រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

​សក្តានុពលវិនិយោគ

  • 2.7ពាន់
  • ដោយ Admin

សក្តានុពល​​​ខេត្តស្វាយរៀង​ពឹង​ផ្អែល​វិស័យ​សំខាន់ៗ​ជា​ច្រើន​រួមមាន៖

-វិស័យកសិកម្ម  ក្នុងឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបាន​ លើផ្ទៃដីសរុប ១៦៩.៩៧៣ហ.ត ស្មើនឹង ១០១,៤៨% នៃផែនការ ១៦៧.៥០០ហ.ត​ ទិន្នផលជាមធ្យម ២,៨ តោន/ហ.ត រីឯស្រូវប្រាំង និងស្រូវ​ប្រដេញទឹក សម្រេចបាន ២០.៩៤០ហ.ត ទិន្នផលគិតជាមធ្យម ៤តោន/ហ.ត ។ ដំណាំរួមផ្សំ និង​ដំណាំ​កសិ-​​ឧ​ស្សាហកម្ម បានដាំដុះលើផ្ទៃដី ១៤.៥៧៧ហិកតា។ បានប្រមូលផលស្រូវស្រាលដើមរដូវ លើផ្ទៃដី ១៥.២១៩​ហិ​ក​តា។

ផែ្នកថាមពលអគ្គិសនី និងទឹកស្អាតៈ ថាមពលអគ្គិសនី ដែលប្រើប្រាស់ក្នុងខេត្តស្វាយរៀង គឺ​ផលិតផ្ទាល់ខ្លួន ទិញពីប្រទេសវៀតណាម​  ភ្នំពេញ អនុស្ថានីយ៍ច្រកម្ទេស សរុបទាំងអស់ ២៦៨.០៦​៨​.៩​៤​៦- គីឡូវ៉ាត់ម៉ោង​​ តម្លៃថាមពលអគ្គិសនី ៦៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង គ្រួសារមាន​អគ្គិសនី​​ប្រើប្រាស់​ចំនួន​៧៧.៦១៧គ្រួសារ ។ ចំពោះការងារផ្គត់ផ្គង់ទឹកស្អាតក៏បាន រៀបចំ​ប្រព័ន្ធ​បណ្តាញ​ទឹកស្អាត ដើម្បី​ផ្គត់​ផ្គង់ជូនប្រជាពលរដ្ឋតាមទីប្រជុំជនក្រុងស្វាយរៀង ប្រសូ​តិ កំពង់ចក តម្លៃ ១.២០០រៀល ក្នុង​មួយ​ម៉ែត្រគូប គ្រួសារដែលមាន​ទឹកស្អាត​ប្រើប្រាស់​ចំនួន ៧.៧៥១ គ្រួសារ ។

​​វិស័យ​​​ឧស្សាហកម្ម និង​ការកែច្នៃ​ក្នុង​ខេត្តរួមមាន​ ៖ ខេត្តស្វាយរៀង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះបានក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញប្រកប​ដោ​យ​សក្ដានុពល ដោយមានអ្នកវិនិយោគមកបណ្ដាក់ទុនកើនឡើងជាបន្ដបន្ទាប់ រហូតដល់បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៨ កន្លែង ។ មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានឯកជនចំនួន ២០៥កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋ ប្រមាណ ៧៨.៤៩៦នាក់ ស្រី ៤៩.២០៨នាក់ ដែលបានចូលរមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង ។

-វិស័យទេសចរណ៍​​ខេតស្វាយរៀង​រួមមាន

១.​រមណីយដ្ឋានប្រាសាទព្រៃបាសាក់៖ ព្រៃបាសាក់ ឬព្រៃប្រាសាទ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានចម្ងាយ ៨,៥គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ។ យើងអាចធ្វើដំណើរដោយរថយន្តតាមផ្លូវបេតុង ប៉ុន្តែនៅរដូវវស្សាយើងក៏អាចធ្វើដំណើរតាមផ្លូវទឹកនៃដងទន្លេវ៉ៃគោក្នុងចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ។ ព្រៃបាសាក់មានផ្ទៃដីសរុប ០៩ហិកតា ២៤អា និង ៩៨សង់ទីអា មានព្រំប្រទល់ខាងជើង និងខាងកើតជាប់នឹងទន្លេវ៉ៃគោ ខាងត្បូង និងខាងលិចជាប់នឹងភូមិអ្នកស្រុក ។ នៅចំកណ្ដាលព្រៃបសាក់មានប្រសាទចំនួនពីរ គឺទួលប្រសាទ និងទួលគក់សំពៅ ទួលទាំងពីរនេះឃ្លាតគ្នាប្រវែងប្រមាណ ១០០ម៉ែត្រតែប៉ូណ្ណោះចំណឺកឯទួល​ប្រសាទគឺមានសេសសល់«ទួលប្រាងប្រាសាទ»មួយចំហៀងមានកម្ពស់ ២ម បណ្ដោយ ៥ម សង់ឡើងពីឥដ្ឋធំៗ ។ ប្រាង្គនេះសាងឡើងប្រហែលសតវត្សទី៦ រចនាបទសំបូរព្រៃគុហ៍មកម្លេះ ហើយលើទួលប្រសាទនេះដែរសុទ្ធសឹងជាគ្រឹះថ្ម ដែលបានតម្រៀបជាថ្នាក់ៗ​ជាប្រភេទថ្មបាយក្រៀម និងដុំឥដ្ឋធំៗ។ ចំណែកទួកគក់សំពៅមានសណ្ឋានដូចជាសំពៅវែងប្រវែងប្រមាន ២៥ម កម្ពស់ ៤ម ចំណែកឯជាយសងខាងនៃទួលមានតម្រៀបដោយថ្មបាយក្រៀម និងដុំឥដ្ឋជាថ្នាក់ៗផងដែរ ។

២.ប្រសាទជីហោ៖ប្រសាទជីហោ គឺជាប្រសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង ស្ថិតនៅតំបន់ឦសាននៃទីរួមខេត្តស្វាយរៀង ចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ។ ប្រសាទនេះ កសាងឡើងក្នុងកំឡុងសតវត្សទី៦(លំនាំរចនាបទសំបូរព្រៃគុហ៍)សង់នៅលើទីទួលមួយកន្លែងមានកម្ពស់ ៣ម៉េត្រ ទំហំ ៥០ម៉ែត្រ បួនជ្រុង ប្របតាមមាត់ទន្លេជាប់ព្រំប្រទល់ដែន កម្ពុជា-វៀតណាម ។ រីឯតួប្រសាទធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀមពីទិសខាងកើត ក្រៅពីនេះ មានសុទ្ធតែទ្វារបង្អួចបញ្ឆោតបិទជាប់ជញ្ជាំង ។ ចំពោះទ្វារ មេបង្អួច ក្បាច់ផ្ងា និងក្បាច់ផ្សេងៗទៀត ធ្វើអំពីដីដុតទាំងអស់ ។

៣.រមណីយដ្ឋានធម្មជាតិព្រៃគគីរ៖ព្រៃគគីរ គឺជារមនីយដ្ឋានធម្មជាតិដែលសម្បូរទៅដោយដើមគគីរជាច្រើនដើមដុះព័ទ្ធជុំវិញ ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងបរិវេណសគមន៍ព្រៃឈើចម្ការកូនគគីរ ក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងចម្ងាយ ៣២គីឡូម៉េត្រពីទីរួមខេត្តស្វាយរៀង ។ យើងអាចធ្វើដំណើរទៅទីនោះបាន ដោយចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ។ នៅទីនោះមាសស្រះទឺកធំមួយនីចំកណ្ដាលព្រៃ មានរុក្ខជាតិតូចធំដុះពេញព្រៃ មានដូចជា ដើមគគីរ ដើមស្មាច់ និងមានការរៀបចំសង់ជាស្ពានសម្រាប់ដើរទស្សនាព្រៃអាកាសស្យា និងសួនផ្កាចម្រុះពណ៌លម្អយ៉ាងស្រស់បំព្រង ។ នៅរមណីដ្ឋានព្រៃគគីរក៏មានលក់អាហារដ៏មានរសជាតិឆ្ងាញ់តាមបែបធម្មជាតិ ដែលបានមកតាមរយៈការផ្គត់ផ្គង់ពីកសិករមានបន្លែ ត្រី មាន់ និងទា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះទទួលបានប្រាក់ចំណូលតាមរយៈរមណីដ្ឋាននេះដែរ ។

៤.រមណីដ្ឋានធម្មជាតិទឹកវិល៖ ទឹកវិល គឺជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។ រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ ៤២គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ។ ទឹកវិលជាតំនប់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឲ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាពដ៏ខៀវស្រងាត់ជុំវិញបឹងនេះ និងមានខ្ចុះសម្រាប់ភ្លៀវសម្រាក់ពិសារអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់បែបធម្មជាតិ។ ពីមួយថ្ងៃទៅមួយថ្ងៃរមណីដ្ឋាននោះ ទទួលភ្ញៀវទេសចរណ៍អញ្ជើញមកកម្សាន្តច្រើនគួរសម ។

-​វិស័យ​​អប់រំ​​នៅ​ក្នុង​ខេត្ត​មាន៖វិស័យអប់រំសិក្សាធិការៈ នៅទូទាំងខេត្ត មានសាលាគ្រប់ភូមិសិក្សារួមមាន៖ សាលា​មត្តេយ្យ​របស់​រដ្ឋចំនួន ១៧២កន្លែង មត្តេយ្យសហគមន៍ ៣១២ថ្នាក់ បឋម ២៦២ កន្លែង អនុវិទ្យាល័យ ៥៤ កន្លែង (ថយ០១កន្លែង) និងវិទ្យាល័យ ២០ កន្លែង (វិ.ចំណេះទូទៅ-បច្ចេកទេស០១ កន្លែង និងសាលារៀន​ជំនាន់ថ្មី០១ កន្លែង) សាលាគរុកោសល្យ និងវិក្រឹត្យការ០១​កន្លែង សាលាបំពេញវិជ្ជារៀបរយ០១កន្លែង និងសាកលវិទ្យាល័យ០១កន្លែង ។

វិស័យវិនិយោគឯកជនៈ បច្ចុប្បន្ន ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការ​ ០៨កន្លែង គឺតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត តំបន់សេដ្ឋកិច្ច​ពិសេសសានដុង តំបន់សេដ្ឋកិច្ចពិសេសនាគរាជ តំបន់សេដ្ឋកិច្ចពិសេសឈីលូ ​តំបន់សេដ្ឋកិច្ច​ពិសេស​ហាយផាក តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត និងតំបន់សេដ្ឋកិច្ច​ពិសេស​អ៊ិនធ័រវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ ។ នៅទូទាំងខេត្តមាន​រោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិ​ជ្ជ​​កម្ម ទេសចរណ៍ សណ្ឋាគារ និងគ្រឹះស្ថាន សរុប ២៣៥​កន្លែង​ បានបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋចំ​នួន ៨០.១៦២នាក់ ស្រី ៤៨.៨២៩នាក់ រួមចំណែកកាត់បន្ថយការធ្វើ​ចំណាកស្រុកទៅរក ការងារ​ធ្វើ​នៅ​ក្រៅខេត្ត និង​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​បានមួយ​កម្រិត ។