ក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមអភិបាលខេត្តស្វាយរៀង និងពិភាក្សាការងារស្តីពីពង្រឹងប្រសិទ្ធភាពអធិការកិច្ចហត្ថពលកម្មបរទេស...
នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតអោយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅភូមិសាស្ត្រខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមានប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោកអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ។
មានប្រសាសន៍នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានថ្លែងការស្វាគមន៍ និងជម្រុញដល់ក្រុមការងារអធិការកិច្ច និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធត្រូវមានកិច្ចសហការល្អក្នុងការចុះបំពេញការងារដោយផ្តោតលើការចុះធ្វើអធិការកិច្ចចំពោះកម្មករ និយោជិតបរទេសដែលកំពុងធ្វើការ និងស្នាក់នៅជាក់ស្តែងតាមរោងចក្រ សហគ្រាសឱ្យបានច្បាស់លាស់ ដេីម្បីជាការួមចំណែកក្នុងការតាមដាន និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដែលអាចលួចលាក់បង្កប់ធ្វើសកម្មភាពតាមទីតាំងរោងចក្រ សហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេសនានាជាដើម ក្នុងករណីប្រសិនបើមានទីតាំងណាគេចវេះ ឬមិនផ្តល់កិច្ចសហការ ត្រូវអនុវត្តវិធានការតាមច្បាប់ ។
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការគាំទ្រចំពោះបេសកកម្មទៅលេីការងារអធិការកិច្ចហត្ថពលកម្មបរទេសដែលឆ្លៀតពេលវេលាដ៏មានតម្លៃចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅពេលនេះ ដើម្បីជាធាតុចូលលេីការពង្រឹងប្រសិទ្ធភាពការងារនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងស្របតាមផែនការសកម្មភាព មុនពេលក្រុមការងារចុះប្រតិបត្តិការផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា៕






















