រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧

  • 370
  • ដោយ Admin

កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមម៉ែន វិបុល អភិបាលស្វាយរៀង និងជាគណ:បញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត និងលោក ឯម សុត ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ដ លោកបណ្ឌិតនាយករដ្ឋបាលសាលាខេត្ដ លោកស្នងការនគរបាលខេត្ដ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិកាសឹករងខេត្ដ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ លោក លោកស្រីក្រុមការងារគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដ លោកអភិបាលក្រុង ស្រុកទាំង៨ លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីស្នងការរងនគរបាលខេត្ដ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ លោកនាយកទីចាត់ការអន្ដរវិស័យសាលាខេត្ដ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ដ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ដ លោក លោកស្រីនាយកការិយាល័យចំណុះស្នងការរដ្ឋាននគរបាលខេត្ដ លោកអធិការ និងអធិការរងទទួលផែន នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនទាំង២ លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ លោកមេបញ្ជាការផ្នែកសឹករងក្រុង ស្រុកទាំង៨ លោក លោកស្រីនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៨០ សរុបវត្តមានប្រមាណ ២០១នាក់។

មានប្រសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងទាំងអស់ ត្រូវអនុវត្តនូវរាល់តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមផែនការដែលបានដាក់ចេញ ទាំងនៅក្នុងពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត៖

១- ត្រូវប្រកាន់នូវជំហរអព្យាក្រឹត្យ ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន

២- ត្រូវគោរពតាមក្រមសីលធម៌ សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ

៣-ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងគ្មានការរើសអើង ។

៤- កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដាច់ខាតត្រូវពង្រឹងការការពារសន្តិសុខឲ្យបានហ្មត់ចត់បំផុត និងត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរ៉ឹងលើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត ។

៥- អាជ្ញាធរដែនដី និងមេបញ្ជាការកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍ និងការប្រែប្រួលឲ្យបានទាន់ពេល ដើម្បីសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ មានវិធានការអប់រំ បំភ្លឺជូនមហាជនឲ្យបានយល់ពីហេតុការណ៍ដែលបានកើតឡើង និងចំណាត់ការរបស់សមត្ថកិច្ច ដើម្បីឲ្យគេទាំងអស់គ្នារក្សាបាននូវភាពស្ងប់ស្ងាត់ហ្នឹងហ្ន ដោះស្រាយបញ្ហាដោយសន្តិវិធី និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។

អត្ថបទទាក់ទង