រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានអញ្ជេីញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តអណ្តូងពោធិ៍

  • 236
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ ឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្ត​​ តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តអណ្តូងពោធិ៍ ស្ថិតនៅ ភូមិត្រពាំងបុស្ស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា​ និងអធិការកិច្ច​ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសនថា សមិទ្ធិផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះគឺជា ទឹកចិត្តសទ្ធាជ្រះថ្លារបស់ ឯកឧត្តម មាស សារិន និងលោកជំទាវ សុខ ផល្លី, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល និងលោកជំទាវ ឯកឧត្តម ព្រាប គារ៉ាត់ និងក្រុមការងារ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៦៣០លានរៀល ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ឲ្យបានយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ជៀសបានការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម និងបានចូលរួមអភិវឌ្ឍជាតិឲ្យមានការីកចម្រើន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំថែរក្សាការពារឱ្យបាននូវសុខសនិ្តភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ ។ ជាក់ស្តែង សុខសន្តិភាពដែលប្រជាពលរដ្ឋទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ ថែរក្សាការពារបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគត់ដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បីធានានូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍន៍ ។ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានយល់ព្រមទទួលយកសំណើរបិណ្ឌបាត្ររបស់ព្រះចៅអធិការវត្តទួលតាធន់ ដើម្បីកសាងរបងវត្ត ដោយត្រូវចំណាយថវិកាអស់ ៣១លានរៀល ផងដែរ។

អត្ថបទទាក់ទង