រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អបអរសាទរ​ពិធីប្រកាសចូលកាន់តំណែងអភិបាល​ នៃគណៈអភិបាលស្រុកស្វាយទាប

  • 271
  • ដោយ Admin

អបអរសាទរ​ពិធីប្រកាសចូលកាន់តំណែងអភិបាល​ នៃគណៈអភិបាលស្រុកស្វាយទាប

​ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក​ ជា​ ហ៊ន​ ជាអភិបាល​ នៃគណៈអភិបាលស្រុកស្វាយទាប ជំនួសលោក​ ម៉ែន​ សារ៉ាន់​ ដែលត្រូវដល់អាយុចូលនិវត្តន៍​ស្របតាមច្បាប់កំណត់របស់ក្រសួងមហាផ្ទៃ ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោកប្រធានមន្ទីរ-អង្គភាពមួយចំនួនក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធាន​ និងសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក​ ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាស្រុក​ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុុក​ គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ ជាពិសេសលោក ម៉ែន សារ៉ាន់ ដែលនៅក្នុងអាណត្តិ នៃការដឹកនាំជាអភិបាលស្រុកកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចដឹកនាំស្រុកប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ​ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១-ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។

២-ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិសុខ​ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដេីម។

៣-គណៈអភិបាលស្រុក​ ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។

៤-ត្រូវខិតខំពង្រឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយស្រុក និងផ្ដល់ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ឲ្យមានដំណើរការល្អ ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ប្រកប ដោយអភិបាលកិច្ចល្អ ស្របតាមបែបបទ និងនីតិវិធី នៃការផ្ដល់សេវាតាមរចនាសម្ព័ន្ធ និងមុខងារថ្មី។

៥-ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនសង្កាត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក​ ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អជូនប្រជាពលរដ្ឋ។

៦-រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើ វិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ ។

៧-រដ្ឋបាលស្រុកត្រូវបង្កើនការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងអង្គវេទិកាសាធារណៈ ជាពិសេសទំនាស់ដីធ្លី ត្រូវខិតខំព្យាយាម អត់ធ្មត់ ដើម្បីដោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងសន្តិវិធី ដោយឈរលើគោលការណ៍បង្រួមទំនាស់ ពង្រីកការដោះស្រាយ ជាមួយនិងការខិតខំ ទប់ស្កាត់កុំឲ្យមានទំនាស់ថ្មីគ្រប់ប្រភេទកើតឡើង​ឲ្យមានប្រសិទ្ធភាព។

៨-រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើ វិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ ។

អត្ថបទទាក់ទង