រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthew Phillips

  • 324
  • ដោយ Admin

នារសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Commonwealth &Development Office (ចក្រភពអង់គ្លេស) ។

អញ្ជើញចូលរួមក្នុងជំនួបនេះមានឯកឧត្តមអភិបាលរងខេត្ត លោក Chris Williamson ប្រធានក្រុមនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍ និងលោក សុធី គីរីរិទ្ធបញ្ញា មន្ត្រីផ្នែកអភិវឌ្ឍន៍ នៃស្ថានទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងអរគុណជាអនេកចំពោះលោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Commonwealth &Development Office (ចក្រភពអង់គ្លេស) ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកទស្សនកិច្ចការងារនៅក្នុងខេត្តស្វាយរៀង ព្រមទាំងបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងអប់រំជាដើម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ដែលជាប្រភពបង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋ និងជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីភាពអំណោយផល នៃភូមិសាស្ត្រខេត្ត និងយុទ្ធសាស្ត្រសំខាន់ៗរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញកន្លងការក្នុងគាំទ្រ សម្របសម្រួល និងគាំពារអ្នកវិនិយោគ ឲ្យមានដំណើរការប្រកបដោយភាពសុខុដុម ដែលជាកត្តាមួយដ៏សំខាន់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបង្កើតក្រុមហ៊ុន រោងចក្រសហគ្រាសនៅក្នុងខេត្តស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្ននេះមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ចំនួន ៩កន្លែង មានរោងចក្រ សហគ្រាសសរុប ២៧៦កន្លែង និងបានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋ ប្រមាណជិត ៩ម៉ឺននាក់ ។

មានប្រសាសន៍ក្នុងជំនួបនេះផងដែរ លោក Matthew Phillips អ្នកសម្របសម្រួលបណ្តាញចិនប្រចាំតំបន់ នៃ Foreign, Commonwealth &Development Office (ចក្រភពអង់គ្លេស) បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ រាក់ទាក់ និងស្និទ្ធស្នាល ជាពិសេសក្នុងការចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួបនិងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យដែលខេត្តស្វាយរៀងសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ហើយលោកជឿជាក់ថាសារៈសំខាន់នៃជំនួបនេះនឹងធ្វើឲ្យចំណងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន និងមានការអភិវឌ្ឍប្រកបដោយវិបុលភាពថែមទៀត ៕

អត្ថបទទាក់ទង