រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ប៉េង ពោធិ៍សា បានអនុញ្ញាតឱ្យក្រុមការងារចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីសេវាប្រៃសណីយ៍

  • 68
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឱ្យឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងក្រុមការងារចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីសេវាប្រៃសណីយ៍ ជូនឯកឧត្តមអភិបាលខេត្ត និងការិយាល័យ/អង្គភាពពាក់ព័ន្ធនៃសាលាខេត្តស្វាយរៀង។

ជំនួបនេះដែរ​ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ថេន សំវិសុទ្ធ បានរៀបរាប់ជូនអំពីសេវាប្រៃសណីយ៍ (ប្រមូល បញ្ជូន ចែក លិខិតនិងកញ្ចប់បញ្ញើ) ទាំងក្នុង និងក្រៅប្រទេស សេវាចែកដល់គោលដៅចុងក្រោយជូនស្ថាប័ន ក្រសួង មន្ទីរ ក្រុមហ៊ុន ធនាគារ និងសេវាបញ្ជូនលិខិតវិលជុំរបស់តុលាការ។ ឯកឧត្តមបន្ថែមទៀតថា ថ្មីៗនេះប្រៃសណីយ៍កម្ពុជាក៏បានសហការជាមួយសាលារដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តមួយចំនួន ដើម្បីផ្តល់សេវាចែកចាយលិខិត ឬឯកសារសម្រេច ជូនប្រជាពលរដ្ឋដែលមកទទួលយកសេវាសាធារណៈពីអង្គភាពច្រកចេញចូលដល់ទីលំនៅ ដើម្បីជួយសម្រាលបន្ទុកនិងពេលវេលារបស់គាត់។

ឯកឧត្តមបន្តថា​ ការផ្តល់សេវានេះជូនប្រជាពលរដ្ឋ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ លោកអគ្គនាយកប្រៃសណីយ៍ បានស្នើសុំឱ្យមានការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ដើម្បីធ្វើឱ្យកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជា ជាមួយសាលាខេត្តជាពិសេសអង្គភាពច្រកចេញចូលតែមួយរបស់សាលារដ្ឋបាលខេត្តស្វាយរៀង​ ឱ្យមានភាពរលូនល្អ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការគាំទ្រចំពោះសេវាកម្មប្រែសណីដែលមានបំណងរៀបចំសេវាកម្មនេះឡេីងនៅខេត្តស្វាយរៀង​ ទាំង​នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ជាពិសេសការឯកភាពជាគោលការណ៍ក្នុងការដាក់ឱ្យមានសេវាប្រៃសណីយ៍នៅតាមអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តស្វាយរៀង ដោយឈរលើគោលការណ៍ជាសេវាជម្រើសសម្រាប់ប្រជាពលរដ្ឋ និងដោយស្ម័គ្រចិត្ត ហើយអនុញ្ញាតឱ្យប្រៃសណីយ៍កម្ពុជាចុះអនុស្សារណៈយោគយល់ជាមួយសាលាខេត្តស្វាយរៀងនៅពេលខាងមុខនេះផងដែរ៕