រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីប្រកាស ឯកឧត្តម ប៉េង ពោធិ៍សា ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត

  • 266
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត មានរៀបចំពិធីប្រកាស ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោក គណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដមអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក លោកអធិការនគរបាល លោកមេបញ្ជាការផ្នែកសឹករង និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបវត្តមាន ២៥០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្ដមជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ដើម្បីបន្តចូលរួមចំណែកក្នុងកិច្ចការគាំទ្របម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ជូនអតីតយុទ្ធជនឲ្យបានកាន់ល្អប្រសើរថែមទៀត ។ ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះឯកឧត្ដមផ្ទាល់ ការមានឱកាសចូលរួមជាចំណែកមួយក្នុងគ្រប់យន្តការគាំទ្រដល់សកម្មភាពទាំងឡាយ ដែលនាំទៅដល់ផលប្រយោជន៍ដ៏ពិតប្រាកដសម្រាប់អ៊ុំ ពូ មាមីង អតីតយុទ្ធជន គឺជាកិច្ចការចម្បង និងជាកាតព្វកិច្ចតបស្នងមិនអាចខ្វះបានពីសំណាក់យើងខ្ញុំទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ សម្រាប់វីរៈអតីតយុទ្ធជន យុទ្ធនារី ដែលអស់លោកទាំងអស់ បានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីចូលរួមក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយចំណែក នៃការចូលរួមនេះ គឺពិតជាមានតម្លៃ ប្រកបដោយមោទនភាពបំផុត ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ដែលបានទទួលផលពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធជន និងយុទ្ធជនពលីជំនាន់មុន ។ឆ្លើយតបនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងប្រតិបត្តិស្របតាមសុភាសិត «ផឹកទឹកឲ្យនឹកដល់ប្រភព ជ្រកម្លប់ឲ្យនឹកដល់អ្នកដាំ» ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្តេជ្ញា ៖

-ខិតខំអនុវត្តតាមគោលការណ៍ ការណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យមានប្រសិទ្ធភាព ។

-បន្តយកចិត្តទុកដាក់លើកកម្ពស់ស្មារតីគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនគ្រប់រូប ។

-បន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រនូវគំរូវីរភាពដ៏អង់អាចក្លាហាន មោះមុតរបស់អតីតយុទ្ធជនដែលបានពលីក្នុងបុព្វហេតុ នៃសុខសន្តិភាពរបស់ប្រទេសជាតិ ។

-បន្តគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ចែករំលែក ជំរុញ និងកៀរគរការចូលរួមក្នុងសកម្មភាពសាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន ។

-បន្តចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរនានារបស់អតីតយុទ្ធជន និងគ្រួសារពលី ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។

-ត្រៀមចូលរួមសហការ និងគាំទ្រជានិច្ចនូវរាល់សកម្មភាពដែលផ្ដល់ និងការពារផលប្រយោជន៍របស់អតីតយុទ្ធជន ក៏ដូចជាបន្តជួយជំរុញចលនាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឲ្យកាន់តែមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

អត្ថបទទាក់ទង