រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន

  • 287
  • ដោយ Admin

នៅថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកកសាងសមិទ្ធិផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ជាពិសេសធានាគារ ABA ដែលជានិច្ចកាលបានចូលរួមគាំទ្របន្តបន្ទាប់ ដូចជា ការកសាង និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានកសាងតាំងពីឆ្នាំ១៩៩៦ មាន២អាគារ ត្រូវបានជួសជុលកែលម្អឡើងវិញ លាបថ្នាំ ដាក់ទ្វារបង្អួចកញ្ចក់ថ្មី បំពាក់ក្តាខៀនថ្មី ជួសជុលសួនច្បារ ឧបត្តម្ភកំព្យូទ័រ ផ្តល់កូនឈើ និងសម្ភារៈមួយចំនួនជាច្រើនទៀត ។ សកម្មភាពទាំងនេះបានសរបញ្ជាក់អោយឃើញពីការ រួមចំណែកជួយកសាង និងលើកកម្ពស់ក្នុងវិស័យអប់រំ ដើម្បីទុកជាប្រយោជន៍រួម ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាកូនចៅជំនាន់ក្រោយ សម្រាប់ប្រើប្រាស់បន្តទៅមុខទៀត ព្រមទាំងបានជំរុញលើកទឹកចិត្តមន្ត្រីគ្រប់រូប អោយខិតខំបំពេញការងារឱ្យអស់លទ្ធភាព និងតម្រង់ទិសវិស័យអប់រំនៅកម្ពុជាដើម្បីបង្កើតធនធានមនុស្សដ៏មានចំណេះដឹង និងជំនាញសមត្ថភាពពិតប្រាកដ ដើម្បីយកឧត្ដមភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ថែមទាំងបានណែនាំប្អូនៗ ក្មួយៗ សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ប្រកបដោយគុណភាព ដើម្បីត្រៀមយកចំណេះដឹងចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គមជាតិ និងជៀសឆ្ងាយពីអំពើអបាយមុននានា និងចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោក លោកស្រី ដែលមានវត្តមានក្នុងអង្គពិធី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ជាពិសេសដើម្បីថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាយើងអោយកាន់តែមានការរីកចម្រើនបន្តទៀតជានិរន្តន៍ ។

ដោយមានការចូលរួមពី លោក អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក អភិបាលរង ស្រុកកំពង់រោទិ៍ លោក លោកស្រី តំណាងឱ្យធានាគារ ABA លោក លោកស្រី ប្រធានការិយាល័យនានាចំណុះឱ្យរដ្ឋបាលស្រុក លោកវីរសេនីយ៍ អនុសេនីយ៍ កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។

អត្ថបទទាក់ទង