រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែ​ន​ អេង បានជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលធ្វើការស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី

  • 162
  • ដោយ Admin

ឯកឧត្តម​ ម៉ែ​ន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ពោធិ៍សា​ អភិបាលខេត្ត​ បានជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលធ្វើការស្នើសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី។

លោក មុិញ សុីចាយ ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានឲ្យដឹងថា:

-ទី១. យោងតាមស្ថានភាពទីតាំងដីជាក់ស្តែងដែលពួកគាត់កំពុងទាមទារជាកម្មសិទ្ធិគឺជាដីសាធារណ:របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ (មានប្លង់រឹង) គឺមិនអាចទាមទារធ្វើជាកម្មសិទ្ធិបានទេ។

-ទី២. ឯកសាររណបកាន់កាប់ដី ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីប្រើប្រាស់ដីធ្លីលេខ ០៣៤០ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩២ ដែលមានទំហំ៥ហិកតា ស្ថិតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក និងឯកសារពាក្យសុំបញ្ជាក់ដីសង់លំនៅឋានមួយចំនួនទៀតគឺស្ថិតនៅភូមិសេរីអោ ឃុំត្រស់ មិនអាចយកមកជាសំអាងនិងបញ្ជាក់ស្ថានភាពនៃការកាន់កាប់ឲ្យស្របតាមច្បាប់ ដើម្បីស្នើសុំកម្មសិទ្ធិកាន់កាប់ និងចេញប័ណ្ណនោះឡើយ។

-ទី៣. ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណ:ជាទង្វើខុសច្បាប់ មានចែងមាត្រា២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០១ ដូច្នេះគណ:កម្មការគ្រប់គ្រងដីរដ្ឋ និងគណ:កម្មការសុរិយោដីថ្នាក់ខេត្ត សម្រេចច្រានចោលមិនដោះស្រាយនោះឡើយ។ នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ថា: ក្រោយការចុះអង្កេតវាយតម្លៃពីសាវតាដីទាំងអស់ខាងលើនោះ ជាលទ្ធផលដីដែលប្រជាពលរដ្ឋបានស្នើសុំនោះគឺមិនស្របច្បាប់ទេ ហើយរដ្ឋបាលខេត្តស្វាយរៀង បានផ្ញើរបាយការណ៍គោរពជូន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីលោកជាអ្នកធ្វើការសម្រេច។

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា: អ្នកទាំឡាយណាដែលចូលមកកកូរកកាយក្នុងរឿងដីខាងលើនេះគឺត្រូវអនុវត្តតាមច្បាប់។ ដូច្នេះកិច្ចការទាំងអស់នេះត្រូវតែមានភាពច្បាស់លាស់ដើម្បីបិទបញ្ចប់នូវករណីទាំង៣១គ្រួសារនេះតែម្តង ដើម្បីកុំឲ្យមានការយឺតយ៉ាវបន្តទៅទៀត។

ទាក់ទិនចំពោះការសម្រេចច្រានចោលមិនដោះស្រាយនូវសំណើខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសមួយ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត៕

អត្ថបទទាក់ទង