រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន វិបុល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុសមន ស្រុករំដួល។

  • 343
  • ដោយ Admin

ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុសមន ស្ថិតនៅក្នុងឃុំបុសមន ស្រុករំដួល​ ខេត្តស្វាយរៀង

​នៅព្រឹកថ្ងៃអាទិត្យ៥កេីត​ ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ​ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុសមន ស្ថិតនៅក្នុងឃុំបុសមន ស្រុករំដួល​។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំបុសមនក៏ដូចជានៅទូទាំងស្រុករំដួល ។

ឯកឧត្តមបន្តថា​ សមិទ្ធផលដែលកើតឡើងនៅទីវត្តបុសមននេះ គឺមិនមែនកើតឡើងដោយចៃដន្យ នោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។​ កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែក កសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែងសមិទ្ធផល ជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តបុសមនយើងនេះ គឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ទាំងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជាមកពីទីកន្លែងផ្សេងៗ ។

ឯឧត្តមបានអំពាវនាវទៅកាន់ពិធីនេះនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។

២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា​ ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ។

៣.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាន នូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។

៤.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។៥.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវ បន្ត យកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ការងារបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងការពារ សន្តិ សុខ សុ វត្ថិភាព ឲ្យ បាន ល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ។

៦.ទន្ទឹមនេះ ក៏សូមសំណូមពរបងប្អូនប្រជាពលរដ្ឋយើងបន្តអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូស ជំរុញ ដើម្បីពង្រឹងភាពស៊ាំសហគមន៍ឲ្យបានកាន់តែរឹងមាំ។

៧.សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមឯកសារឲ្យបានគ្រប់គ្រាន់សម្រាប់ បម្រើឲ្យការបោះឆ្នោត និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ជាចុងបញ្ចប់នៃពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបាន​ ផ្តល់ជូននូវថវិការបស់​ឯកឧត្តម​ និងថវិកាលោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ចំនួន១៥លានរៀលសម្រាប់កសាងវត្ត​ និងថវិកា៣០០០ដុល្លារ​ សម្រាប់កសាងសាលាបឋមសិក្សា​ ហ៊ុន​ សែន​ បុសមនលេី​ និងអំណោយរបស់ឯកឧត្ដម សុខ ឥសាន និងឯកឧត្ដម យឺន រី និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនរួមមាន​ ផ្ដល់ជូន យាយជី តាជី ១១០នាក់ ក្នុងម្នាក់ៗ ឃីត ១កញ្ចប់,ប្រជាពលរដ្ឋ ៣៥០នាក់ ប្រជាការពារ ៣៦នាក់ និងមេភូមិ អនុភូមិ សមាជិកភូមិ​ ក្នុងម្នាក់ៗ សារុង ១​,​លោកគ្រូ អ្នកគ្រូ ​១១នាក់ ​ក្នុងម្នាក់ៗ ថវិកា ៥០.០០០៛​ សិស្សានុសិស្ស ២៨០នាក់ យុវជនស.ស.យ.ក ១០នាក់ និងយុវជនកាកបាទក្រហម ២០នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិក ១ដើម និងថវិកា ៥.០០០៛។

អត្ថបទទាក់ទង