រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ជើញជាអធិបតីកិច្ចផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ឋស្តីពី ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

  • 306
  • ដោយ Admin

នៅថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោក​ ឯម​ សុត​ ប្រធាន​ គ.ខ.ប​ ខេត្ត បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ឋស្តីពី ការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី៖

អនុប្រធាន និងសមាជិក គ.ខ.ប​ ប្រធាន និងអនុប្រធាន លគ.ខប ស្វាយរៀង,តំណាងកងកម្លាំងទាំង ៣ ប្រភេទ,លោកអភិបាល/អភិបាលរងក្រុង ស្រុកទាំង ៨,តំណាងមន្ទីរព័ត៌មានខេត្ត,តំណាងគណបក្សនយោបាយ,តំណាងអង្គការមិនមែនរដ្ឋាភិបាល​ និងមន្ត្រីបោះឆ្នោតនៃ លគ.ខប ស្វាយរៀង។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមបានថ្លែងការកោតសសើចំពោះលោក លោកស្រី និងអ្នកនាងកញ្ញាទាំងអស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី “ការចាប់ផ្ដើមដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣” ដែលបាននិងកំពុងប្រារព្ធធ្វើនៅសាលប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងនាឱកាសនេះ ។

ឯកឧត្តមបានដាក់ចេញនូវសំណូមពរមួយចំនួនដល់ភាគីពាក់ព័ន្ធអនុវត្តដូចខាងក្រោម ៖

១. ចំពោះគណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ត្រូវត្រៀមលក្ខណៈ និងឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ទុកជាមុន ដើម្បីយកទៅដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប ឱ្យបានទាន់ពេលវេលាកំណត់

២.ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ ក៏ត្រូវត្រៀមរៀបចំឯកសារពាក់ព័ន្ធដូចគ្នាដែរ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងគោលដៅជំរុញឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោតជាធរមាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។

៣. ស្នងការដ្ឋាននគរបាលខេត្ត ដែលជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខបោះឆ្នោតឱ្យបានច្បាស់លាស់ សំដៅធានាបាននូវបរិយាកាសបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយរលូនល្អ សន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ ឬ/និងអំពើហិង្សា។

៤.អភិបាលក្រុង ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្ស នយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

៥.អភិបាលក្រុង ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួលក្នុងការចេញលិខិតបញ្ជាក់ពីភាពមានឈ្មោះរបស់ភ្នាក់ងារគណបក្សនយោបាយក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ជូនភ្នាក់ងាររបស់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៦.គ្រប់ភាគីពាក់ព័ន្ធត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីចូលរួមលើកកម្ពស់ភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជាឱ្យកាន់តែល្អប្រសើរ។

៧.មន្ទីរព័ត៌មានខេត្តស្វាយរៀង ត្រូវផ្ដល់កិច្ចសហការល្អជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និងជួយផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តស្វាយរៀង តាមការស្នើសុំរបស់ គ.ខ.ប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបោះឆ្នោត។

អត្ថបទទាក់ទង