រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អបអរសាទរពិធី​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

  • 363
  • ដោយ Admin

អបអរសាទរពិធី​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមក្នុងពិធី​ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត ក្រោមអធិបតីឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ឯកឧត្ដម អស់លោកគណៈប្រតិភូក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត​ លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនក្នុងខេត្ត លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន អធិការនគរបាលក្រុង ស្រុក និងមន្រ្តីរាជការសាលាខេត្ត ប្រមាណ ៣៧៤នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តម​ អភិបាលខេត្ត​បានថ្លែងថា​ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត សូមចូលរួម អបអរសាទរ និងមានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្ដមអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួល ខុសត្រូវរបស់ខ្លួនប្រកប ដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែក ធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ ជាក់ស្តែងពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបន្ថែមថា​ ក្នុងនាមរដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្ដិយស សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបាន ឆ្លៀតពេលវេលា អញ្ជើញជាអធិបតី និងចូលរួម ក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង នាពេលនេះ។

ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។ ទន្ទឹមនឹងការថ្លែងនូវការអបអរសាទរ​ ឯកឧត្តមរដ្ឋលេខាធិការបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត​។ ទន្ទឹមនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនជាដេីម ។

យោងតាមអនុក្រឹត្យលេខ១១១៩ អនក្រ.តត ចុះថ្ងៃអង្គារ​១២រោច ខែស្រាពណ៍ ឆ្នាថោះ​ បញ្ចស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២​ ខែកញ្ញាឆ្នាំ២០២០២៣ត្រូវបានតែងតាំង៖

១-​ លោក​ ម៉ែន​ កល្យាណ​ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលរងខេត្តស្វាយរៀង។

១-លោក​ សរ​ សុដានី​ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ​ ជាអភិបាលរងខេត្តស្វាយរៀង៕

អត្ថបទទាក់ទង