រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា​ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី

  • 251
  • ដោយ Admin

នារសៀលថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣​ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា​ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោកជំទាវ ចន្ទ សេង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ ដែលកម្មវិធីនេះប្រព្រឹត្តធ្វើនៅបរិវេណសាលប្រជុំអាគារ (ឃ) នៃសាលាខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែផ្តល់នូវសាច់ប្រាក់នោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តដល់អ្នក ទទួលផល ឱ្យទទួលយកសេវាសុខភាព របស់មូលដ្ឋានសុខាភិបាល សាធារណៈជាជម្រើសដំបូង ពិសេសទៀតនោះ គឺបាននឹងកំពុងជំរុញការផ្លាស់ប្តូររិយាបទ របស់ក្រុមគោលដៅ តាមរយៈ ការផ្សព្វផ្សាយសុខភាព មាតា ទារក និងអាហាររូបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ តាមសហគមន៍ ដោយ អ.គ.ន.ក ឃុំ សង្កាត់ ។ ទន្ទឹមនេះ ខ្ញុំសូមបញ្ជាក់ជូនផងដែរ ថារាជរដ្ឋាភិបាលបានគិតគូរ ជាប្រចាំក្នុងការបំពេញបាននូវភាពគ្រប់ជ្រុងជ្រោយ ផ្នែកជីវភាព និងកសាងបាន មូលធនមនុស្ស លុបបំបាត់ ឱ្យបាន នូវ ភាពក្រីក្រក្នុងសហគមន៍ និងសំដៅអភិវឌ្ឍឥឈប់ឈរគ្រប់វិស័យ ។

ជាមួយគ្នានេះ ដើម្បីជំរុញឱ្យការអនុវត្តកម្មវិធីនាពេលខាងមុខ កាន់តែទទួលបានប្រសិទ្ធភាពបន្ថែម ឯកឧត្តមបានចូលរួមជាអនុសាសន៍មួយចំនួនដូចខាងក្រោម ៖

១. សូមធានារក្សាប្រក្រតីភាពនៃកម្មវិធី និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារដែលបានចែង ។

២. សូមបន្តពង្រឹង និងពង្រីកឱ្យបាននូវយន្តការផ្សព្វផ្សាយកម្មវិធីជំនួយសង្គម ។

៣. ចូលរួមរក្សានូវស្មារតីទទួលខុសត្រូវ នៃការអនុវត្តតួនាទី ពង្រីកវិសាលភាពនៃលទ្ធផលការងារ ។

៤. សូមផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យឈប់ប្រើពាក្យ «បណ្ណក្រីក្រ» ហើយងាកមកប្រើពាក្យ «បណ្ណសមធម៌» វិញ ។

៥. សូមលោក លោកស្រី មេឃុំ ចៅសង្កាត់ ប្រើប្រាស់គណនី (USer) ចូលកម្មវិធីនៅលើតាប្លែត ដោយផ្ទាល់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងអនុម័តចុះឈ្មោះ ។

៦. ស្នើសុំកុំឱ្យមានការផ្លាស់ប្តូរមន្រ្តីទទួលបន្ទុកកម្មវិធី ទាំងឃុំ សង្កាត់ និងមូលដ្ឋាន សុខាភិបាល សាធារណៈ ប្រសិនបើមិនមានការចាំបាច់ ។

៧. ស្នើដល់រដ្ឋបាលឃុំ សង្កាត់ កោះអញ្ជើញបញ្ជរវីង ដែលមានទីតាំងក្នុងមូលដ្ឋាន របស់ខ្លួន ប្រជុំជាប្រចាំ យ៉ាងហោចណាស់ ២ខែម្តង ដើម្បីធ្វើការណែនាំ និងទប់ស្កាត់ ភាពមិនប្រក្រតី ។

៨. សូមជួយជំរុញដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្តីពីការអនុវត្ត កម្មវិធី ជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងពិធីនេះមានការចូលរួមពី៖ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក លោកស្រី ជាអភិបាល អភិបាលរង ក្រុង-ស្រុកទាំង៨ ព្រមទាំង លោក លោកស្រី អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។​

អត្ថបទទាក់ទង