រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ហែម ពិសិដ្ឋ បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរសក្ដិជូនមេបញ្ជាការរង នៃកងរាជអាវុធហត្ថ

  • 276
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរសក្ដិជូនមេបញ្ជាការរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការ​ មេបញ្ជាការរង នាយសេនាធិការ នាសេនាធិការរង នាយការិយាល័យ នាយរងការិយាល័យនៃកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឪកាសនោះ​ ជំនួសមុខឲ្យឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត គ្រប់ជំនាញ និងគ្រប់ផ្នែកទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផល គួរជាទីមោទនៈ ទាំងក្នុងកិច្ចការជំនាញ ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការ សហការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ នៅគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ទាំងក្នុងឱកាសបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីធំៗ ដែលខេត្តបានរៀបចំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងនាមឯកឧត្តមអភិបាលខេត្ត​ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ បានផ្ដាំផ្ញើដល់កម្លាំងអាវុធហត្ថ ទាំងអស់ ជាពិសេសលោកមេបញ្ជាការរងដែលទទួលបានការតែងតាំងមុខតំណែង និងដំឡើង ឋានន្តរស័ក្តិនៅថ្ងៃនេះ នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១-ត្រូវចូលរួម ថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ព្រមទាំងត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការ ស្របតាមតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព។

២-ត្រូវបន្តខិតខំសហការគាំទ្រដល់កិច្ចការការពារ ទប់ស្កាត់ និងបង្ក្រាប នូវបទល្មើសគ្រប់ប្រភេទដែលបានកើតឡើង ជាពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង បទល្មើសជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន ។

៣-ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថឲ្យ បានខ្ជាប់ខ្ជួន ។

៤-ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាល ឲ្យបានម៉ឺងម៉ាត់ ។

៥-ត្រូវខិតខំសិក្សាស្វែងយល់ ដកស្រង់នូវបទពិសោធន៍ល្អៗពីរៀមច្បងជំនាន់មុន និងរៀនសូត្រពីចំណេះដឹងថ្មីៗ ដើម្បីច្នៃបង្កើតនូវស្នាដៃ និងសកម្មភាពការងារឆ្លើយតបទៅនឹងសភាពការណ៍វិវត្តន៍នាសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលដ្ឋ និងអ្នកវិនិយោគ ក្នុងខេត្ដ ឲ្យបានល្អប្រសើរ ។

៦-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជា ពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាបអានពីប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាជាយថាហេតុ ។

៧-ត្រូវបន្តលើកកម្ពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ដាច់ខាត ប្តេជ្ញាការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅគ្រប់កាលៈទេសៈ ។

អត្ថបទទាក់ទង