រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចម៉ែ

  • 159
  • ដោយ Admin

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៧ យាងចូល ៨៨ ព្រះវស្សា

ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៧ យាងចូល ៨៨ ព្រះវស្សា នាព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និង ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ ចំនួន ៤ អង្គ ក្រោមវត្តមានលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា និង ក្រុមប្រតិបត្តិសាខាជាច្រើនរូបទៀត ។

ក្នុងឱកាសនេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអាននូវសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា ៨៧ យាងចូល ៨៨ ព្រះវស្សា ។ ឱកាសដ៏មហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះ យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហស្តព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។

- ទេយ្យវត្ថុវេរប្រគេនដល់ព្រះសង្ឃទាំង ៤ អង្គ (៤វត្ត) ក្នុង ១ អង្គប្រគេន៖ ចង្ហាន់ ១ ស្រាក់ អង្ករ ៥០ គ.ក្រ មី ២ កេស ត្រីខ ២០ កំប៉ុង ទឹកក្រូច ១ កេស ទឹកសុទ្ធ ១ កេស ទេយ្យទាន ១ កញ្ចប់ ស្លាដក់ ១ បច្ច័យ ២០ ម៉ឺនរៀល គ្រូអាចារ្យ ១ នាក់ ទេយ្យទាន ១ កញ្ចប់ បច្ច័យ ២០ ម៉ឺន រៀល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមបច្ច័យក៏សាងវត្តក្នុង ១ វត្ត ៤០ ម៉ឺន រៀល លោកជំទាវ ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ ឧបត្ថម្ភបន្ថែម បច្ច័យ ក្នុង ១ អង្គ ២៥ ម៉ឺនរៀល យាយជី តាជី ១០ នាក់ ក្នុង ១ នាក់ បច្ច័យ ៥ ម៉ឺនរៀល យុវជនកាកបាទក្រហមកម្ពុជា ៦ នាក់ ក្នុង ១ នាក់ ថវិកា ៥ ម៉ឺន រៀល ។

អត្ថបទទាក់ទង