្រទាំងស្រុង ចំពោះគំនិតផ្តួចផ្តើម ដែលនាំឲ្យមានការចងក្រងជាសមាគមរបស់អស់លោក លោកស្រីជាអ្នកវិនិយោគបរទេស ក្នុងខេត្តស្វាយរៀងនាពេលនេះ ដោយមើលឃើញថាសមាគមនេះ ជាយន្តការ នឹងដើរតួនាទីដ៏សំខាន់ ក្នុងការប្រមូលផ្តុំនូវបញ្ញាញាណ ការពិគ្រោះយោបល់ដើម្បីគាំទ្រដល់សកម្មភាពនៃការដាក់ទុន វិនិយោគ ការធ្វើអាជីវកម្ម ការជួយឧបត្ថម្ភ និងពង្រឹងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក របស់សមាជិក ដែលនឹងជួយដល់ការអភិវឌ្ឍ និងការរីកចម្រើនរបស់ក្រុមហ៊ុន ហើយដែល ការរីកចម្រើននេះ មិនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹង ផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាជន និងខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្ត បន្តថា: នៅទូទាំងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ចំនួន៩កន្លែង មានរោងចក្រ ជាង ១៥០កន្លែង (បើរួមទាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានផ្សេងៗ សរុប២៧៦កន្លែង) បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណជិត ៩ម៉ឺននាក់ ដែលជាប្រភព ចំណូលផ្ទាល់ដល់កម្មករកម្មការិនី សរុបជាទឹកប្រាក់ប្រមាណ ២៨៤លានដុល្លារ/១ឆ្នាំ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាព រស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមូលដ្ឋាន ។
ឯកឧត្តម ប៉េង ពោធិ៍សា បានបញ្ជាក់ផងដែរថា: ដែលក្នុងនាមអាជ្ញាធរខេត្ត នៅតែមានមហិច្ឆតា ចង់បាន ហើយស្វាគមន៍ជានិច្ចចំពោះ គ្រប់ការវិនិយោគទាំងអស់មកកាន់ខេត្តស្វាយរៀង នឹងត្រៀមខ្លួនជានិច្ចជួយសម្របសម្រួល គាំទ្រ និងសហការ ដើម្បីផ្តល់ភាពកក់ក្តៅ ជំនឿទុកចិត្ត ការពារសន្តិសុខសុវត្ថិភាព និងបង្ក លក្ខណៈគ្រប់សព្វបែបយ៉ាងជូនក្រុមហ៊ុន និងអ្នកវិនិយោគទាំងអស់៕

អត្ថបទទាក់ទង