រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី

  • 263
  • ដោយ Admin

នៅថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោកជំទាវ ចន្ទ សេងសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំ ដែលកម្មវិធីនេះប្រព្រឹត្តធ្វើនៅបរិវេណសាលប្រជុំអាគារ (ឃ) នៃសាលាខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះមូលនិធិជាតិជំនួយសង្គម ដែលបានផ្តល់ជាបច្ចេកទេស និងថវិកាដើម្បី រៀបចំវគ្គបណ្តុះបណ្តាលរបស់យើងនាពេលនេះ ដែលសរបញ្ជាក់ឲ្យយើងឃើញពីភាពសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់អង្គភាពប្រតិបត្តិករមួយនេះ ក្នុងការអនុវត្តនូវកម្មវិធីជាតិជំនួយសង្គមនានាប្រកបដោយប្រសិទ្ធិភាពខ្ពស់ ឆ្លើបតបទៅនឹងបញ្ហាប្រឈម ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ អន្តរាគមន៍ គាំពារ សង្គមតាមរយៈកម្មវិធីជាតិជំនួយសង្គម ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្ដយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ ក្នុងគោលដៅជាយុទ្ធសាស្រ្ដ គឺសំដៅលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍភាពសង្គម ប្រកបដោយចីរភាព ។ ជាលទ្ធផល រាជរដ្ឋាភិបាលសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្ស ក្នុងការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ កាត់បន្ថយការឈឺ និងស្លាប់ដោយសារជំងឺឆ្លង ដូចជា ជំងឺអេដស៍ គ្រុនចាញ់ របេង និងបានលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅ ឆ្នាំ២០១៦ ជាដើម ។

ក្នុងពិធីនេះមានការចូលរួមពី៖ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក លោកស្រី ជាអភិបាល អភិបាលរង ក្រុង-ស្រុកទាំង៨ ព្រមទាំង លោក លោកស្រី អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

អត្ថបទទាក់ទង