រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

  • 133
  • ដោយ Admin

នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ​ នាសាលប្រជុំសាលាខេត្ត។

អញ្ជើញចូលរួមក្នុងជំនួបនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាន៍ទៅកាន់ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមានវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ក្នុងនោះក្រុមហ៊ុនជប៉ុនដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តស្វាយរៀង ដែលបានផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តយ៉ាងច្រើន ដែលជាកត្តាជម្រុញការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើ។

ទន្ទឹមនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះជំនួយរបស់ជប៉ុន ជួយដល់វិស័យរដ្ឋនានាក្នុងខេត្ត ព្រមទាំងក្រុមហ៊ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់នាពេលកន្លងមក និងបន្តជួយទាក់ទាញឱ្យមានអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅក្នុងខេត្តបន្ថែម។ ឯកឧត្តមអរគុណចំពោះឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងខេត្តស្វាយរៀង។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះដៃគូវិយោគនានា លេីកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុនដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀងផងដែរ។ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលផ្តល់ឱកាសឱ្យគណៈប្រតិភូទូតជប៉ុនបានចូលជួបនិងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យដែលខេត្តស្វាយរៀងសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមសម្តែងការអបអរសាទរចំពោះដៃគូវិនិយោគនានារបស់ប្រទេសជប៉ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀង និងសូមគាំទ្រចំពោះមតិលើកឡើងសមិទ្ធផលធំៗជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន។

អត្ថបទទាក់ទង