រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោក ម៉ែន អេង បានដឹកនាំកម្លាំងចម្រុះចុះបើកស៊ីល និងធ្វើការត្រួតពិនិត្យសម្ភារៈ ស្ថិតនៅផ្ទះលេខ K12 ក្រុងបាវិត

  • 17
  • ដោយ Admin

អាជ្ញាធរខេត្តស្វាយរៀង ចុះបើកស៊ីល និងត្រួតពិនិត្យសម្ភារៈអេឡិចត្រូនិចរាប់រយគ្រឿង ព្រមទាំងដកហូតទំនិញសង្ស័យគេចពន្ធមួយចំនួនធំ នៅក្រុងបាវិត...

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះបើកស៊ីល និងធ្វើការត្រួតពិនិត្យសម្ភារៈ ស្ថិតនៅផ្ទះលេខ K12 ក្នុងបុរី អ៊ែល តារា ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ប្រតិបត្តិការនេះ មានការចូលរួមសហការពី លោកវរសេនីយ៍ឯក ឡាយ ចន្នី ស្នងការរងនគរបាលខេត្ត លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត និងមន្ត្រីជំនាញនៃសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ សមត្ថកិច្ចបានរកឃើញសម្ភារៈ និងឧបករណ៍អេឡិចត្រូនិចជាច្រើន រួមមាន៖ -ជាន់ផ្ទាល់ដី៖ កុំព្យូទ័រលើតុចម្រុះ ចំនួន ៣២គ្រឿង, ធុង CPU ចំនួន ១០គ្រឿង និងដុំទប់ភ្លើង ចំនួន ៤៨គ្រឿង។

-ជាន់ទី១៖ កុំព្យូទ័រលើតុ ចំនួន ១៤៨គ្រឿង, ធុង CPU ចំនួន ៤២គ្រឿង និង ៥កេស, អេក្រង់កុំព្យូទ័រលើតុ ចំនួន ៦កេស, កាស ចំនួន ១២កេស, ដុំ WiFi ចំនួន ៩គ្រឿង និងខ្សែ WiFi ចំនួន ១២កេស។

-ជាន់ទី២៖ កុំព្យូទ័រលើតុ ចំនួន ២៥០គ្រឿង, ធុង CPU ចំនួន ៦២គ្រឿង, ក្តារចុច (Keyboard) ចំនួន ១៦កេស, ទូរទស្សន៍ (Sony 55 អ៊ីញ) ចំនួន ៤គ្រឿង, កាមេរ៉ា ចំនួន ៧កេស, ឧបករណ៍បំពងសំឡេង (បាស AD116) ចំនួន ៣០គ្រាប់ ព្រមទាំងសម្ភារៈអេឡិចត្រូនិចមួយចំនួនធំផ្សេងទៀត។

ចំពោះសម្ភារៈ និងគ្រឿងអេឡិចត្រូនិចខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឈ្មោះ គង់ តាយ ដែលជាម្ចាស់ផ្ទះ ដើម្បីគ្រប់គ្រង និងថែរក្សាជាបណ្តោះអាសន្ន ដោយហាមឃាត់មិនឱ្យមានការចល័ត ឬយកចេញទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតជាដាច់ខាត។ ដោយឡែក ចំពោះសម្ភារៈដែលមន្ត្រីសាខាគយ និងរដ្ឋាករខេត្ត សង្ស័យថាជាទំនិញគេចពន្ធ រួមមាន៖ កុំព្យូទ័រចម្រុះ សរុបចំនួន ៥៧៩គ្រឿង (ក្នុងនោះមាន៖ Laptop ចំនួន ១៥គ្រឿង, អេក្រង់ LED Monitor ចំនួន ១៤៩គ្រឿង, Monitor ប្រភេទកោង ចំនួន ៣គ្រឿង, កុំព្យូទ័រ All in One 23.8 អ៊ីញ ចំនួន ១០គ្រឿង, កុំព្យូទ័រ All in One 24 អ៊ីញ ចំនួន ២៩៥គ្រឿង និងកុំព្យូទ័រ All in One 27 អ៊ីញ ចំនួន ១០៧គ្រឿង)ទូរស័ព្ទដៃចម្រុះ សរុបចំនួន ៥២៥គ្រឿង។

បច្ចុប្បន្ន ទំនិញដែលសង្ស័យថាគេចពន្ធទាំងអស់ខាងលើ ត្រូវបាននាំយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅបរិវេណការិយាល័យគយ និងរដ្ឋាករបាវិត ក្រោមការត្រួតពិនិត្យ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញ ដើម្បីរង់ចាំការសម្រេច និងចំណាត់ការបន្តពី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្របតាមនីតិវិធីច្បាប់៕

អត្ថបទទាក់ទង