រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរដល់មន្ដ្រីសុខាភិបាលដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

  • 188
  • ដោយ Admin

នាព្រឹកថ្ងៃសុក្រ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្ថិតនៅសាលប្រជុំអាគារ ឃ សាលាខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចំនួន៦១០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលយើងទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១-ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ក្នុងការងារ ជាពិសេសគឺការគោរពម៉ោងពេលបម្រើការងារនៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ថែរក្សាបរិស្ថានអនាម័យឲ្យបានស្អាតល្អទាំងនៅក្នុង និងក្រៅបរិវេណមន្ទីរពេទ្យ។

២-មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ។

៣-សំណូមពរដល់ក្រុមគ្រូពេទ្យយើងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យដោយត្រូវប្រើឥរិយាបទ និងពាក្យសំដីឲ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកទទួលសេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋជាដាច់ខាត ។

៤-ត្រូវបន្តខិតខំលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ជាពិសេសអ្នករកស៊ីដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត ដែលជាមូលហេតុអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និងឈានទៅដល់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ។

៥-ត្រូវយកចិត្តទុកដាក់ខ្ពស់ពង្រឹងការអនុវត្តការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាងកម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ និងកម្មករ កម្មការិនី ជាដើម ។

៦-ត្រូវខិតខំ និងយកចិត្តទុកដាក់ពង្រឹងបន្ថែមនូវសមត្ថភាពជំនាញដល់មន្ត្រីសុខាភិបាល ទាំងសមត្ថភាពជំនាញធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ តាមរយៈការបណ្តុះបណ្តាលបឋមមុនពេលចូលបម្រើការងារ និងធ្វើវិក្រឹត្យការបន្ថែមនៅពេលបម្រើការងារ ជាពិសេសការពង្រឹងធនធានមនុស្សនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀកនឹងប្រជាពលរដ្ឋជាងគេ។

៧-ត្រូវរៀបចំផែនការពង្រាយបុគ្គលិក និងមានយន្តការលើកទឹកចិត្តជូនដល់បុគ្គលិកសុខាភិបាល ជាពិសេសនៅតាមទីជនបទដាច់ស្រយាល ដើម្បីធានាថាធនធានមនុស្សគ្រប់កម្រិតបច្ចេកទេស សម្រាប់បម្រើវិស័យសុខាភិបាលក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាពមាននៅគ្រប់លំដាប់បណ្តាញសុខាភិបាល ទាំងទីប្រជុំជន និងជនបទ ។

៨-ត្រូវបន្តយកចិត្តទុកដាក់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

អត្ថបទទាក់ទង