កិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តស្វាយរៀងនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង
នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តស្វាយរៀងក្រោមអធិបតីភាពឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមប្រតិភូអមឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានផ្នែក ឯកឧត្តមដែលជាគ្រូបង្គោលប្រចាំតំបន់ លោកស្នងការរងនគរបាលខេត្ត ឯកឧត្តមដែលជាគ្រូបង្គោលប្រចាំខេត្តស្វាយរៀង លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកអភិបាលក្រុង/ស្រុកទាំង៨ ព្រមទាំងឯកឧត្តម លោកជំទាវ នាយក នាយិកា មាតាបិតា តំណាងអាណាព្យាបាលសរុបវត្តមានប្រមាណ៣០០នាក់។
មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំង ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នាឱកាសនេះ។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តស្វាយរៀង វិស័យអប់រំយុវជន និងកីឡាខេត្ត មានសាលាមត្តេយ្យគ្រប់ប្រភេទចំនួន ៤៨៩សាលា សាលាបឋមសិក្សាចំនួន ២៦២សាលា អនុវិទ្យាល័យចំនួន ៥៣ និងវិទ្យាល័យចំនួន ២១សាលារៀន សាលាធនធាន ២សាលា ជំនាន់ថ្មី ២សាលា និងមធ្យមសិក្សាបច្ចេកទេស ១កន្លែង។
ឯកឧត្តមបន្តទៀតថា ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំដែលជាអនុសាសន៍គន្លឹះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញមកបិទសន្និបាតបូកសរុបលទ្ធផលការងាអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ មានអនុសាសន៍ ៤ចំណុច ដូចខាងក្រោម៖
១- ពង្រឹងនិងបង្កើនប្រសិទ្ធិភាពការគ្រប់គ្រងសាលារៀន។
២- រៀបចំសកម្មភាពបន្ថែមក្រៅម៉ោងសិក្សា៣- ការយកចិត្តទុកដាក់លើសុខភាពសិក្សាកម្មវិធីអាហារូបត្ថម្ភដល់កុមារ។
៤- ជំរុញការលើកទឹកចិត្តការចូលរួមរបស់សហគមន៍។
ទន្ទឹមនេះ សាលារៀនដែលក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យ និងវាយតម្លៃជាសាលារៀនគោលដៅ (គ.វ.អ ) ចំនួន ៨សាលាដែលស្ថិតនៅ ៦ឃុំ និង ២សង្កាត់ ក្នុងនោះក្រុងស្វាយរៀង ២សាលានិងស្រុកស្វាយជ្រំ ៦សាលា។






























































































