រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជេីញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​ ១ខ្សែ​

  • 224
  • ដោយ Admin

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​ ១ខ្សែ ប្រវែង២,៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា​ និងភូមិអកនាគ​ សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង

នៅព្រឹកថ្ងៃចន្ទ១២កេីត​ ខែពិសាខ​ ឆ្នាំថោះ​ បញ្ចស័ក ព.ស២៥៦៦​ ត្រូវនិងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុក​ មុន្នី​ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​ ១ខ្សែ​ មានប្រវែង២,៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា​ និងភូមិអកនាគ​ សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង​។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ​ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង​ ឯកឧត្តម​អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ-អង្គភាពនានាក្នុងខេត្ត​ លោកនាយទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោក​ លោកស្រី​សមាជិកក្រុមប្រឹក្សាក្រុង​ លោក​ លោកស្រី​ អភិបាល​ អភិបាលរងក្រុង លោកនាយក​ នាយករងរដ្ឋបាលសាលាក្រុង​ កងកំលាំងទាំងបី​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាសង្កាត់សង្ឃ័រ​ ព្រះសង្ឃ​ លោកស្រី​ ជាថ្នាក់ដឹកនាំភូមិ​ ប្រជាការពារ​ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា​ ផ្លូវបេតុងមួយខ្សែ១ខ្សែមានប្រវែង២,៧០៧ម៉ែត្រ​ ដែលយេីងបានធ្វេីពិធីសំណេះសំណាល​ បេីកការដ្ឋាននៅភូមិពភ្លា​ និងភូមិអកនាគ​ សង្កាត់សង្ឃ័រ​នៅពេលនេះ​ គឺបានឆ្លើយតបទៅនិងតម្រូវការចាំបាច់ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរលេីផ្លូវ​នេះក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។

ឯកឧត្តមបន្ថែមថា​ សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលបានលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ទន្ទឹមនោះក៏អរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់សង្ឃ័រយើងនេះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ នា ពេលកន្លងមក ដែលនេះគឺពិតជាសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋយើងមានការជឿជាក់ថាមានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេច តេជោ ប៉ុណ្ណោះដែលនៅកៀក រួមសុខរួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំប្រទេសជាតិ ក៏ដូចជាមូលដ្ឋានរបស់យើងឲ្យកាន់តែមានការអភិវឌ្ឍរីកចំរេីនបន្ថែមទៀត ។

ជាទីបញ្ចប់នៃពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន១០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ ក្រមារ១​ និងថវិកា​ ២០,០០០រៀល​។ ក្នុងនោះ​ ប្រជាការពារ​ កម្លាំងសមត្ថកិច្ច​ និងក្រុមការងារជាងស្ថាបនាផ្លូវ​ ក្នុងម្នាក់ៗទទួលបានថវិកា​ ២០,០០០រៀល​ ផងដែរ។

អត្ថបទទាក់ទង