រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីអ​បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • 194
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍២រោច​ ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងលោកជំទាវ ឧត្តមសេណីយ៍ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការរង​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានអញ្ជេីញជាអធិបតីក្នុងពិធីអ​បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៣ ក្រោមប្រធានបទ"អ្វីៗដេីម្បីប្រជាជនជាចម្បង​ បញ្ឈប់ការរេីសអេីង​ និងម៉ាក់ងាយអ្នកញៀនគ្រឿងញៀន​ ពង្រឹងការអប់រំបង្ការ"​ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម​ សាលដីកា​ និងសេចក្តីសម្រេចរបស់សាលាដំបូង​ខេត្តស្វាយរៀង​ និងខេត្តព្រៃវែង។

អញ្ជេីញចូលរួមក្នុងពិធីនេះរួមមានគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អភិបាលរងខេត្តស្វាយរៀង ព្រៃវែង ឯកឧត្តម ប្រធានសាលាដំបូង ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ព្រៃវែង លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​ សសយក​ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត​ និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត សរុបចំនួន ៧៧០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានដាក់ចេញនូវគោលដៅ​មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖

១.ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារាចរណែនាំ និងសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្ដែងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាកាត់បន្ថយ និងឈានទៅលុបបំបាត់ផ្នត់គំនិត រើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ។

២.ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀនពិសេសការចាត់តាំងអនុវត្តវិធានការទាំង៥ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ។

៣.ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

៤.កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញ ការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះគោលដៅ ដែល ងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ។

៥.អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែ សកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ។

៦.មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់អប់រំ ណែនាំ និងពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ ខ្លួន ឲ្យបានតឹងរ៉ឹងបំផុត ចៀសវាងកុំឲ្យពាក់ព័ន្ធក្នុងករណីបទល្មើសគ្រឿងញៀន និងជាមួយឧក្រិដ្ឋជនគ្រឿងញៀន។

៧.កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបាន តឹងរ៉ឹងបំផុត ទប់ស្កាត់ឲ្យបានការនាំចូលនូវសារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ ។

៨.ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបាន ច្បាស់លាស់នូវ មុខ សញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះ អាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យ បានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង ។

៩.ត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់ នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យជនរងគ្រោះដោយសារសារធាតុញៀន ទទួលបានសេវាបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឡើងវិញ ។

១០.សូមអំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្ស ទាំងអស់ សូម បង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហកា រ ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន ។

ជាទីបញ្ចប់នៃពិធី​ ឯកឧត្តមប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ រួមទាំងគណៈអធិបតីបានអញ្ជេីញដុតបំផ្លាញវត្ថុតាងគ្រឿងញៀនដែលរឹបអូសបានមានទម្ងន់សរុប ២០.៥៤៤,២៧ក្រាម​ នៅទីតាំងប្រារព្ធពិធីនៅព្រឹកនេះផងដែរ។

អត្ថបទទាក់ទង