រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ប្រវត្តិខេត្តស្វាយរៀង

  • 24.2ពាន់
  • ដោយ Admin

ប្រវត្តិខេត្តស្វាយរៀង

ស្រាវជ្រាវ ចងក្រងដោយ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ដស្វាយរៀង

​បោះពុម្ពផ្សាយ​ នៅខែមករា ឆ្នាំ២០១៩
ស្រាវជ្រាវ និងចងក្រងដោយ  ៖ ឯកឧត្ដម   ម៉ែន វិបុល   អភិបាលខេត្តស្វាយរៀង

                         ជំនួយការរៀបចំ ៖

  • លោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្ដ
  • ​លោក ចាង វី (នាយករងទីចាត់ការរដ្ឋសាលាខេត្ត)
  • លោក ឆាយ ភារិត (​ នាយករងទីចាត់ការរដ្ឋសាលាខេត្ដ)
  • លោក ទំ ភក្តិ (ប្រធានការិយាល័យសាលាខេត្ត)
  • លោក ឈុន យ៉ាន (អនុប្រធានការិយាល័យសាលាខេត្ត)
  • លោក ញាណ សុនភីរៈ (អនុប្រធានការិយាល័យសាលាខេត្ត)

ផ្នែកទី១

អំពីសាវតារខេត្ត

១.ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត

ខេត្ដស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាង​លិច និងខាងជើង​​​ទល់​នឹង​​ខេត្តព្រៃវែង ខាងកើត និង​ខាងត្បូងទល់នឹងខេត្តតៃនីញ​និ​ងខេត្ដឡុងអាន ប្រទេស​វៀតណាម ប្រមាណ ២៥៨ គ.ម ។ ប្រជាជនបច្ចុប្បន្នមាន ជាង៦០​ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន ២.៩៦៦,៤០ គ.ម​ ។ ប្រជាជនភាគច្រើន នៃខេត្ដនេះ មានមុខរបរដាំដំណាំស្រូវ ប្រជាជនជាទូទៅមាន សម្បុរសណ្ដែកបាយ ប្រើប្រាស់​ភាសាខ្មែរ និងតាមតំបន់ព្រំដែនប្រើប្រាស់ភាសាកំឡាយខ្លះជាមួយភាសា វៀតណាម ។ ទម្លាប់នៃការប្រើប្រាស់ភាសាបញ្ជាក់ទម្ងន់ឃ្លា គេច្រើននិយាយ «មែនតើ មែនក៏អី អត់តេ ឬតេ….» ។ នេះជាពាក្យគ្រាម​ភាសា និយាយចំតួអក្សរ ច្បាស់ៗ កំបុតៗ ដែលអ្នកខេត្ដដទៃ ច្រើនលើកទៅនិយាយលេងសើច ឬ​ចំអក ដល់អ្នកខេត្ដស្វាយរៀង ។ ការបរិភោគប្រចាំថ្ងៃ អ្នកក្រៅខេត្ដតែងនិយម ហៅប្រជាជនខេត្ដស្វាយរៀង ជាម្ចាស់នៃញាំភ្លា ផ្កាស្ដៅ ឬសម្លកកូរកណ្ដៀង រហូតមានភូមិមួយ អ្នកស្រុកហៅថា ភូមិកណ្ដៀងរាយ ។ ឥរិយាបទប្រជាជន និយម ចូលចិត្ដរាប់អានញាតិមិត្ដ ស្មោះត្រង់ មានចរិតក្លាហាន​ និងគោរពព្រះពុទ្ធសាសនាជា​ធំ ហេតុនេះហើយ ទើបតាមឃុំមួយចំនួន គេឃើញមានការកសាងវត្ដអារាម ដោយឃុំខ្លះមាន ២ ឬ ៣​វត្ដអារាម ។ ផ្អែកតាម ទំនៀមទំលាប់ប្រពៃណីវិញ ប្រជាជនខេត្ដនេះ មានការគោរពទំនៀមទំលាប់ប្រពៃណីតឹងតែង​ក្នុងពិធីបុណ្យផ្សេងៗ ពិធីមង្គលការកូន ឬបុណ្យឡើងអ្នកតា បុណ្យទានតាមផ្ទះ បុណ្យបូជាសពជាដើម​ ។ ផ្ទៃដីនិងសណ្ឋានដីនៃខេត្តនេះ ជាតំបន់វាលរាប និងមានបឹងបួរដោយកន្លែង ដីពុំសូវមានជីវជាតិ ដែល    ជាហេតុនាំឱ្យ​ដំណាំមួយចំនួនពុំអាចផ្ដល់ផ្លែផ្កា ឬផលានុផលតាមការចង់បានដូចដីនៅតំបន់មាត់ទន្លេមេគង្គ ឬតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ខ្ពង់រាបដីក្រហម ឡើយ ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនខ្លះបានសាកល្បងដាំដំណាំកសិ-ឧស្សាហកម្ម ដូចជា កៅស៊ូ អំពៅ ដំឡូងមី នៅស្រុករមាសហែក រំដួល និងស្វាយទាប ។ នៅបណ្ដាស្រុកខ្លះ និងឃុំមួយចំនួន ប្រជាពលរដ្ឋមានការលំបាកដោយខ្វះទឹក     ដូចជា ឃុំទួលស្ដី និងឃុំចន្ទ្រា ទឹកក្នុងដីមានរសជាតិជូរ និងប្រៃ ហើយកន្លែងខ្លះខ្វះប្រភពទឹកជាដើម ដែលជាហេតុធ្វើឱ្យការរស់នៅតំបន់នោះជួបការលំបាក ។ ស្ថានភាព​​ភូមិសាស្រ្តក្នុងផែនទីរបស់ខេត្ត មាន​រាងជាជំពុះទា ដែលមានខ្សែព្រំដែនលយចេញ និងចូល ទៅតាមសណ្ឋានដីដែលបារាំងបានគូសវាស់ និងបន្សល់ទុក ។ បច្ចុប្បន្ន ដោយមានការវិនិយោគពីអ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ​ជាពិសេស​ក្នុងវិស័យ​វាយនភណ្ឌ តាមរយៈរោងចក្រកាត់ដេរ បានផ្ដល់ការងារជូនប្រជាជន និងចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងខេត្ត ឱ្យមានភាពប្រសើរឡើងជាលំដាប់ ។

២. អំពីទន្លេវ៉ៃគោ

ទីរួមខេត្ដស្វាយរៀង​ ភាគខាងកើត និងខាងត្បូងហ៊ុំព័ទ្ធដោយទន្លេវ៉ៃគោ ដែលឈ្មោះទន្លេវ៉ៃគោនេះ ជាទម្លាប់ហៅរបស់អ្នកស្រុក ក្នុងអំឡុង ស.វទី១២-១៣ ស្របពេលជាមួយនឹងការកើតខេត្ត​រោងដំរី ([1])

ទន្លេនេះ  មានជម្រៅជ្រៅ  អាចផ្ទុកទឹកជាច្រើនលានម៉ែត្រគូបបម្រើវិស័យកសិកម្ម និងផ្ដល់ពូជត្រីគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រជាជនខេត្ដស្វាយរៀង មួយភាគ ។  ពាក់ព័ន្ធនឹងទន្លេនេះ តាមសាវតារ​​បញ្ជាក់ថា ដើមឡើយ​ទន្លេនេះកើតឡើងពីធម្មជាតិ និងមានជម្រៅល្មមអាចសំពៅ និងទូកនានា​អាចធ្វើដំណើរបាន ។ សម័យដើម ពុំមានផ្លូវថ្នល់ ឬស្ពានឆ្លងកាត់ទន្លេនេះ ទើបអ្នកជំនួញ ឬ     អ្នកដំណើរ​​​តែងតែប្រើប្រាស់ផ្លូវទឹកទន្លេនេះ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់ និងមានដៃទន្លេភ្ជាប់ទៅភាគ     ខាងក្រោម​​​​នៃប្រទេសផងដែរ ។ ការធ្វើចរាចរណ៍ដោយសំពៅនេះហើយ ទើបបន្សល់នូវទួលបូរាណមួយចំនួន ដែលមាន​​ឈ្មោះថា ទួលសំពៅ ឬទួលកប់សំពៅ ដូចជានៅរមណីយដ្ឋានព្រៃប្រាសាក់ជាដើម ។ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេតែង​ធ្វើជំនួញជួញដូរជាមួយជនជាតិចិន អណ្ណាម ដោយ​ផ្អែក​លើផ្លូវទឹក ពិសេសទន្លេនេះមានលក្ខណៈអំណោយផលដល់ទូក សំពៅ តូចធំ អាចចេញ-ចូល​បាន​ក្នុងការដោះដូរទំនិញផ្សេងៗ ។ ឈ្មួញ​ និងអ្នកស្រុក តែងតែ «វ៉ៃគោ» ឱ្យឡើងទូក ឬសំពៅ ឬដើម្បីចម្លងទៅត្រើយម្ខាងនៃទន្លេ ហើយ​ក៏​មាន​​​​ទម្លាប់ហៅថា «ទន្លេវ៉ៃគោ» តរៀងមក ហើយពាក្យ «វ៉ៃ» នេះ ក្លាយមកពីពាក្យ «វាយ» ដែលមានន័យដូចគ្នា (ឯកសារ.បណ្ឌិត សារិន ឆាក) ។ អំឡុងឆ្នាំ ១៨៧០ លោក Bertaux([2]) ប្រធានឋានលេខាគណិតសុរិយាដី រួមនិងលោក Du Cos([3]) បានគូសផែនទីក្នុងពេលធ្វើអាណានិគម ដោយ​បានធ្វើការបែងចែកទន្លេនេះជាពីរផ្នែក គឺទន្លេវ៉ែគោ​ខាងកើត(ទន្លេវ៉ៃគោ​ធំ) ស្ថិតក្នុងទឹកដីកូស៊ាំងស៊ីន និងទន្លេវ៉ៃគោខាងលិច (ទន្លេវ៉ៃគោតូច) ស្ថិតក្នុងទឹកដីកម្ពុជា ។ ទន្លេវ៉ៃគោខាងលិច មានប្រភពនៅបាភ្នំ ហូរចុះទៅដីទំនាប ទៅតំបន់ក្រាំងស្លាឦសានបាភ្នំ ហូរតម្រង់ចូលបឹងមេសាង រួចហូរកាត់វាលទំនាបជីផុច ទើបហូរចូលខេត្ដស្វាយរៀង ពីកំពង់របោះព្រីង ទៅដល់ឃុំបាយ៉ាប ឆ្លងទៅវៀតណាម ។ រីឯទន្លេវ៉ៃគោខាងកើត មានប្រភពពីទន្លេតូចខេត្ដកំពង់ចាម ។ ពេលទឹកឡើង បានហូរបែកជាពីរ ដោយមួយផ្នែកហូរកាត់តំបន់ទំនាបកំចាយមារ និងមួយផ្នែកទៀតហូរកាត់ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង រួចមកប្រសព្វគ្នានៅអណ្ដូងត្របែក ទើបមករួមគ្នានៅឃុំក្រសាំង ហូរធ្លាក់មកកំពង់ត្រាច ត្រស់ ពាមមេត្រី   បាតត្រាស់ ហូរចូលទន្លេក្រាច់យ៉ូវ ប្រទេសវៀតណាម (ហៅថាទន្លេធំ) ។

ចំពោះស្ថានភាពបច្ចុប្បន្ន ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ហុក ឡងឌី ក្នុងព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បានជំរុញឱ្យថ្នាក់ដឹកនាំខេត្ដ រៀបចំពិធីប្រណាំងទូក នៅទន្លេវ៉ៃគោនេះ ចាប់ពីឆ្នាំ២០០៨ ។ ថ្វីបើពុំទាន់មានការអភិវឌ្ឍទន្លេនេះ​ឲ្យបានល្អប្រសើរសម្រាប់អ្នកទេសចរ ប៉ុន្ដែក្រសែភ្នែកអ្នកទេសចរ ដែលឆ្លងកាត់ខេត្ដ តែងតែសរសើរគ្រប់គ្នាថា ផ្ទៃទឹកទន្លេវ៉ៃគោ ពិតជាល្អប្រសើរណាស់ និងមានសម្រស់ពីធម្មជាតិគួរឲ្យគយគន់ មិនចង់ឃ្លាតឆ្ងាយឡើយ ។ ក្នុងឆ្នាំ២០០៩ សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញមកជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីលែងពូជមច្ឆាជាច្រើន ដែល​បច្ចុប្បន្ន ទន្លេវ៉ៃគោនេះ សំបូរត្រីធម្មជាតិគ្រប់ប្រភេទ ។

៣.សាវតារទាក់ទងនឹងស្វាយរៀង

៣.១ ប្រវត្ដិស្វាយអង្គ

រឿងព្រេងដែលមានទាក់ទងដោយនាម “ស្វាយអង្គ” មានដូចតទៅ ៖ មានសេចក្ដីដំណាលថា កាលពីរាជធានីនៅលង្វែក មានបុរសម្នាក់ឈ្មោះ “សំរិទ្ធ” ជាអ្នកខ្លាំងពូកែអង់អាចណាស់ និងមានផ្ទះនៅលើទីទួលនេះ ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្រ្ដគ្រប់ខេត្ដ ខណ្ឌ បើនរណាខ្លាំងពូកែអង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បី​បង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ នៅតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប ។ បុរសសំរិទ្ធ ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនោះ ។ គាត់បាន  ប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរ​ឆ្ពោះទៅកាន់រាជធានីលង្វែក ដោយថ្មើរជើង ។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ ។ ឯលោកមេទ័ព កាលបើបានពលរេហ៏ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធ ជាមេទ័ពធំ ឱ្យលើកព្យុយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធ ក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់ ។ ដោយឬទ្ធីតេជៈរបស់បុរសសំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរ​តទៅទៀត ស្រុកក៏បានសាន្ដត្រាណ ។ បុរសសំរិទ្ធ ក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទូល ត្រឡប់ទៅស្រុកកំណើតវិញ ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ ។ បុរសសំរិទ្ធ បានធ្វើដំណើរត្រឡប់ឆ្ពោះទៅស្រុកវិញ មកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះ១យប់ ទើបធ្វើដំណើរ​តទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល ។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វេចនេះ ឃើញមានតែសំពត់១ និងផ្លែស្វាយទុំពីរ បី ប៉ុណ្ណោះ ។ គាត់ដឹងថា បង្វេចនេះច្រឡំ ក្នុងពេលដែលគាត់ត្រឡប់មកពីច្បាំងហើយឈប់សម្រាកនៅអង្គរ ព្រោះពេលនោះមានការច្រឡូកច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ ។ បុរសសំរិទ្ធ ក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្ដ ។ កាលដែលបានទៅដល់ហើយ ប្រពន្ធគាត់បានយកគ្រាប់ស្វាយ ដែលទុំរលួយសាច់អស់នៅក្នុងបង្វេចគាត់ ទៅកប់ដាំនៅជាយរបង  មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក ។ ស្វាយនេះអ្នកស្រុក     នាំគ្នាហៅថា “ស្វាយអង្គរ” ព្រោះជាពូជស្វាយបានមកពីអង្គរ  ប៉ុនែ្ដតៗមកពាក្យ “អង្គរ ” ហៅកាត់ ខ្លីមកនៅត្រឹម “អង្គ” បានជាជាប់ពាក្យថា ស្វាយអង្គ ដល់សព្វថ្ងៃ ។ ក្រោយមកបុរសសំរិទ្ធ និងភរិយា ក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់ ។ កូនចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាមប្ដីតាមប្រពន្ធ លុះយូរៗទៅ ទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្ដអារាមមួយឡើង ដាក់នាមថា «វត្ដស្វាយអង្គ» ដោយ​មានលោកគ្រូចៅអធិការមួយអង្គ ជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុសាមណេរ គង់នៅជាច្រើន ។ កន្លងមកទៀត ​ដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗ ទំនៅលើដើមស្វាយនោះផង នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូ​ចៅអធិការ បានឲ្យភិក្ខុសាមណេរ កាប់រលំដើមស្វាយនោះ តែដោយរិទ្ធីដើមស្វាយធំនោះ ភិក្ខុសាមណេរកាប់មួយថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាននឹងកាប់នៅថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្របជិតដើមវិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូ ក៏ឲ្យភិក្ខុសាមណេរកាប់ទៀត ពីថ្ងៃទល់ល្ងាច តែទោះជាខំកាប់យ៉ាងណា ក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញដុះសាច់ ដុះសំបកដើមដដែលទៀត ។ ថ្ងៃមួយបានឱ្យភិក្ខុសាមណេរជាច្រើនអង្គ ដោយមានពូថៅគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះ ឱ្យហើយស្រេចតែម្ដង ។ ដើមស្វាយ ទ្រំាមិនបាននឹងពូថៅច្រើនពេក​ក៏រលំ ប៉ុន្ដែស្លឹកវាមិនបានស្រពោនឡើយ បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កាដូចធម្មតា ។ នៅពេលយប់គេឮតែសូរស័ព្ទភ្លេងពិណពាទ្យ ប្រគំយ៉ាងលន្លង់លន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេង ។ ចំណែកភិក្ខុសាមណេរ កាលបើឃើញហេតុអស្ចារ្យ​ដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ ។ ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាង​វត្ដថ្មីទៀត​​នៅចម្ងាយប្រមាណជា ១គ.ម អំពីវត្ដស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃ គេឲ្យឈ្មោះថា វត្ដស្វាយផ្អែម វិញ ។ ប្រជាពលរដ្ឋបាននិទានតៗគ្នាអំពីព្រឹត្ដិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យ អំពីដើមស្វាយ​ ។

៣.២ អំពីការដាក់នាមទីកន្លែង និងវត្តអារាម មានពាក្យស្វាយ

តំណក្រោយមក អាស្រ័យដោយព្រឹត្តិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យ អំពីដើមស្វាយ ធ្វើឱ្យអ្នកស្រុក តែងមានជំនឿលើដើមស្វាយ និងមានអ្នកភូមិខ្លះ នាំគ្នាដាំដើមស្វាយលើភូមិថ្មី ឬទីដីទំនេរ ទើបបង្កើតបានភូមិថ្មី ហើយភូមិថ្មីទាំងនោះ តែងមានជាប់នាម «ស្វាយ» ដូចជា ភូមិស្វាយ ស្វាយរៀង ស្វាយជ្រំ ស្វាយទាប ស្វាយអង្គ ស្វាយតឿ ស្វាយចេក​ ស្វាយយា ស្វាយតាយាន ស្វាយរំពារ ព្រៃស្វាយ ស្វាយតាភ្ល ស្វាយមីង ស្វាយធំ ស្វាយក្ងោក ស្វាយផ្អែម ស្វាយព្រហូត ស្វាយដូនអី ស្វាយជម្រៅ ស្វាយគយ ស្វាយក្អែ ស្វាយកណ្ដាល ស្វាយគុយ ស្វាយអាណាត ស្វាយប៉ោ ស្វាយរូង ស្វាយរលំ ស្វាយជុំ ស្វាយទន្ទឹម ស្វាយបទុម ត្រពាំងស្វាយ អារក្សស្វាយ បុស្សស្វាយ និងអង្គស្វាយ ។

ម្យ៉ាងវិញទៀត តាមប្រវត្តិរឿងរ៉ាវខ្លះបានរៀបរាប់ថា មុនដំបូងទឹកដីខេត្តស្វាយរៀងសម្បូរទៅដោយ​ដើមឫស្សី និងដើមស្វាយព្រៃ មួយភាគគឺជាព្រៃគុបសម្បូរទៅដោយខ្លុង​ ឈើទាល គគីរ និងព្រៃប្រចាក់ ពុំសូវមានដើមឈើហូបផ្លែទេ  ។ តាមនិទានខ្លះដំណាលថា ក្រោយពីសង្រ្គាមមេទ័ព និងពលទាហានដែលឈរជើងនៅប្រាសាទព្រះនាងចូវ មហេសីព្រះបាទជ័យជេដ្ឋាទី២ បានដាំដើមស្វាយ ចំនួន៧ប្រភេទ ប្រជារាស្រ្តហៅថាស្វាយ៧ដើម គឺមានស្វាយក្បាលដំរី ស្វាយខ្ទិះ ស្វាយផ្អែម ស្វាយកែវមួង ស្វាយព្រៃ ស្វាយកែវយក្ស និងស្វាយព្រំសែន ។ ក្រោយមកកងទ័ព នាយទាហានបោះជំរំបន្ទាយ​នៅខេត្តស្វាយទាប ខេត្តរំដួល និងខេត្តរោងដំរី ក៏បេះផ្លែនោះមកបរិភោគ និងទុកគ្រាន់ធ្វើពូជយកដាំនៅទីតាំងបន្ទាយ និងខ្លះចូលនិវត្តន៍ទៅរស់នៅតាមភូមិកំណើតក៏យកពូជស្វាយទៅដាំរៀងៗខ្លួន ពិសេស​យកទៅដាំនៅទីទួលវត្តបុរាណ ទើបឈ្មោះភូមិ ឃុំ​ ស្រុក វត្តអារាម មានពាក្យ ស្វាយ ច្រើន ។ ជាក់ស្ដែង ឈ្មោះឃុំ មានចំនួន ៩ គឺ ឃុំស្វាយជ្រំ ឃុំស្វាយអង្គ ឃុំស្វាយយា ឃុំស្វាយរំពារ ឃុំស្វាយចេក ឃុំស្វាយតាយាន ឃុំស្វាយតឿ និងឃុំស្វាយរៀង ។ រីឯវត្តមាន១៥ និងវត្តទួលបុរាណ ចំនួន ១៦ គឺ វត្តស្វាយជ្រំ វត្តស្វាយផ្អែម វត្តស្វាយអង្គ វត្តស្វាយព្រហូត វត្តស្វាយធំ វត្តស្វាយយា វត្តស្វាយរំពារ វត្តស្វាយ (វត្តស្វាយ​មាន២វត្ត) វត្តស្វាយតាយាន វត្តស្វាយបុទុម វត្តស្វាយទន្ទឹម វត្តស្វាយជុំ វត្តស្វាយកណ្ដាល ទួលស្វាយអណ្ដើក ទួលស្វាយកន្ត្រៃ ទួលស្វាយពុំគ្រង ទួលស្វាយរ៉ាំ និងមានទួលវត្តចាស់ឈ្មោះស្វាយចំនួន ១១ ទៀត ។

រឿងរ៉ាវនេះហើយជាប្រភព ​នៃការយកឈ្មោះ ស្វាយ ជាគោលក្នុងការដាក់ ឈ្មោះ ភូមិ ស្រុកមួយចំនួន ។ អំឡុងពេលបារាំង​ ធ្វើអាណាព្យាបាល ឆ្នាំ១៨៦៣ និងនៅឆ្នាំ១៨៨៧ គេបានបង្កើតប៉ុស្ដិ៍រដ្ឋបាលមួយស្ថិតនៅភូមិស្វាយរៀង    ទីប្រជុំជនខេត្ដបច្ចុប្បន្ន ដែលគេហៅថា ប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង សម្រាប់កំណែនពន្ធដារ និងកិច្ចការរដ្ឋបាល ។ នេះជាមូលដ្ឋានចម្បង នៃការបង្កើតឈ្មោះខេត្ដស្វាយរៀង ក្នុងអំឡុងពេលរៀបចំខេត្ដដំបូងនៅឆ្នាំ១៩២២ ។

៤.និមិត្ដសញ្ញាសម្គាល់ខេត្ដស្វាយរៀង

     កាលដើមឡើយ មុន និងក្រោយរៀបចំខេត្តស្វាយរៀង ពុំដែលមានឯកសារណាមួយ ឬទឡ្ហីករណ៍ណាមួយដែលបានបញ្ជាក់ច្បាស់លាស់អំពីសាវតារ ឬនិមិត្តសញ្ញាសម្គាល់ខេត្តស្វាយរៀងឡើយ ។ បើតាម​ឯកសារមួយចំនួន ដែលសរសេរក្នុងចន្លោះឆ្នាំ ១៨៨៩-១៩០៤ ក៏ពុំឃើញមានសញ្ញាសម្គាល់អ្វីច្បាស់លាស់​ដែរ ។ មុន និងក្រោយពេលច្របាច់បញ្ចូលគ្នារវាងខេត្តទាំងបី គឺ ខេត្តរមាសហែក ខេត្តរំដួល និងខេត្តស្វាយទាប ក៏គ្មាននិមិត្តសញ្ញាសម្គាល់អ្វីឡើយ ។ អំឡុងឆ្នាំ១៩៤៧ ថ្នាក់ដឹកនាំខេត្តបានរៀបចំរូបព្រះគោនន្ទីដាក់តាំងនៅតាមបណ្ដោយផ្លូវជាតិលេខ១  ត្រង់រង្វង់មូលរូបគោបច្ចុប្បន្ន ។ ម៉្យាងទៀតដើម្បីជាការរំលឹកពីគុណរបស់ព្រះគោ ក្នុងរឿង «ព្រះគោព្រះកែវ» ផង និងបង្ហាញពីគុណសម្បត្តិរបស់តួអង្គ  សត្វគោ ដែលជួយបម្រើដល់វិស័យកសិកម្មក្នុងការអូសទាញ ភ្ជូររាស់ជាកម្លាំងស្នូល ដែល​ប្រជាជនខេត្តស្វាយរៀងភាគច្រើនលើសលប់រស់ដោយពឹងផ្អែកលើវិស័យ​កសិកម្ម ។ រហូតមកដល់ឆ្នាំ១៩៥៧ រូបគោ​ត្រូវបានរចនាលម្អបន្ថែម ដោយសារអ្នកស្រុកមួយចំនួនមានជំនឿថា ជារូបព្រះគោក្នុងរឿងទេវកថា     «ព្រះគោព្រះកែវ» មកចាប់បដិសន្ធិក្នុងទឹកដីខេត្តស្វាយរៀងនេះ និងតែងតែផ្ដល់​សេចក្ដីសុខសប្បាយ ។

អំពីរូបព្រះគោនន្ទី ៖ រូបព្រះគោនន្ទីមិនទាក់ទងជាមួយនឹងទេវកថា ក្នុងរឿង «ព្រះគោព្រះកែវ» នោះ​ទេ ។ ប្រវតិ្តរបស់គោនន្ទីនេះ ក្នុងគម្ពីព្រហ្មញ្ញសាសនា ថាជា ជំនិះរបស់ព្រះឥសូរ ឬជាសេនាសេវិក របស់ព្រះឥសូរ ។ ក្នុងប្រាសាទព្រហ្មញ្ញសាសនាដែលមានតាំងរូបព្រះឥសូរ ច្រកចេញចូលនៃគុហារ​ ឬ   បា្រសាទថ្ម គេតែងតែសាងរូបព្រះគោនន្ទីសម្រាប់ជាជំនិះដ៏វិសេសរបស់ព្រះឥសូរ ។ ដោយឡែក រូបសំណាក​​ព្រះគោនន្ទីដែលកសាងនាសតវត្សរ៍ទី៧ ធ្វើអំពីថ្មភក់​ មានកម្ពស់ ០,៣៣ ម៉ែត្រ និងតួខ្លួនមានប្រវែង ០,៥៥ ម៉ែត្រ ត្រូវបានគេរកឃើញចន្លោះឆ្នាំ១៩៣០-១៩៣៦ ក្នុង បា្រសាទព្រៃបាសាក់ ស្ថិតនៅឃុំបាសាក់ ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយជ្រំ) ដែលត្រូវបានចាត់ទុកថាជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌របស់ជាតិ និងត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យកទៅតាំងនៅសារមន្ទីរជាតិ ។ សរុបសេចក្ដីមក រូបគោ និងរូបព្រះគោនន្ទី មានអត្ថន័យផ្សេងៗ​គ្នាទៅតាមលទ្ធិសាសនានីមួយៗ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ។ បច្ចុប្បន្ន​ប្រជាជនខ្មែរលើសលប់គោរពព្រះពុទ្ធសាសនា ។ ជាពិសេស ថ្នាក់ដឹកនាំខេត្តស្វាយរៀង   មានជំនឿថាព្រះគោនន្ទី តំណាងឱ្យភាពសម្បូរសប្បាយ សេចក្ដីសុខ នៃប្រជារាស្រ្តនិករ ក្នុងតំបន់វាលរាប    ខេត្តស្វាយរៀង ដែលប្រកបរបរកសិកម្ម ហើយដោយបុណ្យបារមី នៃព្រះគោនេះ បាននាំឱ្យប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ជៀសផុតពីគ្រោះថ្នាក់ មហន្តរាយធំៗនានា ក្នុងនោះកសិផលរបស់ប្រជាពលរដ្ឋ​តែងបានទទួលផលតាមបំណងប្រាថ្នា ។ ម្យ៉ាងដោយរូបព្រះគោនន្ទីនេះ ជាវត្ថុបុរាណដែលមានអាយុកាលចាស់  ជាងគេក្នុង​ចំណោម​រូបបដិមានានា នៅទឹកដីខេត្តស្វាយរៀងនេះ ទើបថ្នាក់ដឹកនាំខេត្តស្វាយរៀងក្នុង     ទស្សវត្សឆ្នាំ៤០ និងទស្សវត្សឆ្នាំ៥០ បានយករូបព្រះគោនន្ទី ជានិមិត្តរូប ឬនិមិត្តសញ្ញារបស់ខេត្តស្វាយរៀង រហូតមកដល់សព្វថ្ងៃ ។
ផ្នែកទី២

អំពីការរៀបចំ និងការបង្កើតខេត្ត

១.ប្រវត្តិនៃការរៀបចំ និងការបង្កើតខេត្ដស្វាយរៀង

១.១ ការរៀបចំខេត្ត  និងតំបន់រដ្ឋបាល     

          តាមឯកសារប្រវត្ដិសាស្រ្ដមួយចំនួន ដូចជា Histoire du Cambodge ស្រាវជ្រាវដោយលោក  Adhémard leclére ឯកសារមហាបុរសខ្មែរ បានបញ្ជាក់ថា ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ បាន​រៀបចំភូមិ ស្រុកមួយចំនួន សម្រាប់ជាការគ្រប់គ្រងដឹកនាំលើវិស័យរដ្ឋបាល​។ នៅតំបន់វាលរាប ទឹកដី«ស្វាយរៀង​បច្ចុប្បន្ន» គឺជាផ្នែកមួយនៃខេត្តបាភ្នំ និងខេត្តរោងដំរី ព្រៃនគរ([4]) ។ល។ ខេត្ដស្វាយរៀង​បច្ចុប្បន្ន តាមការសន្និដ្ឋានរបស់អ្នកប្រវត្តិសាស្ត្របញ្ជាក់ថា ស្ថិតនៅចន្លោះខេត្ដចំនួន២ គឺខេត្ដ​បាភ្នំ និង ខេត្តរោងដំរី ។ ក្នុងរាជព្រះអង្គ អ្នកប្រវត្ដិសាស្ដ្រជាច្រើនបានបញ្ជាក់ពីការបង្កើតខេត្ដមួយចំនួន​ នៃដែនដីអាណាចក្រខ្មែរ ។ ខេត្ដរោងដំរី([5]) មានភ្នំមួយ ឈ្មោះថា «ភ្នំជើងមីដែង​» ជាឈ្មោះខ្មែរ តែក្រោយមក ប្ដូរទៅជា «ភ្នំតៃនីញវិញ»​ដែលជាឈ្មោះវៀតណាម ហើយបច្ចុប្បន្ន ត្រូវបានវៀតណាម រៀបចំជាតំបន់ទេសចរណ៍ ។

          នៅក្នុងសតវត្សរ៍ទី១៣ ក្នុងរាជព្រះបាទពញាយ៉ាត ​ខេត្ដមួយចំនួន ត្រូវបានបង្កើតឡើង និងក្នុង​សតវត្សរ៍ទី១៤​ ក៏ឃើញមានការរៀបចំបង្កើតខេត្ដមួយចំនួនបន្ថែមទៀត ដូចជាខេត្ដរំដួល ខេត្ដស្វាយទាប ​ខេត្ដរមាសហែក ដែលផ្ដាច់ចេញពីខេត្តរោងដំរី បាភ្នំ និងខេត្តត្បូងឃ្មុំ ។ ខេត្តស្វាយទាប និងខេត្តរំដួលភាគខាងត្បូងលាតសន្ធឹងដល់ខេត្តទួលតាមោក គោក​សណ្ដែក (បច្ចុប្បន្នស្ថិតក្នុងខេត្ដឡុងអាន) ។  ខេត្ដ​ដែល​បង្កើតថ្មីទាំង៣ ត្រូវកំណត់បង់ពន្ធ ប្រមូលពន្ធដាក់ឃ្លាំងព្រះរាជទ្រព្យនៅខេត្ដបាភ្នំ ។

          នៅអំឡុងឆ្នាំ១៨៦៣ បារាំងបានចាប់ផ្ដើមធ្វើអាណានិគមលើរាជការខ្មែរ ​។ ឆ្នាំ១៨៨៩ បារាំងបានបង្កើតប៉ុស្ដិ៍រដ្ឋបាលថ្មី សម្រាប់ជាជំនួយដល់ការប្រមូលពន្ធជូនរាជការបារាំង ខ្មែរ ។ ខេត្ដដែលធ្លាប់ឡើងមកបង់ពន្ធនៅខេត្ដបាភ្នំ ត្រូវផ្ទេរ មកបង់ពន្ធនៅប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង ដែលទើបបង្កើតថ្មី​វិញ ។ បន្ទាប់មក នៅឆ្នាំ១៨៩៧ដោយមានជំនួយផ្នែករៀបចំរាជការ ពីអាណាព្យាបាលបារាំង ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានរៀបចំរាជប្រកាស ដើម្បីធ្វើការរៀបចំរាជការខ្មែរ និងរៀបចំបែងចែករដ្ឋបាលដែនដីតាមបែបបារំាង ដោយចែកជាភូមិ ឃុំ ចំណុះឲ្យរាជការខណ្ឌ ស្រុក ខេត្ដ ។

          អំឡុងឆ្នាំ១៩២០-១៩២១ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បានធ្វើការរៀបចំនូវខេត្ដខ្មែរមួយចំនួនឡើងវិញ ។ តាមរយៈការរៀបចំ ខេត្ដមួយចំនួនត្រូវបានលុបចេញ និងប្ដូរឈ្មោះ​ និងរៀបចំ​បង្កើតខេត្ដថ្មីមួយចំនួនឡើងពីប៉ុស្ដិ៍រដ្ឋបាល ទៅជាខេត្ដ ហើយខេត្ដចាស់មួយចំនួនត្រូវប្ដូរទៅជាខណ្ឌ ឬស្រុកវិញ​ ទៅតាមស្ថានភាពប្រជាសាស្រ្ដ ។

          អំឡុងពេលដែលអាណាព្យាបាលបារាំង ត្រួតត្រាលើរាជការខ្មែរសម័យនោះ អគ្គទេសា​ភិបាល​បារាំង ប្រចាំភ្នំពេញ បានរៀបចំឲ្យទេសាភិបាលបារាំងតាមបណ្ដាប៉ុស្ដិ៍នីមួយៗ មានសិទ្ធិត្រួតត្រាលើខេត្ដចំនួនពីរ ឬបី ទៅតាមស្ថានភាពជាក់ស្ដែង ។ ដោយឡែកប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង (Post Administration​de Soai Rieng) ដែលបានបង្កើតនៅឆ្នាំ១៨៨៩ ជាទីតាំងដែលខេត្ដ​រំដួល​ ស្វាយទាប និងរមាសហែក ត្រូវឡើងមកបង់ពន្ធជូនរាជការបារាំង ខ្មែរ ។ ប៉ុស្ដិ៍រដ្ឋបាលនេះ មានទីតាំងនៅទីប្រជុំជនស្វាយរៀង ស្ថិតក្នុងខេត្ដរំដួល បច្ចុប្បន្នក្រុងស្វាយរៀង ។ តាមប្រសាសន៍​លោកព្រឹទ្ធាចារ្យ មោគ ស៊ឹម បានបញ្ជាក់ថា ៖ សម័យអាណានិគមបារាំងបានប្រើផ្លូវទឹកទន្លវ៉ៃគោ សម្រាប់​ធ្វើដំណើរពីកូសាំងស៊ីន ឆ្ពោះមកតំបន់រដ្ឋបាលស្វាយរៀង ។ បារាំងបានធ្វើកំពង់ផែនៅក្បែរដើមពោធិ៍តាហោនៅត្រើយខាងកើត និងបោះទីតាំងទ័ពលើដីទួលមួយឈ្មោះទួលពិកកេត៍ (Picquét) នៅដូនសរ សម្រាប់​ជាប៉ុស្ដិ៍ការពារ នៅតំបន់ខាងជើងខេត្ត ។ ដោយឡែក ផ្លូវទី១ (ផ្លូវជាតិ) ចាប់ផ្ដើមធ្វើពីកូសាំងស៊ីន ឆ្ពោះមកភ្នំពេញ នៅឆ្នាំ១៩០៣ ឆ្លងកាត់បាវិត និងទន្លេវ៉ៃគោនេះ ។ រីឯផ្សារត្រូវប្ដូរមកត្រើយខាងលិចវិញ និងរៀបចំរដ្ឋបាលទេសាភិបាលបារាំង ។   នៅតាមបណ្ដោយផ្លូវលេខ ១ ទៅទិសខាងជើង បារាំង បានកសាងប៉ុស្ដិ៍ប្រៃសណីយ៍ ប៉ុស្ដិ៍ប៉ូលីសក្រុង សាលាខេត្តឈើ ធនាគារ បន្ទាយទាហានជើងក្រហម និងជើងខ្មៅ (Garde indigene) ប៉ូលីស​រក្សា​ស្រុក ទីលានកីឡា មន្ទីរពេទ្យ តុលាការ ។ ចំពោះផ្សារដែលនៅជាប់មាត់ទន្លេ (ចំណុចមន្ទីរព័ត៌មានបច្ចប្បន្ន)ត្រូវរុះរើ និងផ្លាស់ប្ដូរនៅឆ្នាំ១៩៦៨ ។ អំឡុងពេលបារាំងធ្វើអាណានិគម បារាំងបានរៀបចំព្រលានយន្តហោះ សម្រាប់យន្តហោះបារាំងចុះចត ហៅថាចំណតវាលយន្តហោះបារាំង និងរៀបចំក្រោលសេះនៅខាងកើតឈៀងខាងជើងចម្ងាយជាង ២០០ ម៉ែត្រ ហៅថាក្រោលសេះបារាំង ។ ក្រោយឯករាជ្យឆ្នាំ១៩៥៣      ព្រលានយន្តហោះនេះ  ត្រូវទុកចោល   ដល់ឆ្នាំ១៩៦៧  អភិបាលខេត្តស្វាយរៀង លោក ហែម កេតសាណា បានរៀបចំផ្សារនៅជិតនោះ​ និងដាក់ឈ្មោះថាផ្សារ​វាលយន្តរហូតដល់សព្វថ្ងៃ ។
          ផែននេះត្រូវបានផលិតឡើងនៅឆ្នាំ១៩០៤ ដោយមានទេសារភិបាលបារាំងប្រចាំរដ្ឋបាលស្វាយរៀងជាអ្នករៀបចំ​គូស ដើម្បីបង្ហាញអំពីការបែងចែកតំបន់រដ្ឋបាលខេត្តស្វាយទាប ខេត្តរមាសហែក និងខេត្តរំដួល និងមានព្រំប្រទល់ខាងត្បូងទល់នឹងតឹងអាន (ខេត្តឡុងអាន) ខាងកើតទល់នឹងតាយនិញ ខាងលិចទល់នឹងខេត្តបាភ្នំ (​ព្រៃវែង) ។
១.២ ការបង្កើតខេត្ដស្វាយរៀង

ផ្អែកលើលក្ខណៈភូមិសាស្ត្រ ប្រជាសាស្រ្ត តម្រូវឲ្យរាជការខ្មែរ បារាំងសម័យនោះ ត្រូវរៀបចំខេត្តថ្មី ដោយធ្វើសមាហរណកម្មបញ្ចូលខេត្តចំនួន ០៣ទៀត មកជាចំណុះ និងប្តូរឈ្មោះខេត្តទាំងនោះ ទៅជាខណ្ឌវិញ ។ ជុំវិញបញ្ហានេះ ភូឈួយរដ្ឋបាលតំបន់ស្វាយរៀង បានរៀបចំរបាយការណ៍ពិស្តារ​មួយចំនួនជូនអគ្គទេសាភិបាលបារាំង និងត្រៀមថ្វាយព្រះមហាក្សត្រខ្មែរ ដើម្បីរៀបចំបង្កើតខេត្តថ្មី ។ តាមរបាយការណ៍បញ្ជាក់ថា សរុបទាំង ០៣ខេត្តគឺ រំដួល ស្វាយទាប និងរមាសហែក មានប្រជាពលរដ្ឋ​ប្រមាណជាង ៥០០គ្រួសារ និងមានមនុស្សរាយជាង ៥០.០០០នាក់ប៉ុណ្ណោះ ។ កំណើន និងចំនួន​ប្រជាជនដ៏តិចតួចនេះបានធ្វើឲ្យ​រដ្ឋការបារាំង-ខ្មែរសម័យនោះ សម្រេចបញ្ចូលខេត្តទាំង ០៣ខាងលើ មកជាខេត្តតែមួយវិញ ។

ក្នុងឆ្នាំ១៩១៩ រាជការបារាំងបានរកឈ្មោះសម្រាប់ដាក់ដល់តំបន់ថ្មី (បម្រុងបង្កើតខេត្ដ) ដោយ​​យកឈ្មោះតាមគោលចារិកដែលមានស្រាប់នៅទីនោះ ។ ការប្រជុំនៅក្រោលគោ ដែលមានមេឃុំ មេស្រុក មកពីគ្រប់ឃុំ ជាអ្នកផ្ដល់យោបល់ឲ្យ​បារាំងស្ដាប់ ។ ក្នុងបណ្ដាលោកមេឃុំ មានមេឃុំម្នាក់ គឺមេឃុំក្រោលគោ ឈ្មោះ «ព្រហ្ម» បានលើកឡើងថា តំបន់នេះ មានតែឈ្មោះស្វាយច្រើនជាងគេ ហើយតៗគ្នា (រៀងគ្នា) រហូត ។ បារាំង ក៏បានឲ្យមេឃុំរាប់ឈ្មោះស្វាយមើល ។ មេឃុំ បានរាប់ដូចតទៅ ៖ ស្វាយជំរៅ ស្វាយយា ស្វាយអង្គ ស្វាយផ្អែម ស្វាយព្រហូត ស្វាយជ្រំ ស្វាយធំ ស្វាយចេក ស្វាយតឿ ស្វាយរំពា ស្វាយតាយាន ស្វាយទាប ស្វាយបីដើម (ឥឡូវ ឌឹកវ៉េ ប្រទេសវៀតណាម) ជាឈ្មោះរៀងគ្នាឲ្យបារាំងស្ដាប់ ។ រួចក៏សម្រេចយកនាម «ស្វាយរៀង» នេះទៅ ។

ក្រោយពីសាកសួរមេស្រុក មេឃុំ នៅក្រោលគោរួចមក ជំនាញការបារាំងរូបនោះ បានសាកសួរ​បន្ថែមពីអ្នកស្រុកភូមិផ្សេងៗទៀត រហូតដល់តំបន់ ចិកពូ ឬជីពូវ បច្ចុប្បន្ន ជីភូ ។ តំបន់ជីភូនេះភាគច្រើនមានប្រជាជនចិនរស់នៅ ប្រកបរបរលក់ដូរទំនិញនានា​។ ជីភូនេះ ជាឈ្មោះរបស់ជនជាតិចិនម្នាក់​ជំនាន់នោះ ហៅថា ដង្ខៅ ឬអ្នកមានទ្រព្យសម្បតិ្តស្ដុកស្ដម្ភ ​ដែលប្រជាជនខ្មែរជុំវិញតំបន់នោះ តែងទៅទិញទំនិញនានាពីចិកពូ ឬជីពូវ រួចក្លាយជាជីភូ រហូតមកដល់សព្វថ្ងៃ ។ តាមការសាកសួរពីប្រជាជននៅតំបន់នេះ អ្នកជំនាញបារាំងនៅអម រ៉េស៊ីដង់ បានវាយតម្លៃថាឈ្មោះដែលគួរដាក់សម្រាប់ខេត្តថ្មីនេះ ជាស្វាយរៀង ។ មុននេះបារាំងបានបង្កើតប៉ុស្ដិ៍រដ្ឋបាលស្វាយរៀងរួចហើយ នៅឆ្នាំ១៨៨៩ ។ ស្របពេលជាមួយគ្នា​នេះ ខេត្តមួយទៀតនៃដែនដីអាណាចក្រខ្មែរ សម័យនោះក៏ត្រូវបានផ្លាស់ប្ដូរផងដែរ ដូចជា ខេត្ត​បាភ្នំ ប្ដូរជាខេត្តព្រៃវែង ខេត្តបាទី ប្ដូរទៅជាខេត្តតាកែវ ខេត្តក្រគរ ប្ដូរទៅជាខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ ប្ដូរទៅជាខេត្តកំពង់ចាម ​។

ក្រោយពីធ្វើការសិក្សាប្រជាសាស្រ្ត ភូមិសាស្រ្ត និងគូសវាសផែនទីដោយក្រុម​លេខាគណិតបារាំងរួចមក អគ្គទេសាភិបាលបារាំងប្រចាំភ្នំពេញ អមដោយសេនាបតីរាជការខ្មែរជាន់ខ្ពស់ មានក្រសួងមហាផ្ទៃ ក្រសួងពន្ធដារ និងឧកញ៉ាសេនាបតី តំណាងព្រះមហាក្សត្រខ្មែរ ព្រះបាទស៊ីសុវត្ថិ បានបើកការប្រជុំពិគ្រោះកិច្ចការបង្កើតខេត្ដថ្មីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩២២ ។ ពេលនោះ មន្ត្រីអ្នកមុខអ្នកការជាន់ខ្ពស់ បានឯកភាពរៀបចំរាជការថ្មី ស្របតាមសភាពការណ៍​ដែលបារាំង ត្រូវការរៀបចំ​សម្រាប់ធ្វើការអភិវឌ្ឍទីក្រុង ទីរួមខេត្តនានា ឲ្យដូចនៅស្រុកបារាំង ។ ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានឯកភាពលើសំណូមពរនេះ និងព្រះអង្គបានចេញព្រះរាជប្បញ្ញត្ដិលេខ ៤៩ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩២២ ត្រាស់បង្គាប់បង្កើតខេត្ដស្វាយរៀង​ ។​ តាមរយៈព្រះរាជប្បញ្ញត្តិនេះ ខេត្ដស្វាយរៀង ត្រូវបានបង្កើតឡើង ដោយការរួមបញ្ចូលគ្នា នៃខេត្ដ​ចំនួនបី គឺខេត្ដរំដួល ​ខេត្ដរមាសហែក និងខេត្ដស្វាយទាប ហើយ​ខេត្ដរំដួល ប្ដូរជាខណ្ឌរំដួល ខេត្ដរមាសហែក ប្ដូរទៅជាខណ្ឌរមាសហែក និងខេត្ដស្វាយទាប ប្ដូរទៅជាខណ្ឌស្វាយទាប​ចំណុះឲ្យខេត្ដស្វាយរៀងវិញ ។ ការរៀបចំជាខណ្ឌនេះ ​គឺយកតាមលំនាំរាជការបារាំង​ មាន​ខណ្ឌ សង្កាត់ជាដើម ។ ក្នុងនោះខណ្ឌ ចែកចេញជាស្រុក ហើយស្រុក ចែកចេញជាឃុំ ។

នេះជាបរិបទថ្មីមួយទៀត នៃការរៀបចំខេត្ត ក្នុងដំណាក់កាលសម័យអាណានិគមនិយមបារាំង ។ មុនសម័យបារាំង តំបន់ស្វាយរៀង មានខេត្តចំនួន ៣​ ដែលត្រូវបង្កើតដោយព្រះរាជាខ្មែរ​ នៅសម័យក្រោយអង្គរ ជាពិសេស​ក្នុងសម័យលង្វែក​ និងសម័យឧត្ដុង្គ ។ តាមឯកសាររបស់បណ្ឌិត សារិន ឆាក បានបញ្ជាក់ថា ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់ជាមួយតឹងអាន (TAN AN) ជាទីក្រុងរបស់ខេត្តឡុងអាន ក្នុងនោះបារាំងបានកាត់យកពីខ្មែរនូវតំបន់មួយចំនួន ដូចជា ព្រៃជេត គោកសណ្ដែក ស្វាយបីដើម បញ្ចូលទៅក្នុងដែនដីកូស៊ាំងស៊ីន ចំពោះខេត្តរោងដំរីជាខេត្តដែលមានមនុស្សរស់នៅច្រើនកុះករ សំបូរអ្នកជំនួញ ងាយទារពន្ធដារ មើលឃើញសារប្រយោជន៍នេះ បារាំងបានកាត់បញ្ចូលទៅក្នុងដែនដីកូសាំងស៊ីន ។ ជាថ្នូរមកវិញ បារំាងបានបង់ពន្ធជូនរាជការខ្មែរ ០១ឆ្នាំ = ១.០០០ ហ្វ្រង់ ។ ​ដោយឡែកទឹកដីដែលតភ្ជាប់គឺតំបន់តឹងអានជាភូមិសាស្រ្តដែលគ្មានមនុស្សរស់នៅច្រើន ជាវាលស្មៅបឹងបួរ និងទឹកក្នុងដីមានជាតិជូរ លំបាកដល់​ការរស់​នៅរបស់ប្រជាពលរដ្ឋ គ្មានប្រាក់ពន្ធសម្រាប់រាជការបារាំង ទើបបារាំងប្រគល់មកឲ្យខ្មែរ​គ្រប់គ្រង មូលហេតុនេះហើយទើបក្នុងផែនទី បានលយចូលទៅក្នុងទឹកដីកូស៊ាំងស៊ីន នាំឲ្យមានរាងជាតំបន់ចំពុះទា រហូតបច្ចុប្បន្ន ។

២. ការគ្រប់គ្រង និងការដឹកនាំខេត្ត

ការរៀបចំចៅហ្វាយខេត្តលើកដំបូង ត្រូវបានជ្រើសរើសចេញពីបេក្ខជន ក្នុងចំណោមមន្រ្តីរាជការ ដែលចេះភាសាបារាំង និងមានភាពប្រសព្វខាងការសម្របសម្រួល ដឹកនាំរួម និងត្រូវបាន​បញ្ជូន​ទៅរៀនបំប៉នជំនាញរដ្ឋបាល  នៅសាលាអាស៊ីចុងបូព៌ាបារំាង  ។   ការរៀបចំនេះ ដោយមានការ​ចង្អុល​បង្ហាញ​ពីសេនាបតីជាន់ខ្ពស់ក្រសួងមហាផ្ទៃ    និងឧកញ៉ាក្រឡាហោម     ដោយចេញព្រះរាជ្យក្រឹត្យយល់ព្រមពី

ព្រះមហាក្សត្រខ្មែរផងដែរ ។

ចាប់តាំងពីការបង្កើតខេត្ដស្វាយរៀង នៅឆ្នាំ១៩២២ រហូតមកដល់ឆ្នាំ២០១៤ ចៅហ្វាយខេត្ត ឬ អភិបាលខេត្ដស្វាយរៀង មានចំនួន ៣២ រូប ដូចរាយនាមខាងក្រោម ៖

១.លោកឧកញ៉ា លី ហាស់យា (១៩២២-១៩៣១)

-ឋានន្ដរសក្តិ       ឧត្តមមន្រ្ដីថ្នាក់លេខ២

-អត្ដលេខ            ១២៥

ការសិក្សា           សាលាភាសាបាលី និងបារាំងចុងបូព៌ា

អតីត                 ជាចៅហ្វាយខេត្តរំដួល

-ឆ្នាំ១៩៣០        ឡើងជាឧត្តមមន្រ្ដីថ្នាក់លេខ១

-ធ្វើជាចៅហ្វាយខេត្តស្វាយរៀង ចំនួន ២អាណត្ដិ (១៩២២-១៩២៨ និង១៩២៨-១៩៣១)

-សមិទ្ធផលៈ   -រៀបចំភូមិ ផ្លូវថ្នល់ សាលារៀនតាមវត្ដអារាមមួយចំនួនក្នុងខេត្ត

                         -ចូលរួមកសាងផ្លូវជាតិលេខ១ ភ្នំពេញ-ព្រៃនគរ

                         -កែសម្រួលរដ្ឋបាលឃុំ និងឈ្មោះឃុំ

                         -រៀបចំផ្ទះ ១០ល្វែង

២.លោកឧកញ៉ា ទា សាន (១៩៣១-១៩៣៥)

-ឋាន្ដរសក្ដិ           វរមន្រ្ដី លេខ ៣

អត្ដលេខ            ១០៨៣

ការសិក្សា           -សាលាភាសាបាលី ជាន់ខ្ពស់ភ្នំពេញ​

                               -សាលារដ្ឋបាលបារាំងចុងបូពា៍

អតីតកាល           ចៅហ្វាយខេត្តបាភ្នំ និងកំពង់ត្របែក

សមិទ្ធផល          រៀបចំប៉ុស្ដិ៍រដ្ឋបាល និងរៀបចំកែសម្រួលឃុំ រៀបចំឲ្យមានសន្ដិសុខឃុំ    ខណ្ឌ រក្សាសន្ដិសុខជូនប្រជាជន និងបានធ្វើជំរឿនប្រជាជន ។

-ឆ្នាំ១៩៣៥          ត្រូវប្ដូរទៅកាន់ជាចៅហ្វាយខេត្តកំពត

៣.លោកឧកញ៉ាតេជោបររាជ មាស ណាល់ (១៩៣៥-១៩៣៩)

-ឋានន្ដរសក្តិ                  វរមន្រ្ដី លេខ ២

អត្ដលេខ            ៩៥១

ការសិក្សា           -សាស្រ្ដាចារ្យភាសាបារំាង-ខ្មែរ

-សាលារដ្ឋបាលបារាំង

អតីតកាល          ចៅហ្វាយខេត្តកំពត (ឆ្នាំ១៩៤៥ ជារដ្ឋមន្រ្ដីក្រសួងអប់រំ)      

៤.លោកឧកញ៉ា​ ប៊ុន ចាន់ឃួនថុន (១៩៣៩-១៩៤២)

-ឋានន្ដរសក្តិ        ឧត្តមមន្រ្ដី លេខ ១

អត្ដលេខ            ២២១

ការសិក្សា           សាលារដ្ឋបាលជាន់ខ្ពស់បារាំងចុងបូព៌ា

-សមិទ្ធផល    -រៀបចំកែសម្រួលរដ្ឋបាលឃុំ​ស្រុក និងហេដ្ឋារចនាសម័្ពន្ធក្រុងស្វាយរៀង

៥.លោកឧកញ៉ា​ ចៅ សែនកុសល ហៅឈុំ (១៩៤២-១៩៤៤)

-ឋានន្ដរសក្តិ         ឧត្តមមន្រ្ដី លេខ ១

អត្ដលេខ            ១១៦៧

-ការសិក្សា            សាលារដ្ឋបាលជាន់ខ្ពស់បារាំងចុងបូព៌ា

-សមិទ្ធផល          -រៀបចំសាលា Ecole Francais មុនដំបូងនៅខេត្ដស្វាយរៀង

                     -រៀបចំបង្កើតក្រុងស្វាយរៀង នៅឆ្នាំ១៩៤៤

                         -ក្រោយមកក្លាយជាប្រធានរដ្ឋសភាសម័យសង្គមរាស្រ្តនិយម

៦.លោក​​ ប៉ែន សំអែល (១៩៤៤-១៩៤៥)

ឋានន្ដរសក្តិ       វរមន្រ្ដី

អត្ដលេខ            ១៤១៩

៧.លោកឧកញ៉ាសេនាបតី​ ទ្រឿង កាង (១៩៤៥)

ឋានន្ដរសក្តិ          អនុមន្រ្ដី លេខ ១       ​

-អត្ដលេខ             ១៣៦៦

អតីតកាល         ចៅហ្វាយស្រុកកោះសូទិន ក្រោយមកទៅរៀនយកបណ្ឌិតនៅបារាំង និងក្លាយជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសចិន ។​

៨.លោកឧកញ៉ា​ ក្វាន់ ភិន (១៩៤៦-១៩៤៧)

ឋានន្ដរសក្តិ       អនុមន្ដ្រី លេខ ១       ​

អត្ដលេខ            ១២៤១

៩.លោកឧកញ៉ា​ ជា ឈិនកុក (១៩៤៧-១៩៤៨)

ឋានន្ដរសក្តិ        រវមន្ដ្រី លេខ ១         ​

អត្ដលេខ            ១៩៥១ (ក្រោយមកក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ)      ​

១០.លោក​​ យ៉ុង អូន     (​១៩៤៨-១៩៥០)

ឋានន្ដរសក្តិ                  វរមន្រ្ដី លេខ​​ ២

-អត្ដលេខ            ១១១៤

-ការសិក្សា           សាលារដ្ឋបាលភ្នំពេញ

១២.លោក​​ អ៊ុង យឹមងួន         (១៩៥០-១៩៥៣)

-ឋានន្ដរសក្តិ                  ក្រមការលេខ ១        ​

-អត្ដលេខ            ​១៣៣៩

-អតីតកាល          ចៅហ្វាយស្រុករំដួល (១៩៤៧)

-សមិទ្ធផល          -បង្កើតអនុវិទ្យាល័យព្រះសុរិយោវង្ស ដោយកាត់ប្រាក់ខែគ្រូបង្រៀន  មន្ត្រីរាជការ សម្រាប់កសាងអគារមួយខ្នង

១១.ឧកញ៉ា​​ លី គឹមឃុត (​​១៩៥៣-១៩៥៦)

ឋានន្ដរសក្តិ                  ឧត្ដមមន្រ្តីលេខ ៣

១៣.ឧកញ៉ា តឹក ប៉េង   (១៩៥៦-១៩៥៩)

ឋានន្ដរសក្តិ                  ឧត្ដមមន្ត្រីថ្នាក់លេខ ៣

អត្ដលេខ            ​១៩៨២

-អតីតកាល          នាយលេខាធិការដ្ឋានសម្ដេចព្រះឧបយុវរាជ

-ត្រូវផ្លាស់ទៅ        មន្ទីរស្ដីការនាយករដ្ឋមន្រ្តី

១៤.ឧកញ៉ា​​ ញ៉ាន ធៀង (១៩៥៩-១៩៦២)

ឋានន្ដរសក្តិ                  ឧត្តមមន្រ្ដី លេខ ៣ (វរមន្ត្រីថ្នាក់លេខ២)

អត្ដលេខ            ១៨១៧

ការសិក្សា           សាលារដ្ឋបាលភ្នំពេញ (ប្ដូរទៅកាន់ចៅហ្វាយខេត្តកំពត ឆ្នាំ១៩៦២)

អតីតកាល          មន្ត្រីបម្រើការនៅរដ្ឋលេខាធិការដ្ឋានក្រសួងការងារ​ និងសង្គមកិច្ច

-សមិទ្ធផល          -រៀបចំប្លង់ខេត្ដ ផ្ទះល្វែងនានាក្នុងក្រុង និងទីរួមស្រុកមួយចំនួន

                         -រៀបចំផ្សារលក់ដូរក្នុងក្រុងស្វាយរៀង

                         -កសាងវិមានឯករាជ្យរង្វង់មូលខេត្ដ ស្ពានតាហោ ស្ពានគយត្របែក

                         -ពង្រីកផ្ទៃក្រឡាក្រុងស្វាយរៀង ចំនួន ២២២ហិកតា

                         -បង្កើតស្រុកកំពង់រោទិ៍ និងវិទ្យាល័យព្រះសុរិយោវង្ស

(បច្ចុប្បន្ន វិទ្យាល័យស្វាយរៀង)

១៥.លោក​​ ទុម គឹមហេង (១៩៦២-១៩៦៤)

-ឋានន្ដរសក្តិ                  ឧត្តមមន្រ្ដី លេខ ២

អត្ដលេខ            ២០៤៤ (ត្រូវផ្លាស់ចេញនៅឆ្នាំ ១៩៦៤ ដោយសារមានកំហុសការងាររដ្ឋបាល)

១៦.លោក​​ ពូ តុងហាវ (១៩៦៤-១៩៦៦)

ឋានន្ដរសក្តិ                  វរមន្រ្ដី លេខ ១

អត្ដលេខ            ១៩០៨

ការសិក្សា            អតីតនាយកខុទ្ទកាល័យសាលាក្រុងភ្នំពេញ

១៧.លោក​​ ហែម កេតសាណា (១៩៦៦-១៩៧០)

-ឋានន្ដរសក្តិ                  វរមន្រ្ដី លេខ ១

អត្ដលេខ            ១៨២៦

ការសិក្សា           -អតីតអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ

                         -សាលាភូមិន្ទរដ្ឋបាលភ្នំពេញ ជំនាន់ភ្នាក់ងាររាជការជាន់ខ្ពស់

-សមិទ្ធផល          -ផ្សារវាលយន្ដស្វាយរៀង រៀបចំរចនាសម័្ពន្ធនានាក្នុងក្រុង

-ពង្រីកផ្ទៃក្រឡាក្រុងស្វាយរៀង ពី ២២២ហិកតា ទៅ ៣៤៣ហិកតា

១៨.លោក​​ ប៊ូ ទិត        (​១៩៧០) (រយៈពេល ៣ខែ)

-ឋានន្ដរសក្តិ                   វរៈសេនីយ៍ឯក (អតីតគ្រូបង្រៀន)    ​          ​

ការសិក្សា           វិញ្ញាបនបត្របឋមសិក្សាបារាំង ខ្មែរ​

១៩.លោក​​ កោះ ឈួន   (​១៩៧០-១៩៧៣)

ឋានន្ដរសក្តិ                   វរៈសេនីយ៍ឯក         ​(អតីតគ្រូបង្រៀន)     ​

ការសិក្សា           វិញ្ញាបនបត្របឋមសិក្សាបារាំង ខ្មែរ​​

២០.លោក​​ ណុប ប៉ារ៉ាមុន (​១៩៧៣-១៩៧៥)

-ឋានន្ដរសក្តិ                  ឧត្តមសេនីយ៍​  ​

-ការសិក្សា           ​ថ្នាកទី៣​ ចាស់

២១.សមមិត្ដ ​​ ឈាន ហៅ តាវែង (​១៩៧៥ -១៩៧៦) ប្រធានតំបន់ ២៣ (ខេត្តស្វាយរៀង)

-ការសិក្សា           នៅឆ្នាំ១៩៧៦ ធ្វើការនៅមន្ទីរការបរទេស​ជាមួយ អៀង សារី និងក្រោយមករស់នៅតំបន់ម៉ាឡៃ ។

២២.សមមិត្ដ ​​ ​សូ ​ហៅ តាសូ (​១៩៧៦) ប្រធានតំបន់ ២៣

២៣.សមមិត្ដ ​​ ​ ចាន់ សាវណ្ណ ​ហៅ ឃួន (​១៩៧៧) ប្រធានតំបន់ ២៣

-ចុងឆ្នាំ១៩៧៧ ត្រូវកម្មាភិបាលតំបន់និរតី សម្លាប់ ។

២៤.សមមិត្ដ ​​ ​ ភោគ សំអន ​(ចុងឆ្នាំ១៩៧៨ ប្រធានតំបន់ ២៣)

          ផែនទីនេះបង្ហាញពីការបញ្ចូលខេត្តស្វាយរៀងទៅក្នុងតំបន់ថ្មី គឺតំបន់២៣ ចំណុះឱ្យភូមិភាគ  បូព៌ា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ សាឡុត ស (ប៉ុលពត)។

២៥.សមមិត្ដ​ ចាន់ សេង (​១៩៧៩-១៩៨០)   ​

-ការសិក្សា              ថ្នាក់ទី៥ចាស់ កើតនៅខេត្ដកំពង់ចាម  

ប្ដូរទៅកាន់ខេត្ដសៀមរាប នៅចុងឆ្នាំ១៩៨០  ​

២៦.សមមិត្ដ​​ ហេង សំកៃ        (​១៩៨០-១៩៨២)

                                        (​១៩៩២-១៩៩៣) ​

-ឆ្នាំកំណើត     ១៩២៩-១៩៩៣ ទីកន្លែងកំណើតភូមិអន្លង់ក្រេះ

ឃុំកក់ ស្រុកពញា​ក្រែក កំពង់ចាម   ​

-ការសិក្សា              ​ចេះអាន ចេះសរសេរ (សាលាវត្ដ)

២៧.សមមិត្ដ​​ មោគ ស៊ឹម (​១៩៨២-១៩៨៨)

-ឋានន្ដរសក្តិ            ឧត្តមមន្រ្ដី (ក.១.៣)

-ឆ្នាំកំណើត     ​        ១៩៣៤ (ឃុំម៉ឺនជ័យ ស្រុករំដួល)                         

-ការសិក្សា              ​បញ្ចប់ថ្នាក់ទី១២(អតីតជាប្រធានមន្ទីរ

សុខាភិបាល ខុទ្ទកាល័យខេត្ដ)

-សមិទ្ធផល             -បង្កើត​ឃុំមនោរម្យ (១៩៨៤) ឃុំទួលស្ដី (១៩៨៧) ភូមិកោះត្រាច

-សាងសង់អាគារសាលាខេត្ដ ប្រវែង ៦៤ម៉ែត្រ កម្ពស់ ២ជាន់ និងអគារ មន្ទីរអប់រំថ្មី ជីកព្រែកអូរដំរីឆ្លង

  -ជួសជុលផ្សារវាលយន្ដ ទំនប់អូស្មាច់ ទំនប់បន្ទាយក្រាំង ទំនប់ត្រដែត

  -សាងសង់ស្ពានសំរោង ទឹកវិល ស្ពានចំនួនពីរនៅឃុំទួលស្ដី និងជួសជុលផ្លូវ ទៅរំដួល រមាសហែក កំពង់រោទិ៍ ស្ពាន់បាក់ព្រា ស្ពានដូន

២៨.ឯកឧត្តម​​ ហុក ឡងឌី (១៩៨៨-១៩៩១ និង១៩៩៣-១៩៩៤) ​

-ឋានន្ដរសក្តិ                      នាយឧត្តមសេនីយ៍ ផ្កាយមាសបួន អគ្គស្នងការ

                            នគរបាលជាតិ (ប្រធានគណៈកម្មាធិការប្រជាជន  ​

                           ខេត្ដស្វាយរៀង ក្រុងភ្នំពេញ)

-ឆ្នាំកំណើត                      ១៩៥៧ ភូមិតាហោ ឃុំស្វាយរៀង ស្រុកស្វាយរៀង​

-ការសិក្សា                       ​ថ្នាក់ទី៥ចាស់ ​(វិទ្យាល័យស្វាយរៀង)

-សមិទ្ធផល                        -សាកលវិទ្យាល័យស្វាយរៀង សួនច្បារតាឌី សាលារៀន វត្ដអារាម មន្ទីរពេទ្យមួយចំនួន សាលប្រជុំមន្ទីរគណបក្ស ផ្ទះល្វែងផ្សារវាលយន្ដ តំបន់សេដ្ឋកិច្ចពិសេសបាវិត សណ្ឋាគារទន្លេវ៉ៃគោ

                                 -ផ្ដូចផ្ដើមគំនិតរៀបចំពិធីប្រណាំងទូក នៅខេត្ដស្វាយរៀង

                                 -បង្កើតកុ្រងបាវិត

                                 -រៀបចំការលម្អប្រព័ន្ធបំភ្លឺនៅទីសាធារណៈ

២៩.លោក​​ ភោគ សាមឿន (​១៩៩១១៩៩២) ​

-ឆ្នាំកំណើត                      ១៩៤៥ ភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប​​           ​

-ការសិក្សា                       ​ថ្នាក់ទី៣ចាស់ (មធ្យមសិក្សាបឋមភូមិ)

៣០.ឯកឧត្តម​ឡួយ សូផាត (​១៩៩៤-១៩៩៩) ​

-ថ្ងៃខែឆ្នាំកំណើត      ០៦ មីនា ១៩៤៩

-ឋានន្ដរសក្តិ                                                          ​

-អត្ដលេខ                        ​

-ការសិក្សា                       ថ្នាក់ទី៣ ទំនើបជាតិ

សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ             ​

-បច្ចុប្បន្ន             តំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង            

៣១.ឯកឧត្តម​ ហ៊ុន ណេង (​១៩៩៩-២០០៥) ​

-ថ្ងៃខែឆ្នាំកំណើត      ២៥ វិច្ឆិកា ១៩៥០

-ឋានន្ដរសក្តិ                      ឧត្តមមន្រ្ដីលេខ១                        ​

-អត្ដលេខ                        ​

-ការសិក្សា                  អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល                  ​

-សមិទ្ធផល                       -សាកលវិទ្យាល័យស្វាយរៀង

-បង្កើតទំនប់ទប់ទឹកការពារក្រុងស្វាយរៀង (ទំនប់តាណេង)

-កសាងវត្ដអារាម សាលារៀន ក្លិបវាយសី  ផ្លូវថ្នល់ មន្ទីរពេទ្យមួយចំនួន

-បច្ចុប្បន្ន             តំណាងរាស្រ្តមណ្ឌលកំពង់ចាម

៣២.ឯកឧត្តម​ជៀង អំ (​២០០៥-២០១៦)

-ថ្ងៃខែឆ្នាំកំណើត      ១២ ធ្នូ ១៩៥៦

-ឋានន្ដរសក្តិ                      ឧត្ដមមន្រ្ដី លេខ ១          ​

-អត្ដលេខ                        ​១៥៦២០០០១៧៤

-ការសិក្សា                       បណ្ឌិតសភាយោធា, អនុបណ្ឌិតគ្រប់គ្រង

រដ្ឋបាលសាធារណៈ

-អតីតកាល                       អភិបាលខេត្ដកំពង់ធំ ខេត្ដកំពង់ចាម          ​

-សមិទ្ធផល                       -កសាងសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្ដអារាម អគាររដ្ឋបាលឃុំ ប្រឡាយ​ទឹក ស្រះទឹក បង្គោលភ្លើងសាធារណៈ ចំណតរថយន្តផ្សារវាលយន្ត-ក្រុងបាវិត និងតំបន់សេដ្ឋកិច្ចពិសេស

                                -ទំនប់ស្ទាក់ទឹកទន្លេវ៉ៃគោ និងដូនស

                         -បង្កើតក្រុងបាវិត-ក្រុងស្វាយរៀង

៣៣.ឯកឧត្តម​ម៉ែន វិបុល (ខែមីនា ឆ្នាំ២០១៦-បច្ចុប្បន្ន)

-ថ្ងៃខែឆ្នាំកំណើត      ២៨ សីហា ១៩៦៣

-ឋានន្ដរសក្តិ                      ឧត្ដមមន្រ្ដី លេខ ៤          ​

-អត្ដលេខ                        ១៦៣២០០០១៨៤

-ការសិក្សា                       បរិញ្ញាបត្រជាន់ខ្ពស់

-អតីតកាល                       នាយកសាខាធនាគារជាតិខេត្ដ អភិបាលរងខេត្ដស្វាយរៀង     ​

-សមិទ្ធផល                       កែលម្អសោភ័ណភាពទីធ្លាសាលាខេត្ដ  ដោយរៀបចំឲ្យមានចំណត  យានយន្ដត្រឹមត្រូវ និងរៀបចំប្លង់សម្រាប់កសាងអគារសាលប្រជុំថ្មី អគារប្រចាំបញ្ជា និងសមិទ្ធផលនានាមួយចំនួន

៣. ទីតាំងសាលាខេត្ត ទីតាំងសំខាន់ៗដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង និងសមិទ្ធផលថ្មីៗ

​សាលាខេត្ត មុនឆ្នាំ១៩៤០ មានទីតាំងស្ថិតនៅបរិវេណមន្ទីរអប់រំសព្វថ្ងៃ និងក្រោយឆ្នាំ១៩៤០ បានប្ដូរមកទីតាំងសាលាខេត្តបច្ចុប្បន្ន  ។ ចំពោះអាគាររ៉េស៊ីដង់បារាំង ប្រចាំស្វាយរៀង មានទីតាំងនៅមន្ទីរគណបក្សប្រជាជនខេត្ដបច្ចុប្បន្ន ។ អគាររដ្ឋបាលទេសាភិបាលបារាំង និងអមដោយការិយាល័យជំនាញសំខាន់ៗ​មួយ​ចំនួន ស្ថិតនៅខាងកើតរង្វង់មូល​វិមាន​ឯករាជ្យបច្ចុប្បន្ន មា​ន​ដូចជា ៖ ការិយាល័យពន្ធដារ សាធារណការ ​គយ សុរិយាដី និងការិយាល័យជំនាញមួយ​ចំនួនទៀត ។​
អគារមន្ទីរអប់រំ យុវជន និងកីឡាខេត្ត (រូបភាព ថតនៅឆ្នាំ២០១៣)

អគាររដ្ឋបាលខេត្ដបន្សល់ទុក មុនឆ្នាំ១៩៤០ បច្ចុប្បន្នស្ថិតនៅក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្ដ ដែលមានកម្ពស់ពីរជាន់ និងត្រូវកែសម្រួលទៅជាអគារមួយជាន់វិញនៅឆ្នាំ១៩៨៤ ។ អគារនេះ ជាអគាររដ្ឋបាលដែលចៅហ្វាយខេត្តស្វាយរៀង ធ្វើការនៅមុនឆ្នាំ១៩៤០ ។
ចំពោះរូបភាព ដើមពោធិ៍ ស្ថិតនៅក្រោយអគាររដ្ឋបាល សាលាខេត្ដ នេះ ជាកន្លែងបូងសួងសុំសេចក្ដីសុខ សម្រាប់អ្នករាជការ នាសម័យនោះ ។
រូបសំណាកគោនន្ទី (រូបភាព ថតនៅឆ្នាំ២០១៤)

រូបសំណាក​ព្រះគោនន្ទីនេះ​  កសាងឡើងនាសតវត្សរ៍ទី៧  ធ្វើអំពីថ្មភក់​ មានកម្ពស់ ០,៣៣ ម៉ែត្រ​និង​តួខ្លួនមានប្រវែង ០,៥៥ ម៉ែត្រ ត្រូវបានគេរកឃើញចន្លោះឆ្នាំ១៩៣០-១៩៣៦ ក្នុង  បា្រសាទព្រៃបាសាក់ ស្ថិតនៅឃុំបាសាក់ ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយជ្រំ)
អគាររដ្ឋបាលខេត្តបច្ចុប្បន្ន

ចំពោះរូបភាពចាស់ មិនមានបន្សល់ទុក គ្រាន់តែបញ្ជាក់អំពីទីតាំង ក្រោយឆ្នាំ១៩៤០ អគាររដ្ឋបាល ត្រូវបានផ្លាស់ប្ដូរមកទីនេះ ។ នៅសម័យបារាំង អគាររដ្ឋបាលខេត្តកសាងពីឈើប្រក់គ្បឿង ក្រោយមក​ប្ដូរទៅជាអគារថ្ម នៅឆ្នាំ១៩៤៥​ ក្នុងអំឡុងពេលសង្រ្គាមបារាំង ជប៉ុន ។ ឆ្នាំ១៩៤៦ កសាងគ្រឹះអគារ​ពីឥដ្ឋតាន់ ។ អគាររដ្ឋបាលសាលាខេត្ដថ្មី ត្រូវបានកសាង នៅឆ្នាំ១៩៨៦ មានកម្ពស់ពីរជាន់ ក្នុងអាណត្ដិ លោក មោគ ស៊ឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្ត រហូតដល់បច្ចុប្បន្ន និងកែសម្រួលបន្ថែមនៅក្នុងអាណត្ដិ ឯកឧត្តម ជៀង អំ ជាអភិបាលខេត្ដ ។
អគារគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន (ថតឆ្នាំ២០១៣)

អគារគណបក្សប្រជាជនកម្ពុជាខេត្ដបច្ចុប្បន្ននេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៨៧ ដោយ    ឯកឧត្ដម ហុក ឡងឌី ។ ពីមុនទីតាំងនេះ ជាអគារ​ទេសាភិបាលបារាំងប្រចាំប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង ដែលត្រូវបានបារាំងជ្រើសរើសយក ចាប់ពីឆ្នាំ១៨៨៩ ។ ដោយឡែក រូបភាពអគារទេសាភិបាលបារាំង ពុំមានបន្សល់ទុកឡើយ ។
វិមានឯករាជ្យខេត្តស្វាយរៀង

វិមានឯករាជ្យខេត្ដស្វាយរៀង កសាងឡើងនៅអំឡុងឆ្នាំ ១៩៥៩ ដោយលោក ញាន ធៀង ក្នុងសម័យសង្គមរាស្រ្តនិយម ។ បច្ចុប្បន្ន រូបនេះត្រូវបានរចនាថ្មីឡើងវិញ ។

ទីតាំងកំពង់ផែសម័យអាណានិគមនិយមបារាំង

     កាលពីសម័យអាណានិគមនិយមបារាំង ទីតាំងនេះ ជាកន្លែងកំពង់ផែ និងជាកន្លែងសម្រាប់ឈ្មួញដឹកទំនិញផ្សេងៗផងដែរ ។ បច្ចុប្បន្ន ជាអាងស្ដុកទឹកក្នុងខេត្ដ ដែលអាចស្ដុកទឹកក្នុងបរិមាណប្រមាណ ៣០លានម៉ែត្រគូប និងជាកន្លែងសម្រាប់ប្រារព្ធពិធីប្រណាំងទូក​ ។

វាលយន្តហោះសម័យបារាំង ត្រូវបានទុកចោល ហើយក្នុងឆ្នាំ ២០០៧ ក្រោមគំនិតផ្ដួចផ្ដើមពី ឯកឧត្ដម ហុង ឡងឌី បានអភិវឌ្ឍជាសំណង់ផ្ទះល្វែង ។

ផ្សារនេះយកឈ្មោះតាមវាលយន្តហោះសម័យបារាំង មានឈ្មោះថា ផ្សារវាលយន្ត ដែលត្រូវបានកសាងឡើង ក្នុងអាណត្តិ លោក ហែម កេតសាណា ជាចៅហ្វាយខេត្ត ក្នុងឆ្នាំ ១៩៦៧ ។ ហើយ​បច្ចុប្បន្ន ផ្សារនេះត្រូវបានជួសជុលកែលម្អ ។

វិទ្យាល័យស្វាយរៀង

ដើមឡើយ វិទ្យាល័យស្វាយរៀង មានឈ្មោះថា អនុវិទ្យាល័យព្រះសុរិយោវង្ស ដែលត្រូវបានបង្កើតឡើងដោយ ព្រះមហាក្សត្រ ព្រះបាទនរោត្តសីហនុ នៅឆ្នាំ១៩៥៤ ។ បន្ទាប់មក នៅឆ្នាំ១៩៦២ អនុវិទ្យាល័យ​ព្រះសុរិយោវង្ស​ ត្រូវបានដំឡើងទៅជា វិទ្យាល័យព្រះសុរិយោវង្ស និង ត្រូវប្ដូរឈ្មោះមកជាវិទ្យាល័យស្វាយរៀង​នៅទសវត្សឆ្នាំ៨០ រហូតមកដល់បច្ចុប្បន្ន ។
ទីតាំងនេះ ដើមឡើយជាសាលាស្រុកស្វាយទាប ក្នុងអំឡុងឆ្នាំ ១៩២៦-១៩៦១ ។ បច្ចុប្បន្ន នៅសល់តែគ្រឹះ និងត្រូវបានសាងសង់ជាស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រៃអង្គុញ​ វិញ ។

សាលាដំបូងខេត្តស្វាយរៀង ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩២២ ដោយសម្ដេចព្រះបាទ ស៊ីសុវត្ថិ ។

ទីតាំងនេះ ជាអតីតសណ្ឋាគារវិមានមនោរម្យ ដែលកសាងដោយ ឯកឧត្ដម ហុក ឡងឌី និងត្រូវបានកែសម្រួលជាស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ។

រូបថតសួនច្បារតាឌី

ឈ្មោះដើម គឺសួនច្បារពោធិព្រឹក្ស ក្រោយមក ឯកឧត្តម ហុក ឡងឌី បានធ្វើការកែលម្អ      សោភ័ណភាព ជាថ្មី និងត្រូវបានប្ដូរឈ្មោះថា ជាសួនច្បារតាឌី ។

រោងភាពយន្ដ នេះបានកសាងឡើងដោយ ឯកឧត្តម ហុក ឡងឌី
សណ្ឋាគារវ៉ៃគោ ត្រូវបានស្ថាបនា ដោយ ឯកឧត្តម ហុក ឡងឌី និងត្រូវបានកែលម្អសោភ័ណភាពឡើងវិញ នៅឆ្នាំ២០១៤

សាលប្រជុំឆ្នេរទន្លេ ស្ថាបនាដោយ ឯកឧត្តម ហុក ឡងឌី (អតីតសាលានយោបាយ) ។
 រង្វង់មូលនាគព័ន្ធខេត្តស្វាយរៀង

រូបភាព​នាគព័ន្ធ កសាងក្នុងអាណត្ដិ ឯកឧត្តម ជៀង អំ ជាអភិបាលខេត្ដ ។
ការិយាល័យអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង

ទីតាំងនេះ ជាការិយាល័យតំណាង រាស្រ្ដមណ្ឌលស្វាយរៀង ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៤ ។ កាលពីសម័យបារាំង ជាទីតាំងកងរក្សាសណ្ដាប់ធ្នាប់ ស្វ័យការពារ និងទាហានជើងក្រហមបារាំង សម្រាប់រក្សាសណ្ដាប់ធ្នាប់សាធារណៈ ។ បច្ចុប្បន្ន អគារនេះត្រូវបានកសាងអគារថ្មីជំនួសវិញ ។
សាកលវិទ្យាល័យស្វាយរៀង

សាកលវិទ្យាល័យស្វាយរៀង កសាងនៅឆ្នាំ ២០០៣ ដោយគំនិតផ្ដូចផ្ដើមពីសំណាក់ ឯកឧត្តម ហុក ឡងឌី ឯកឧត្ដម ហ៊ុន ណេង ឯកឧត្តម ជៀង អំ និងសប្បុរសជនជាច្រើនទៀត ដែលមានដើមកំណើតនៅខេត្ដស្វាយរៀង ។     

ផ្នែកទី៣

អំពីការរៀបចំ និងការបង្កើតក្រុង ស្រុក
បន្ទាប់ពីរាជការបារាំង ខ្មែរ បានបង្កើតខេត្ដស្វាយរៀង​​ នៅឆ្នាំ១៩២២ ដោយដាក់បញ្ចូលខេត្ដចំនួន៣ គឺខេត្ដរមាសហែក ខេត្ដស្វាយទាប និងខេត្ដរំដួល ជាខេត្ដតែមួយ ខេត្ដទាំងនោះត្រូវបានផ្លាស់ប្ដូរជាខណ្ឌ ចំណុះឲ្យខេត្ដស្វាយរៀង និងនៅឆ្នាំ១៩៣៥ ខណ្ឌទាំងបី ត្រូវបានប្ដូរទៅជាស្រុកវិញ ។ គេសង្កេតឃើញមានការបង្កើតស្រុក ក្រុងថ្មីជាបន្ដបន្ទាប់ ដោយឃុំ ឬតំបន់ទីប្រជុំជនខ្លះត្រូវបានដំឡើងជាស្រុក និងមានការពង្រីក បង្រួមផ្ទៃក្រឡាផងដែរ ដើម្បីឲ្យស្របទៅតាមស្ថានភាពភូមិសាស្រ្ដ ប្រជាសាស្រ្ដ និងការបម្រែបម្រួល នៃសង្គម​ ងាយស្រួលក្នុងការគ្រប់គ្រង និងប្រមូលពន្ធផ្សេងៗ ។

សរុបរួមចាប់តាំងពីកកើតខេត្ដស្វាយរៀង​ រហូតដល់បច្ចុប្បន្ន ខេត្ដស្វាយរៀង មាន ៨ក្រុង ស្រុក ៨០ឃុំ សង្កាត់ និង ៦៩០ភូមិ ។ ក្រុង ស្រុក ទាំង៨ មានជាអាទិ៍ ៖ ស្រុកស្វាយទាប ស្រុករមាសហែក ស្រុករំដួល ក្រុងស្វាយរៀង ស្រុកកំពង់រោទិ៍ ស្រុកចន្ទ្រា ស្រុកស្វាយជ្រំ និងក្រុងបាវិត ។

ចំពោះប្រវត្តិ នៃការកកើតក្រុង ស្រុកនីមួយៗ មានដូចតទៅ ៖

១. អំពីស្រុកស្វាយទាប

១.១ រឿងនិទានទាក់ទងនឹងស្រុកស្វាយទាប

ខណៈដែលពុំទាន់បានបង្កើតខេត្ដស្វាយរៀងនោះ ខេត្ដស្វាយទាប បានកើតមុនរួចទៅហើយ ក្នុងអំឡុងសតវត្សរ៍ទី១៣ ឬទី១៤ (ឯកសារខ្លះថាក្នុងរជ្ជកាលព្រះបាទអង្គឌួង)។ ផ្អែកលើភូមិសាស្រ្ដ  ខេត្ដស្វាយទាប លាតសន្ធឹងរហូតដល់ ព្រំប្រទល់កូស៊ាំងស៊ីន និងខេត្ដរោងដំរី ខាងត្បូងទល់នឹង «តឹងអាន» ។ ស្វាយទាបនេះ ជាឈ្មោះដែលអ្នកស្រុកហៅតៗគ្នា ជាទម្លាប់ ដែលដើមឡើយ មានដើមស្វាយដុះលើទីទូលមួយ ដែលដាំដោយតាទាប ទើបចាស់ពីបុរាណហៅថា «ស្វាយតាទាប» នឹងក្លាយមកជា «ស្វាយទាប» តរៀងមក ។ ចំពោះប្រវត្ដិខេត្ដនេះ តាមទស្សនាវដ្ដី សម័យសង្គមរាស្រ្តនិយម ដែលសរសេរដោយអ្នកគ្រូបង្រៀនម្នាក់ និងលោកទិត ឈុន បានរៀបរាប់ថា មានក្សត្រមួយអង្គ បាន​នាំទ័ពបោះជំរុំនៅតំបន់នេះ ក្រោយពីធ្វើចម្បាំងមិនឈ្នះមិនចាញ់ជាមួយអណ្ណាម និងសៀម ។ ដោយ​តំបន់នេះអាចធ្វើស្រែនៅរដូវវស្សា ​កងទ័ពទាំងសងខាងបានផ្អាកធ្វើចម្បាំងគ្នាមួយរយៈ ដើម្បីធ្វើសែ្រ ក្រោមពាក្យស្លោក «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ហើយក៏ចាប់ផ្ដើមបង្កបង្កើនផលដោយធ្វើស្រែ និងដាំដំណាំហូបផ្លែផ្សេងៗ ការពារខ្លាចចម្បាំងនេះ មានរយៈពេលយូរអង្វែង នារដូវប្រាំង ។ ពេលនោះ ព្រះអង្គបានរៀបចំក្បួនខ្នាត និងឧបករណ៍សឹក លាក់ទុកនៅបន្ទាយមួយ មានឈ្មោះថា       «បន្ទាយក្រាំង» និងមកធ្វើការប្រជុំជួរទ័ពនៅភូមិមួយ ក្រោយមកឈ្មោះថា «រាជមន្ទីរ» ។ ព្រះអង្គបានបោះទីតាំងស្នាក់នៅបណ្ដោះអាសន្ន ក្រោយមកទីនោះហៅថា «ព្រះពន្លា» នៅពេលនោះ ព្រះមហេសីរបស់ក្សត្រអង្គនោះ ក៏មានព្រះគភ៌ ហើយនឹកព្រះទ័យឃ្លានសោយផ្លែស្វាយ ។ ដោយតំបន់នោះរកផ្លែស្វាយសោយពុំបាន ទើបព្រះអង្គឱ្យពលសេនាដើររកផ្លែស្វាយ ក៏ធ្វើដំណើរដល់ទូលមួយ ឃើញមានដើមស្វាយមួយដើមធំ ដុះលើទូលខាងជើងព្រែកប្រសូតិបច្ចុប្បន្ន មានផ្លែ សេនានោះក៏សួរថាស្វាយអ្នកណា? អ្នកស្រុកថា​ស្វាយតាទាប ទើបបេះយកទៅថ្វាយព្រះមហាក្សត្រីសោយ ។ អំណឹះក្រោយមក ក៏ហៅថាភូមិស្វាយ​តាទាប ។ ក្រោយពីសោយផ្លែស្វាយរួច ប៉ុន្មានថ្ងៃក្រោយមកព្រះមហេសី ក៏ឈឺព្រះឧទរ ចង់ប្រសូតិបុត្រ ពេលនោះសេនាក៏បានសែងព្រះនាងមកកន្លែងថ្មីរកឆ្មប ដោយតំបន់នោះគ្មានឆ្មប ។ ស្ដេចក៏ឱ្យអាមាត្យទៅយកឆ្មបពីខេត្តរោងដំរី ។ នៅតាមផ្លូវ ពួកអាមាត្យទៅដល់តំបន់មួយ ក៏ជួបតាម្នាក់ជាមនុស្សថ្លង់ ក៏សួរនាំថា «ឆ្មបនៅឯណា?» ដោយតានោះជាមនុស្សថ្លង់ គាត់បានឆ្លើយដដែលៗថា «អី អី» អាមាត្យក៏ហៅទីនោះថា «តាអីៗ» រហូតមក ក្រោយមកក្លាយជា ភូមិតាអី ។ ចេញពីទីនោះ អាមាត្យក៏ឆ្ពោះទៅខាងលិច គេប្រាប់ថាមានឆ្មបនៅគគីជ្រំ    (តាសោមជាអ្នកដាំដើមគគី) ទើបគេហៅថា «គគីសោម» ។ ពេលជួបឆ្មប អាមាត្យបាននាំឆ្មប មកដល់ព្រែកមួយ អាមាត្យក៏ពរឆ្មបនោះឆ្លងទឹក ហៅថា ពពែត ក្រោយមកហៅថា «ពពែត» ។ ពេលមកដល់ ឆ្មបក៏បានជួយប្រសូតិបានបុត្រមួយព្រះអង្គ ទើបកន្លែងប្រសូតិបុត្រនោះ ជាប់ងារជា «ប្រសូតិ» ដល់បច្ចុប្បន្ន ។ ខណៈនោះ ពួកសេនា បានរៀបចំព្រះស្ងោយជូនម្ចាស់ក្សត្រីសោយ ដោយពុំប្រើសាច់ទេ គឺស្ងោរត្រីរ៉ស់ ដោយឃើញម្អមក្រអូប អាមាត្យក៏បេះ មកបង់ក្នុងស្ងោរត្រីនោះ ក្រោយពេលសោយស្ងោរត្រីហើយ ស្រាប់តែម្ចាស់ក្សត្រីទាស់រឹងធ្គាមសោយទីវង្គតទៅ ។ ស្ដេចខ្ញាល់ណាស់ក៏លើកព្រហស្ថអធិដ្ឋានថា សូមកុំឱ្យម្អមដុះឱ្យសោះ ។ តំណក្រោយមក ម្អមពុំដែលឃើញដុះនៅទីនោះទេ ប្រហែលជាត្រូវបណ្ដាសាររបស់ស្ដេចអង្គនោះហើយ (ប្រហែលជាស្ថិតនៅក្នុងភូមិណាមួយនៅឃុំប្រសូតិបច្ចុប្បន្ន) ។

ក្នុងអំឡុងពេលរាជការរៀបចំបង្កើតខេត្តថ្មី ដោយបំបែកចេញពីខេត្តបាភ្នំ ក៏យកតាមគោលចរឹក​ខាងលើនេះ ទើបដាក់ឈ្មោះថាខេត្តស្វាយទាប​ បច្ចប្បន្ន ជាស្រុកស្វាយទាប ។

១.២ អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុកស្វាយទាប

នៅឆ្នាំ១៩២២ សាលាខណ្ឌស្វាយទាប​ មានទីតាំងស្ថិត​នៅឃុំប្រសូតិ មាន ២៤ឃុំជាចំណុះគឺ ៖ ១-ប្រសូតិ ២-ដូង ៣-សំយោង ៤-ព្រៃធំ ៥-ត្រដែត ៦-ស្វាយតាយាន ៧-ច្រកម្ទេស ៨-ថ្មី ៩-បន្ទាយក្រាំង ១០-រាជមន្ទីរ ១១-ញរ ១២-ខ្សែត្រ ១៣-ព្រៃសង្កែ ១៤-សំឡី ១៥-ត្នោត ១៦-ច្រេស ១៧-ចន្ទ្រា ១៨-ចេក ១៩-កោះក្បា​ន់ ២០-មេសថ្ងក ២១-ពងទឹក ២២-បាទី ២៣-ប្រសប់ល័ក្ខ និង ២៤-បាវិត ។

នៅឆ្នាំ១៩២៥ ឃុំមួយចំនួនត្រូវបានផ្លាស់ប្ដូរឈ្មោះ និងលុបចោល មានដូចជា ៖ ឃុំប្រសូតិ ហៅថាឃុំសំបួរ និងខ្លះទៀតត្រូវបានលុបចោល ។

 នៅឆ្នាំ១៩២៦ សាលាខណ្ឌស្វាយទាប ត្រូវបានប្ដូរ​ទីតាំងទៅ ភូមិជីពូវ ឬទីប្រជុំជនជីពូវ ឃុំច្រកម្ទេស វិញ ដើម្បីសម្រួលកិច្ចការរដ្ឋបាលគ្រប់គ្រងដល់ឃុំមួយចំនួននៅជាប់ព្រំដែនភាគខាងកើត ។

នៅឆ្នាំ១៩៣៥ ខណ្ឌស្វាយទាប ត្រូវប្ដូរទៅជាស្រុកស្វាយទាបវិញ ។

នៅឆ្នាំ១៩៣៥ ដដែល ឃុំមួយចំនួនត្រូវបានលុបចោល និងកែសម្រួល ដូចជា ឃុំកោះក្បាន់ ត្រូវលុបចោល ហើយភូមិមួយចំនួននៃឃុំនេះ ត្រូវបញ្ចូលទៅក្នុងឃុំព្រៃគគីរ មេសថ្ងក និងឃុំសំរោង ។

នៅឆ្នាំ១៩៤៤ ឃុំមួយចំនួនត្រូវបានកាត់បញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយរៀង ដែលទើបបង្កើតថ្មី រួមមាន ឃុំសំយោង និងឃុំព្រៃធំ ។

នៅឆ្នាំ១៩៦១ ទីតាំងសាលស្រុកស្វាយទាប ត្រូវប្ដូរពីទីប្រជុំជនជីពូវ មកប្រសូតិវិញ ហើយឃុំមួយចំនួន​ដូចជា ឃុំខ្សែត្រ ញរ បន្ទាយក្រាំង រាជមន្ទីរ និងឃុំថ្មី ឃុំសំរោង និងឃុំព្រៃធំ ត្រូវបានកាត់បញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រា ដែលទើបបង្កើតថ្មី ។

នៅឆ្នាំ១៩៦៨ ឃុំមួយចំនួនត្រូវបានកាត់បញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រា រួមមាន ឃុំមេសថ្ងក ចន្ទ្រា បាទី ច្រេស​ រីឯឃុំបាវិត ​ត្រូវបានកាត់បញ្ចូលនៅក្រោយឆ្នាំ១៩៧៩ ។

បច្ចុប្បន្ន សាលាស្រុកស្វាយទាប ស្ថិតនៅទីប្រជុំជនប្រសូតិ និងមានឃុំចំណុះ ចំនួន ៩ឃុំ គឺ ៖ ១-គគីរសោម ២-មនោរម្យ ៣-កណ្ដៀងរាយ ៤-ពពែត ៥-ព្រៃតាអី ៦-រមាំងថ្កោល ៧-ស្វាយរំពារ         ៨-ប្រសូតិ ៩-សំបួរ ។

១.៣ អំពីការផ្លាស់ប្ដូរឈ្មោះស្រុកស្វាយទាប

          ចន្លោះឆ្នាំ១៩៧៥-១៩៨០ ស្រុកស្វាយទាបត្រូវបានប្ដូរឈ្មោះជា ស្រុកប្រសូតិ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត) ។ ក្រោយថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨០ នៅប្រើឈ្មោះស្រុកប្រសូតិដដែល ។ ហើយឈ្មោះស្រុកប្រសូតិនេះ ត្រូវបានប្ដូរទៅជាស្រុកស្វាយទាបវិញ នៅឆ្នាំ១៩៨០ ។

១.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

          ស្រុកស្វាយទាប មានព្រំប្រទល់ខាងជើងជាប់នឹងស្រុករំដួល និងស្រុកចូវថាញ់ ខេត្តតៃនីញ​ប្រទេសវៀតណាម ខាងត្បូងជាប់នឹងក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍ ខាងកើតជាប់នឹងក្រុងបាវិត និងស្រុកបេនកូវ ខេត្តតៃនីញ​ ប្រទេសវៀតណាម និងខាងលិចជាប់នឹងក្រុងស្វាយ​រៀង ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ៣៤៩,៣៧ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៥៩.០៤៤ នាក់ ។

១.៥ អំពីការគ្រប់គ្រងដឹកនាំស្រុកស្វាយទាប

-ឈ្មោះ ប៊ុន ហោ  (១៩២២) វរមន្រ្ដីថ្នាក់លេខ៥ អត្តលេខ​៧៥  អតីតចៅហ្វាយខេត្ដទន្លេពៅ

-ឈ្មោះ នៅ មុត (-១៩៥៦) ក្រមការលេខ២

-ឈ្មោះ តៃ ជិនសូអាត (១៩៥៩-) មន្ត្រីបម្រុងរាជការ អតីតព្រិន្ទបាលទោ នៃកងប្រដេញខេមរៈ

-ឈ្មោះ ហង់ ចាន់ (១៩៦៥-១៩៧១)

-ឈ្មោះ គឹម ភៀប (១៩៧១-១៩៧៥)

-សមមិត្ដ សា លីវ (១៩៧៥-១៩៧៨)

-សមមិត្ដ ប៉ែន ផល្លី (១៩៧៩-១៩៨១)

-សមមិត្ដ សរ សម (១៩៨១-១៩៨៤)

-សមមិត្ដ ទេព ធន់ (១៩៨៤-១៩៨៧)

-សមមិត្ដ កែន សាវឿន (១៩៨៧-១៩៩១)

-លោក ម៉ៅ វារៈ (១៩៩១-១៩៩៩)

-លោក ធឹម ណាត (១៩៩៩-២០០៥)

-លោក សំ ថា (២០០៥-២០១៦)

-លោក ម៉ែន សារ៉ាន់( ២០១៦-បច្ចុប្បន្ន)
២. អំពីស្រុករមាសហែក

. រឿងនិទានទាក់ទងនឹងស្រុករមាសហែក

        ស្រុករមាសហែក ដែលដើមឡើយជា ខេត្ដរមាសហែក ត្រូវបានបង្កើតឡើងក្នុងសតវត្សរ៍ទី១៦និងមួយផ្នែកនៃស្រុកនេះកាលពីអតីតត្រូវបានគ្រប់គ្រងដោយខេត្ដបាភ្នំ ខេត្ដរោងដំរី និងខេត្ដត្បូងឃ្មុំនោះ មានប្រវត្តិទាក់ទងនឹងរឿងនិទាន ដែលមានតំណាលដូចតទៅ ៖ កាលដើមឡើយ ចន្លោះពីខេត្ដរោងដំរី និងខេត្ដបាភ្នំ ជាតំបន់ព្រៃក្រាស់ សំបូរទៅដោយសត្វ និងរុក្ខជាតិគ្រប់ប្រភេទ ។ តាំងពីបុរាណកាលមក គ្មានមនុស្សរស់នៅតំបន់នោះឡើយ ។ តំណក្រោយមក មានគ្រួសារមួយកើតជំងឺចម្លែកពេញខ្លួនប្រាណ (ជំងឺឃ្លង់) នៅលើខ្លួនប្រាណរបស់ពួកគេ មានដំបៅរលេះរលួយ និងរមាស់ពេញទាំងខ្លួន ។ ដោយស្លៀកពាក់ពុំបាន និងខ្មាស់ដល់បណ្ដាអ្នកស្រុក ភូមិដទៃទៀត ក្រុមគ្រួសារនេះ បានសម្រេចចិត្ដធ្វើដំណើរចូលព្រៃក្រាស់ ដើម្បីគេចពីភ្នែកមហាជន និងផ្ដល់រូបកាយដល់​សត្វសាហាវស៊ីជាចំណីអាហារ ។ ពួកគេបានធ្វើដំណើរចូលទៅដល់ព្រៃក្រាស់មួយ (បច្ចុប្បន្នភូមិអំពិល) ក្រុមគ្រួសារដែលមានជំងឺឃ្លង់ ក៏ឈប់សម្រាកនៅក្នុងព្រៃនោះ និងរង់ចាំសត្វសាហាវមកស៊ីជាអាហារ ហើយ​បានបួងសួងថា បើកើតជាតិណាណា កុំឲ្យកើតជំងឺនេះ ។ ក្រោយពីបួងសួងរួច គ្រួសារនេះ បានដេកកណ្ដាលព្រៃដើម្បីឲ្យសត្វសាហាវស៊ីជាអាហារ។ ប៉ុន្ដែសត្វខ្លា ឆ្កែចចក និងសត្វសាហាវដទៃទៀត ឃើញមនុស្សឃ្លង់ទាំងនោះ ក៏ដើរគេចចេញ មិនហ៊ានស៊ី មនុស្សទាំងនោះឡើយ ។ តំណក្រោយមកទៀត ក្រុមគ្រួសារនេះ បានរស់នៅ និងបានបង្កើតកូនចៅ រហូត ក្លាយជាភូមិមួយ ។ ជំងឺឃ្លង់បានរាតត្បាតពេញទាំងភូមិ ហើយអ្នកស្រុកជិតខាង បានហៅថាភូមិគម្លង់ ឬ ភូមិឃ្លង់ ។ ភូមិឃ្លង់នេះ អ្នកស្រុកគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ក៏នាំគ្នាយកស្លឹកឈើ ឬកន្ទេលមកបិទបាំងរាងកាយ និងដោយរមាស់ខ្លាំងពេក ទើបអ្នកស្រុកដែលកើតជំងឺឃ្លង់ទាំងនោះ នាំគ្នាហែកស្បែកហាលកំដៅថ្ងៃ ។ អ្នកស្រុកតែងហៅថាភូមិរមាស់ស្បែក ឬខ្លះហៅថា ភូមិរមាស់ហែក ។ ដោយឈ្មោះនេះ អាក្រក់ស្ដាប់ពេក នៅក្នុងអំឡុងពេលបង្កើតខេត្ដរមាសហែក ព្រះមហាក្សត្រខ្មែរ បានប្ដូរទៅជា​ រមាសហែកវិញ ។

. អំពីទីតាំងសាលាស្រុក និងឃុំ ចំណុះស្រុករមាសហែក

នៅឆ្នាំ១៩២២ សាលាខណ្ឌរមាសហែក មានទីតាំងនៅទីប្រជុំជនចន្រ្ដី មានឃុំចំណុះ ចំនួន ១៥ឃុំ គឺ ៖ ១-ព្រៃរលួស ២-ម្រាម ៣-មុកដា ៤-ចន្រ្តី ៥-ត្រពាំងស្តៅ ៦-អណ្តូងពោធិ៍ ៧-អង្គប្រសែ្រ ៨-ព្រៃស្វាយ ៩-ដក់ពរ ១០-ចុងអូ ១១-អំពិល ១២-កាខុប ១៣-ជីហោរ ១៤-អណ្តូងត្របែក និង ១៥-ឃុំដូង ។

នៅឆ្នាំ១៩២៣ ឃុំត្រស់ត្រូវបានបង្កើតឡើង ក្នុងនោះមានភូមិចំនួន៧ គឺភូមិត្រស់ តាសួស ដូនឱក ពន់ ឈើខ្លឹម បឹង និងភូមិខ្សែសដែក ។

នៅឆ្នាំ១៩២៤ ទីតាំងសាលាខណ្ឌរមាសហែក ត្រូវប្ដូរពីចន្ត្រី ទៅកាន់ទីប្រជុំជនកំពង់ត្រាចវិញ ។

នៅឆ្នា១៩២៥ ឃុំចន្ត្រី ត្រូវប្ដូរឈ្មោះទៅជាឃុំធ្មាវិញ រី៑ឯឃុំដូងហៅថាឃុំព្រះបន់លារ ។

នៅឆ្នាំ ១៩៣៥ ខណ្ឌរមាសហែក ត្រូវប្ដូរទៅជាស្រុករមាសហែកវិញ ដោយរក្សាឃុំនៅដដែល ។

នៅឆ្នាំ១៩៣៥ ឃុំមួយចំនួនត្រូវបានផ្លាស់ប្ដូរឈ្មោះ និងលុបចោល មានដូចជា ៖ ឃុំដក់ពរត្រូវលុបចោល និងបញ្ចូលទៅក្នុងឃុំអណ្ដូងត្របែក និងព្រៃស្វាយ ។ ឃុំជីហរ ត្រូវលុបចោល និងភូមិមួយចំនួនត្រូវបញ្ចូលទៅក្នុងឃុំអំពិល ។ រីឯឃុំកាខុប និងចុងអូ ត្រូវលុបចោល ហើយបង្កើតឃុំថ្មីជំនួស គឺឃុំកំពង់ត្រាច ។ ឃុំចន្រ្តី ត្រូវបានបង្កើតឡើងវិញ ដោយលុបឃុំរលួសចោល ។

បច្ចុប្បន្ន សាលាស្រុករមាសហែក មានទីតាំងស្ថិតនៅ ទីប្រជុំជនផ្សារកំពង់ត្រាច និងមានឃុំចំណុះ​ចំនួន ១៦​ គឺ ៖ ១-ម្រាម ២-មុខដា ៣-ចន្ត្រី ៤-ត្រពាំងស្ដៅ ៥-អណ្ដូងពោធិ៍ ៦-អង្គប្រស្រែ ៧-ដូង ៨-អំពិល ៩-អណ្ដូងត្របែក ១០-ត្រស់ ១១-សម្បត្តិមានជ័យ ១២-ជ្រៃធំ ១៣-គគីរ ១៤-ក្រសាំង ១៥-សំបួរ ១៦-កំពង់ត្រាច ។

.៣ អំពីការបង្កើតស្រុកថ្មីបន្ថែម

            ចន្លោះឆ្នាំ១៩៧៥-១៩៨០ ស្រុករមាសហែកត្រូវបានបំបែកស្រុកជាពីរ គឺ ស្រុកក្រសាំង និងស្រុករមាសហែក នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត) ។ ក្រោយថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨០ នៅប្រើឈ្មោះស្រុកក្រសាំងដដែល និងគ្រប់គ្រងដឹកនាំដោយ សមមិត្ត រស់ ឆាយ ។ ហើយស្រុកក្រសាំងនេះ ត្រូវបានបញ្ចូលទៅក្រោមការគ្រប់គ្រងរបស់​ស្រុករមាសហែកវិញ នៅអំឡុងឆ្នាំ១៩៨០ ។

.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

        ស្រុករមាសហែក មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកកំចាយមា ខេត្តព្រៃវែង ខាងត្បូងជាប់នឹងស្រុករំដួល និងស្រុកស្វាយជ្រំ ខាងកើតជាប់នឹងស្រុកចូវថាញ់ ខេត្តតៃនីញ ប្រទេសវៀតណាម និងខាងលិចជាប់នឹងស្រុកមេសាង ខេត្តព្រៃវែង ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ៧៨០,៧៧ គីឡូម៉ែត្រការ៉េ(អាចមានការប្រែប្រួល  ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៥៩.០៤៤ នាក់ ។

. អំពីការគ្រប់គ្រងដឹកនាំស្រុករមាសហែក

-ឈ្មោះ សុខ តូ  (១៩២២)  ជាចៅហា្វយខណ្ឌរមាសហែក 

ក្នុងអំឡុងសម័យអាណានិគមនិយមបារាំង ថ្នាក់ដឹកនាំស្រុករមាសហែក មានចំនួន ០៨រូប ប៉ុន្ដែពុំមានឯកសារ បញ្ជាក់ពីឆ្នាំ នៃការគ្រប់គ្រងស្រុកឡើយ ។ ថ្នាក់ដឹកនាំទាំងនោះ រួមមាន ៖

១.ឈ្មោះ យុង យ៉ា ២.ឈ្មោះ ប៉ុក សាឯម ៣.ឈ្មោះ នាង ៤.ឈ្មោះ ថឹង និរតី ៥.ឈ្មោះ សាអ៊ុំ ព្រៅ ៦.ឈ្មោះ ឯម សាម ៧.ឈ្មោះ សុទ្ធ ស៊ីសាមុត ៨.ឈ្មោះ ទេព ហង់ ។ បន្ទាប់មក មានថ្នាក់ដឹកនាំស្រុករមាសហែក ដូចខាងក្រោម ៖

-ឈ្មោះ ធៀង ម៉ារ៉ាដី (១៩៤៧​) ជាចៅហ្វាយស្រុក រមាសហែក ផ្លាស់ទៅរំដួល​ នៅ​ឆ្នាំ១៩៥៤

-ឈ្មោះ កុយ ស្មាន់ (១៩៥៣-១៩៥៤)

-ឈ្មោះ ញ៉ែម នៅ (១៩៥៤-១៩៥៥)

-ឈ្មោះ គង់ នាង (១៩៥៥-១៩៥៦)

-ឈ្មោះ គយ គៀត (១៩៥៦-១៩៥៨)

-ឈ្មោះ កេង ស៊ីផាន់ (១៩៥៨-១៩៦១)

-ឈ្មោះ សៅ សាគិត (១៩៦១-១៩៦៤)

-ឈ្មោះ គង់ សាត (១៩៦៤-១៩៦៧)

-ឈ្មោះ អ៊ូ សាឯម (១៩៦៧-១៩៧០) (ស័ក្ដិបី អនុសេនីយ៍ឯក) ត្រូវស្លាប់ដោយខ្មែរក្រហមស្ទាក់បាញ់សម្លាប់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៧០ ។ បន្តដោយអភិបាលរងទី២ខេត្ត គ្រប់គ្រងស្រុករហូត ដល់ឆ្នាំ១៩៧៥ ប៉ុន្ដែ មិនបានឈរជើង ប្រចាំការនៅក្នុងស្រុកឡើយ ។

-សមមិត្ដ ពត សាផល់ ហៅម៉យ (១៩៧៥-១៩៧៧)

-សមមិត្ដ សាលន (១៩៧៧-១៩៧៩)

ក្រោយថ្ងៃរំដោះ ៧ មករា​ ១៩៧៩ ស្រុករមាសហែក មានថ្នាក់ដឹកនាំស្រុក ដូចខាងក្រោម ៖

-សមមិត្តដូង ណឹម ហៅណៃ

-សមមិត្ដ ប្រាក់ ចាំ

-សមមិត្ដ ទិត្យ យ៉ន

ដ -សមមិត្ត ម៉ែន គុយ

-សមមិត្ដ ម៉ុក យ៉ន

-សមមិត្ដ អុក ហាន

-លោក ម៉ៅ វីរៈ (១៩៩៩-២០១១)

-លោក ហែន សាគុន (២០១១-២០១៣)

-លោក ពេញ ជា (២០១៣-២០១៩)

-លោក ស៊ូ មុល (២០១៩-បច្ចុប្បន្ន) ។
៣. អំពីស្រុករំដួល

៣.១ រឿងនិទានទាក់ទងនឹងស្រុករំដួល

រឿងនិទានទាក់ទងនឹងស្រុករំដួល មានដូចខាងក្រោម ៖

និទានទី១ ៖ តាមប្រសាន៍លោកព្រឹទ្ធាចារ្យ មោក ស៊ឹម អតីតសាស្រ្ដាចារ្យសម័យសង្គមរាស្រ្ត​និយម និងតាមការស្រាវជ្រាវ​លើភស្ដុតាងមួយចំនួនបានបញ្ជាក់ថា កាលដើមឡើយអ្នករាជការដែលត្រូវ    ព្រះមហាក្សត្រតែងតាំងក្នុងមុខងារ និងមកគ្រប់គ្រងដែនដីនៅសម័យនោះ តែងតែគោរពប្រតិបត្ដិទៅលើជំនឿផ្សេងៗ ជាពិសេសតាមបែបព្រហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេព ដើម្បីសុំសេចក្ដីសុខជូនប្រជារាស្រ្ដ ដោយហេតុថា ព្រហ្មញ្ញសាសនា ត្រូវបានគោរព និងមានជំនឿយ៉ាងមុតមាំក្នុងផ្នត់គំនិតអ្នករាជការ កាលពីជំនាន់ដើម ជាភស្ដុតាង មានដូចជា ប្រាសាទព្រៃបាសាក់​មានរចនាបថបែបព្រហ្មញ្ញសាសនា និងមានតាំងរូបព្រះគោនន្ទី ជាជំនិះព្រះឥសូរ។ បច្ចុប្បន្ន ប្រាសាទនេះ ត្រូវបានខូចខាតទាំងស្រុង នៅសល់តែគ្រឹះវិហារដែលតាំងរូបព្រះឥសូរកាលពីជំនាន់ដើម ។ រីឯព្រះគោនន្ទី  ត្រូវបានគេយកទៅតាំងនៅសារមន្ទីរជាតិភ្នំពេញ ។ បច្ចុប្បន្ន ពុទ្ធបរិស័ទ បានកសាងរូបព្រះពុទ្ធធំមួយព្រះអង្គនៅព្រៃបាសាក់ជំនួសវិញ ។ ដូច្នេះហើយ ទើបនៅសម័យដើម គេប្រារព្ធពិធីបូជាយញ្ញសម្រាប់ឧទ្ទិសថ្វាយព្រះអាទិទេពធំទាំងបីមាន ព្រះឥសូរ ព្រះនរាយណ៍ និងព្រះព្រហ្មណ៍ ដូចជា ៖

-រុំស្បៃ រាំថ្វាយព្រះអាទិទេព ពិធីនេះគេធ្វើនៅវត្ដក្ដីរំដួល គឺតំណមពីដើមគ្រប់មន្រ្តីរាជការ​មាន​ដូចជា ចៅហ្វាយខេត្ត មេស្រុក ពេលមកថ្មី ត្រូវតែធ្វើពិធីបូជាយញ្ញនេះ បើពុំនោះទេ ពុំបានក្ដីសុខឡើយ ។

-បូជាមនុស្ស ឬសត្វ ជូនព្រះអាទិទេព ។ តំណក្រោយមក មានបូជាសាច់សត្វក្របី ដោយយកសាច់​ ដោតជាដំណោតទំហំប៉ុនកដៃ អាំងរាប់រយដុំ រួចឧទ្ទិសថ្វាយព្រះអាទិទេព ព្រមទាំងមានពិធីរាំថ្វាយ​ព្រះអាទិទេព ដោយអ្នករាំ ជានារីព្រហ្មចារី និងមានរុំស្បៃជុំវិញខ្លួន​ តុបតែងដូចស្ត្រីឥណ្ឌា។

ក្នុងសម័យកាលមួយ មន្រ្ដីត្រួតត្រាខេត្ដរោងដំរី និងខេត្ដបាភ្នំ បានធ្វើពិធីនេះ ​ដើម្បីបូងសួងសុំសេចក្ដីសុខ ។ អំឡុងពេល នារីរាំ​ ថ្វាយព្រះអាទិទេព បានទាក់ជើងនឹងជាយស្បៃដួលពេលកំពុងរាំ ទើបមន្រ្ដីទាំងនោះ ហៅថា នាងរុំដួល ។ ក្រោយមកទៀត គេហៅថា ស្រុកនាងរុំដួល បន្ដបន្ទាប់ហៅថាស្រុករុំដួល បច្ចុប្បន្នក្លាយជាស្រុករំដួល ។

ទី២ តាមពាក្យចចាមអារ៉ាម ថា ៖ ទាក់ទិននឹងស្រុករំដួលនេះ ដើមឡើយ ប្រជាជនរស់នៅទីនេះ បានប្ដឹងផ្ដល់គ្នាដល់ព្រះមហាក្សត្រ ព្រោះតែរឿងដណ្ដើមគ្នាកាន់កាប់ដើមរំដួល ១ដើម ទើបព្រះមហាក្សត្រ បានប្រទានងារថា ស្រុកក្ដីរំដួល ។ បច្ចុប្បន្នមានវត្ដមួយ ឈ្មោះវត្ដក្ដីរំដួល ស្ថិតនៅ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ តំណក្រោយមកក៏កើតជាខេត្ដរំដួល និងក្លាយមកជាខណ្ឌរំដួល រហូតមក ក្លាយជាស្រុករំដួល រហូតសព្វថ្ងៃ។

. អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុករំដួល

នៅឆ្នាំ១៩២២ សាលាខណ្ឌរំដួល មានទីតាំងស្ថិតនៅព្រៃឆ្លាក់ មាន ​៣៧ឃុំ គឺ ៖ ១-ស្វាយចេកឯលិច ២-ឈើទាល ៣-គ្រួស ៤-ចំបក់ ៥-កំពង់ចំឡង ៦-ស្វាយជ្រំ ៧-ពោធិរាជ ៨-ចេក ៩-បាសាក់ ១០-ប្រសូតិ ១១-ថ្មី ១២-រមាំងថ្កោល ១៣-សង្ឃ័រ ១៤-ក្រោលគោ ១៥-សីកា ១៦-ស្វាយយា ១៧-ស្វាយអង្គ ១៨-គោកព្រីង ១៩-ព្រៃដំឡូង​ ២០-ធ្លក ២១-បឹងគ្រៀល ២២-រកា ២៣-ល្ងើន ២៤-ម៉ឺនជ័យ ២៥- ចន្រ្តីយ ២៦-ម៉ូរាជ ២៧-កំពង់អំពិល ២៨-ជ្រុងពពេល ២៩-ថ្នាធ្នង់ ៣០-បុសមន ៣១-សង្កែ ៣២-ស្វាយចេកឯកើត ៣៣-ចក ៣៤-ពងទឹក ៣៥-ស្វាយរំពា ៣៦-ពពែត និង ៣៧-ឃុំគគីរសោម ។

នៅឆ្នាំ១៩២៥ ឃុំមួយចំនួនត្រូវបានកែសម្រួល និងផ្លាស់ប្ដូរហៅតាមឈ្មោះថ្មី មានដូចជា ៖ ឃុំថ្មី ត្រូវបានលុបចោល និងប្ដូរទៅជាឃុំស្វាយរៀង ឃុំស្វាយចេកឯកើត ហៅថាឃុំស្វាយចេក ឃុំស្វាយចេកឯលិច ហៅថាឃុំស្វាយធំ ឃុំចេក ហៅថាឃុំសំរ៉ោង ឃុំពងទឹក ហៅថាឃុំគគីរ ។

នៅឆ្នាំ១៩៣៥ ឃុំមួយចំនួនត្រូវបានកែសម្រួល និងផ្លាស់ប្ដូរហៅតាមឈ្មោះថ្មី មានដូចជា ៖ ឃុំបឹងគ្រៀល និងឃុំរកា ត្រូវលុបចោល ហើយភូមិមួយចំនួននៃឃុំនេះ ត្រូវបញ្ចូលទៅក្នុងឃុំអង្គតាសូ ។

ឃុំត្រដែត ត្រូវលុបចោល  ហើយភូមិមួយចំនួននៃឃុំនេះ ត្រូវបញ្ចូលទៅក្នុងឃុំព្រះពន្លា ។

នៅឆ្នាំ១៩៣៥ ដដែល ខណ្ឌរំដួល ត្រូវបានប្ដូរទៅជាស្រុករំដួលវិញ ។

នៅឆ្នាំ១៩៣៦ ឃុំម្រាចត្រូវបានលុបចោល និងបញ្ចូលទៅក្នុងឃុំស្វាយចេក ។ ឃុំព្រៃដំឡូង ត្រូវលុបចោល ជំនួសដោយឃុំគោកព្រីង និងឃុំពោធិ៍រាជ​ ។ រីឯឃុំសីកា ត្រូវបានលុបចោល ហើយជំនួសដោយឃុំស្វាយយា និងឃុំស្វាយអង្គ ហើយបានបង្កើតឃុំថ្មីមួយ គឺឃុំស្វាយរៀង ។

នៅឆ្នាំ១៩៤៤ សាលាស្រុករំដួល ត្រូវបានប្ដូរពីព្រៃឆ្លាក់ ទៅកំពង់ចក រហូតដល់បច្ចុប្បន្ន ហើយ​ឃុំមួយចំនួនត្រូវបានកាត់បញ្ចូលទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយរៀង ដែលទើប​បង្កើតថ្មី​ រួមមាន ស្វាយជ្រំ ឈើទាល ក្រោលគោ គោកព្រីង បាសាក់ ចំបក់ កំពង់ចំឡង ស្វាយអង្គ ល្ងើន ស្វាយយា ចេក និងឃុំស្វាយរៀង ។

បច្ចុប្បន្ន សាលាស្រុករំដួល មានទីតាំងស្ថិតនៅទីប្រជុំជនកំពង់ចក និងឃុំចំណុះ ចំនួន១០ គឺ ៖ ១-បុសមន ២-ធ្មា ៣-កំពង់ចក ៤-ជ្រុងពពេល ៥-ពងទឹក ៦-ថ្នាធ្នង់ ៧-ម៉ឺនជ័យ ៨-កំពង់អំពិល  ៩-សង្កែ ១០-ស្វាយចេក ។

.២ អំពីការផ្លាស់ប្ដូរឈ្មោះស្រុករំដួល

ចន្លោះឆ្នាំ១៩៧៥-១៩៨០ ស្រុករំដួលត្រូវបានប្ដូរឈ្មោះថ្មីថាជា ស្រុកសំរោង នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត) ។ ក្រោយថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨០ នៅប្រើឈ្មោះស្រុកសំរោងដដែល ។ ហើយឈ្មោះស្រុកសំរោងនេះ ត្រូវបានប្ដូរទៅជាស្រុករំដួលវិញ នៅអំឡុងឆ្នាំ១៩៨០ ។

.៣ អំពីផ្ទៃដី និងចំនួនប្រជាជន

ស្រុករំដួល មានព្រំប្រទល់ខាងជើងជាប់នឹងស្រុករមាសហែក ខាងត្បូងជាប់នឹងក្រុងស្វាយរៀង និង ស្រុកស្វាយទាប ខាងកើតជាប់នឹងស្រុកចូវថាញ់ ខេត្តតៃនីញ ប្រទេសវៀតណាម និងខាងលិចជាប់នឹងស្រុកស្វាយជ្រំ ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ២៨៧,០៨ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៥៧.៩៧៩ នាក់ ។

.៤ អំពីការគ្រប់គ្រងដឹកនាំស្រុករំដួល

– ឈ្មោះ នាង ប៊ិន ឆ្នាំ១៩២២ ក្រមការថ្នាក់លេខ ៤ លេខសម្គាល់ ៨២២ អតីត​ចៅហ្វាយ​ខេត្ត​រមាសហែក ​ជាចៅហ្វាយខណ្ឌរំដួល ខេត្តស្វាយរៀង ។

-ឈ្មោះ ធឿន សាត ឆ្នាំ១៩៤៧ អត្ដលេខ ១៦៤២ អនុមន្រ្ដីលេខ២

-ឈ្មោះ អ៊ឹង យ៉ឹបងួន ឆ្នាំ១៩៤៧-១៩៥៣ អត្ដលេខ ១៣៦៩ ក្រមការលេខ ១

-ឈ្មោះ ធឹង មាលតី ឆ្នាំ១៩៥៣-១៩៥៥

-ឈ្មោះ ហេង យី ឆ្នាំ១៩៥៥-១៩៥៧

-ឈ្មោះ ជាប ជាន ឆ្នាំ១៩៥៩ ក្រមការថ្នាក់លេខ២ បម្រុងរាជការ អតីតព្រិន្ទបាលឯក នៃ   កងរក្សាប្រទេស

-ឈ្មោះ វ៉ាន់ ប៊ុនជាន់ ឆ្នាំ១៩៥៧-១៩៦២

-ឈ្មោះ ជាប ដៀន ឆ្នាំ១៩៦៣-១៩៦៧

-ឈ្មោះ ហង់ ចាន់

-ឈ្មោះ ប៉ែន ថ្លា

-ឈ្មោះ អ៊ីវ ថាន់

-ឈ្មោះ រាជ សាត

-ឈ្មោះ នាង ម៉ែន (សម័យសាធារណៈរដ្ឋខ្មែរ)

-សមមិត្ដ តូច មួង          (១៩៧៩-១៩៨០)

-សមមិត្ត ញូង សុខុម       (១៩៨០)

សមមិត្ដ នង សុខ         (១៩៨០-១៩៨១)

-សមមិត្ដ នាង សៅ        (១៩៨១)

-សមមិត្ដ មុំ ទិត           (១៩៨១-១៩៨៥)

-សមមិត្ដ ហ៊ សារុន        (១៩៨៥-១៩៩១)

-លោក មុំ ទិត                 (១៩៩១-១៩៩៥)

-លោក ហ៊ សារុន         (១៩៩៥-១៩៩៩)

-លោក សំ ថា                  (១៩៩៩-២០០៥)

-លោក អ៊ុក ប៊ុនណ្ណា        (២០០៥-២០០៦)

-លោក សូ ស៊ីភៀន        (២០០៦-២០១៧)
-លោក សុខា រ៉ាម (២០១៧-បច្ចុប្បន្ន)
៤. អំពីក្រុងស្វាយរៀង

. ​អំពីការបង្កើតក្រុងស្វាយរៀង

ស្វាយរៀង ដើមឡើយជាភូមិមួយ ដែលមានមនុស្សរស់នៅ ជាប់នឹងទន្លេភាគខាងលិច នៃទន្លេវ៉ៃគោ និងជាទីប្រជុំជននៃពាណិជ្ជករ មានជនជាតិចិន និងវៀតណាម ជាដើម បានមកប្រមូលផ្ដុំគ្នារស់នៅ និងរករបរទទួលទាន ជាប់នឹងច្រាំងទន្លេខាងលិច ។ អំឡុងពេល ដែលបារាំងធ្វើអាណានិគម និងត្រួតត្រាគ្រប់គ្រងតំបន់រដ្ឋបាលស្វាយរៀង បារាំងបានរៀបចំជាភូមិ (ស្វាយរៀង) ភូមិនេះត្រូវបានក្លាយជាប៉ុស្ដិ៍រដ្ឋបាល របស់រាជការបារាំង និងត្រូវបានបង្កើតជាឃុំស្វាយរៀង នៅចន្លោះឆ្នាំ១៩៣៥-១៩៣៦ ចំណុះឲ្យស្រុករំដួល និងត្រូវបានបង្កើតជាស្រុកស្វាយរៀង​នៅឆ្នាំ១៩៤៤​ ដោយផ្តាច់ចេញពីស្រុករំដួល និង ស្រុកស្វាយទាប ដោយមានការយល់ព្រមពី Le Résident de Svay Rieng និងមានសេចក្ដីសម្រេច​ពីព្រះមហាក្សត្រខ្មែរ ។ ក្រុងស្វាយរៀងត្រូវបានរៀបចំប្តូរឈ្មោះនៅឆ្នាំ ១៩៦១ ដោយលោក ញៀន ធៀង អតីតចៅហា្វយខេត្តស្វាយរៀងសម័យនោះ បានស្នើទៅរដ្ឋមន្រ្តីមហាផ្ទៃដើម្បីសុំដំឡើងជាក្រុងស្វាយរៀង និង​បាន​ស្នើសុំពង្រីកផ្ទៃក្រឡាក្រុងស្វាយរៀងពី ២០០ ទៅ ២២២​ហិកតា ។

ការរៀបចំនេះ ធានាឲ្យមានលក្ខណៈទំនើបទាំងប្រព័ន្ធភ្លើងអគ្គិសនី ប្រព័ន្ធលូ និងផ្លូវថ្នល់នានា ក្នុងក្រុង។ ក្នុងនោះត្រូវរៀបចំឲ្យមានផ្សារមេ និងផ្សារក្រមួន នៅក្នុងក្រុងស្វាយរៀង ។ នេះជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផ្សារវាលយន្តបច្ចុប្បន្ន ។ ការពង្រីកផ្ទៃក្រឡាទីក្រុងស្វាយរៀង ត្រូវបានរៀបចំ រហូតដល់ខាងកើតទន្លេវ៉ៃគោ ដោយរួមមានឃុំតាហោ សង្ឃ័រ និងស្វាយតឿ ។ ការពង្រីកនេះ គិត​ពី​ខាងត្បូងផ្លូវជាតិលេខ១ ចម្ងាយ ២០០ ម៉ែត្រ និងចម្ងាយ ២០០ម៉ែត្រពីផ្លូវទៅកាន់​ស្រុករំដួល  ។ ក្រុងស្វាយរៀង ត្រូវបានរៀបចំឲ្យមានលក្ខណៈទំនើបនៅអំឡុងឆ្នាំ១៩៦៨ ដោយមាន​ផ្សារ ​វិទ្យាល័យ និង​ហេដ្ឋារចនាសម័្ពន្ធរូបវន្តផ្សេងៗ ​។ ​ការពង្រីកបន្ថែម ឆ្នាំ១៩៧០ ទីក្រុងស្វាយរៀង ត្រូវបានពង្រីកផ្ទៃក្រឡាបន្ថែមពី ២២២​ ហិកតា ទៅ ៣៤៣​ហិកតា (បីរយសែសិបបីហិកតា) ។ ការរៀបចំនេះ ក្នុងអាណត្ដិ លោក​ ហែម កេតសាណា ជាអភិបាលខេត្ត (១៩៦៥-១៩៧០) ។

          ផែនទីនេះត្រូវបានគូសក្នុងឆ្នាំ១៩៦២ បង្ហាញអំពីការរៀបចំក្រុងស្វាយរៀងផ្នែកខាងកើតទន្លេ​វ៉ៃគោ ។
៤.២ អំពីទៅតាំងសាលាក្រុង និងសង្កាត់ចំណុះក្រុងស្វាយរៀង

នៅឆ្នាំ១៩៤៤ សាលាស្រុកស្វាយរៀង មានទីតាំងស្ថិតនៅព្រៃឆ្លាក់ (សាលាស្រុករំដួលចាស់) មានឃុំ ២០ គឺ ៖ ១-ស្វាយជ្រំ ២-ឈើទាល ៣-អង្គតាសូ ៤-ក្រោលគោ ៥-គោកព្រីង ៦-គ្រួស ៧-បាសាក់ ៨-ចំបក់ ៩-កំពង់ចំឡង ១០-ពោធិរាជ ១១-ស្វាយអង្គ ១២-ស្វាយធំ ១៣-ស្វាយយា ១៤-ស្វាយរៀង ១៥-ធ្លក ១៦-ព្រះពន្លា ១៧-ព្រៃធំ ១៨-សំយោង ១៩-ចេក និង២០ ឃុំល្ងើន ។

ក្រោយឆ្នាំ១៩៧៩ ទីរួមខេត្តស្វាយរៀង ត្រូវបានផ្លាស់ប្ដូរឈ្មោះជាបន្តបន្ទាប់ ដូចជា៖ ស្រុកទីរួមខេត្តស្វាយរៀង ស្រុកស្វាយរៀង និងបំបែកស្រុកមួយផ្នែកទៅជាស្រុកស្វាយជ្រំដោយកាត់យកឃុំ​មួយចំនួន ។

នៅឆ្នាំ២០០៩ ស្រុកស្វាយរៀង ត្រូវបានប្ដូរទៅជាក្រុងស្វាយរៀង ។

បច្ចុប្បន្ន សាលាក្រុងស្វាយរៀង មានទីតាំងស្ថិតនៅខាងលើស្ដូបរង្វង់មូលវិមានឯករាជ្យ មាន ៧សង្កាត់ គឺ ១-ស្វាយរៀង ២-គយត្របែក ៣-ពោធិ៍តាហោ ៤-ព្រៃឆ្លាក់ ៥-សង្ឃ័រ​ ៦-ចេក ៧-ស្វាយតឿ ។

.៣ អំពីការបង្កើតស្រុកថ្មីបន្ថែម

            ចន្លោះឆ្នាំ១៩៧៥-១៩៨០ ស្រុកស្វាយរៀងត្រូវបានបំបែកស្រុកជាពីរ គឺ ស្រុកមានជ័យថ្មី និងស្រុកស្វាយរៀង នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុល ពត) ។ ក្រោយថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨០ នៅប្រើឈ្មោះស្រុកមានជ័យថ្មីដដែល និងគ្រប់គ្រងដឹកនាំដោយ សមមិត្ត ម៉ៅ វារៈ ។ ហើយស្រុកមានជ័យថ្មីនេះ ត្រូវបានបញ្ចូលទៅក្រោមការគ្រប់គ្រងរបស់​ស្រុកស្វាយរៀងវិញ នៅអំឡុងឆ្នាំ១៩៨០ ។

.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

ក្រុងស្វាយរៀង មានព្រំប្រទល់ខាងជើងជាប់នឹងស្រុករំដួល ខាងត្បូងជាប់នឹងស្រុកកំពង់រោទិ៍ និងស្រុកស្វាយជ្រំ ខាងកើតជាប់នឹងស្រុកស្វាយទាប និងខាងលិចជាប់នឹងស្រុកស្វាយជ្រំ ។ ក្រុងនេះមានផ្ទៃដី​ប្រមាណ ១០៣,៧៦ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ៤៦.៥៥១ នាក់ ។

. អំពីការគ្រប់គ្រងដឹកនាំស្រុកស្វាយរៀង

-ឆ្នាំ១៩៤៤ ឈ្មោះ សុយ ទៀង ក្រមការថ្នាក់លេខ ១ ជាចៅហ្វាយស្រុកស្វាយរៀង

-ឆ្នាំ១៩៤៩ ឈ្មោះ ផ្លុង នួន អត្ដលេខ ២០២៦ ក្រមការលេខ ១ ជាចៅហ្វាយស្រុកស្វាយរៀង

-ឆ្នាំ១៩៥៥-១៩៥៧ ឈ្មោះ ថាវ ខាំយាត ក្រមការដើមខ្សែទី១ ជាចៅហ្វាយស្រុកស្វាយរៀង

-ឆ្នាំ១៩៥៧ ឈ្មោះ ផុយ ជិន អនុមន្រ្តីថ្នាក់លេខ២​  ជាចៅហ្វាយស្រុកស្វាយរៀង​

ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំស្រុកស្វាយរៀង មានដូចខាងក្រោម ៖

-សមមិត្ដ សំ ថា (១៩៧៩-១៩៨១)

-សមមិត្ដ មាស ទៀង (១៩៨១-១៩៨៣)

-សមមិត្ដ នាង​សៅ (១៩៨៣-១៩៨៤)

-សមមិត្ដ ចាន់ សុគាត (១៩៨៤-១៩៨៦)

-សមមិត្ដ ភិន ឆាំ (១៩៨៦-១៩៩០)

-សមមិត្ដ កែន ចេន (១៩៩០-១៩៩៣)

-លោក រស់ ឆាយ (១៩៩៣-២០១១)

-លោក យូ ប៊ុននី (២០១១-២០១៩)

-លោក ណុប ចំរើន (២០១៩-បច្ចុប្បន្ន) អភិបាលក្រុងស្វាយរៀង

៥. អំពីស្រុកកំពង់រោទិ៍

.១ ប្រវត្ដិស្រុកកំពង់រោទិ៍

តាមនិទានបានតំណាលថា កាលដើមឡើយ នៅតាមស្ទឹង ស្ថិតក្នុងតំបន់កំពង់រោទិ៍បច្ចុប្បន្ន  សំបូរ ទៅដោយព្រែក បឹងបួរ ដែលមានសត្វក្រពើរស់នៅច្រើន ពិសេសកំពង់ ដែលអ្នកស្រុកចតទូក ឬសំពៅ មានសត្វក្រពើមានក្រពើមួយមានឬទ្ធិបារមីពូកែ ឬក្រពើអ្នកតា ដែលតែងតែមានសម្រែកនៅពេលថ្ងៃសីល​ ឬថ្ងៃឧបោសថតាមការចង់ដឹង ចង់ឃើញពីអ្នកស្រុក ហើយអ្នក​ស្រុកតែងតែបន់ស្រន់សុំសេចក្តីសុខគ្រប់ប្រការ ឬប្រាថ្នាអ្វីៗតាមការចង់បាន និងតែងមករំខាន និងយាយីដល់អ្នកស្រុក ដែលប្រកបរបរទទួលទានតាមផ្លូវទឹក ហេតុនេះ  អ្នកស្រុកនាំគ្នាហៅថា ​កំពង់ក្រពើរោទិ៍ ក្រោយមកពាក្យនេះ

បានក្លាយជាតំបន់កំពង់រោទិ៍ រហូតបច្ចុប្បន្ន មានសាងរូបក្រពើ ជាភស្ដុតាងស្រាប់ ។ ទីតាំងក្រពើរោទិ៍​នេះ ស្ថិតនៅបឹងមួយខាងកើតមន្ទីរស្រុក បច្ចុប្បន្នមានស្ពានឆ្លងកាត់ ។

. ប្រវត្ដិទាក់ទងនឹងលាវខ្សែត្រកំពង់រោទិ៍

ហេតុដូចម្ដេចបានជាមានប្រជាជនលាវមួយចំនួន រស់នៅឃុំខ្សែត្រ​ ស្រុកកំពង់រោទិ៍? ក្នុងអំឡុងឆ្នាំ១៥៦០ ស្ដេចលាវបានល្បីថា ព្រះចៅក្រុងកម្ពុជាល្បីល្បាញខ្លាំងខាងមន្ដគាថា​នឹងការទាក់ដំរី​ស្របពេលដែលដំរីលាវមួយក្បាលភ្លុកស ពូកែខ្លាំង ទើបស្ដេចលាវ បានចាត់នាម៉ឺន ចំនួន ២នាក់ និងពលសេនា ចំនួន ១.២០០នាក់ មកល្បងស្ដេចខ្មែរជល់ដំរី និងមានសំណើភ្នាល់ដាក់នគរជាមួយផង ។ ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមមិន្ទររាជា បានជំនុំជាមួយព្រាហ្មបុរោហិត និងរាជគ្រូ ក្នុងព្រះរាជវាំងលង្វែក ពេលនោះ ព្រះអង្គបានសម្រេចព្រះទ័យថា ប្រសិនបើដំរីខ្មែរ ជល់ចាញ់ដំរីលាវ នឹងដាក់នគរជាចំណុះលាវ និងលើកព្រះសួយសារ បណ្ណាការទៅថ្វាយស្ដេចលាវ រីឯសេ្ដចលាវ ក៏យល់ព្រមដូចគ្នា បើជល់ចាញ់ដំរីខ្មែរ នឹងធ្វើការលក្ខខណ្ឌខាងលើដូចគ្នា ។​ ក្រោយពីរដូវច្រូតកាត់រួច ការប្រជល់ដំរីប្រចាំនគរមួយ​ត្រូវបានរៀបចំឡើងនៅទីលានប្រជល់ដំរី ក្រុងលង្វែក ដោយមានមហាជនកុះករចូលរួម       ទស្សនា ។ ដំរី បានជល់គ្នាអស់រយៈពេល ២ថ្ងៃ ដំរីខ្មែរ បានទទួលជ័យជម្នះ ។ ព្រះមហាក្សត្រខ្មែរ បានឲ្យមន្រ្ដីលាវ ទាំងពីរនាក់ នាំដំណឹងនេះទៅទួលដល់ព្រះចៅស្ដេចលាវ ជ្រាបពីហេតុការណ៍ ។ ស្ដេចលាវ ទ្រង់ខ្ញាល់ខ្លាំងណាស់ ថាដំរីព្រះអង្គពូកែខ្លាំងណាស់ ពុំដែលមានដំរីណាអាចបង្រ្កាបបានឡើយ រាប់ទាំងសៀម ចិន មុងហ្គោលី ​និងអាណ្ណាមជាដើម ។ ហេតុដូចម្ដេចបានជាជល់ចាញ់ដំរីស្ដេចខ្មែរ? ដោយខ្វះការពិចារណារ ព្រះអង្គបានប្រជុំជាមួយមន្រ្ដី ថានឹងលើកទ័ពទៅបង្រ្កាបស្ដេចខ្មែរម្ដង ដើម្បីយកនគរនេះ ជាចំណុះឲ្យខាងតែបាន ។ នារដូវប្រាំងឆ្នាំ១៥៦០ ដដែលស្ដេចលាវ បានលើកទ័ពតាមផ្លូវគោក និង ផ្លូវទឹក (ទន្លេមេគង្គលើ) ឆ្ពោះទៅនគរខ្មែរ និងវាយសង្រ្គប់កងទ័ពខ្មែរ ឲ្យបាក់ទ័ពជាបន្ដបន្ទាប់ រហូត​កងទ័ពទាំងពីរ បានតទល់គ្នាយ៉ាងខ្លាំងនៅខេត្ដសន្ទុក (កំពង់ធំសព្វថ្ងៃ) ដោយឃើញទ័ពលាវ មានប្រៀបលើទ័ពខ្មែរ ដូច្នេះ ព្រះមហាក្សត្រខ្មែរ ព្រះអង្គមានក្ដីបារម្ភយ៉ាងខ្លាំង ក៏សម្រេចព្រះទ័យលើកទ័ព ដោយផ្ទាល់ព្រះអង្គទៅតសឹកជាមួយកងទ័ពស្ដេចលាវ។ ចម្បាំងអស់ជាច្រើនថ្ងៃ​ កងទ័ពរបស់ ព្រះបាទបរមមិន្ទររាជា ក៏ទទួលជ័យជម្នះ លើកងទ័ពលាវ ។ កងទ័ពខ្មែរ បានចាប់ពលលាវ ជាឈ្លើយសឹកជាច្រើនម៉ឺននាក់ ។ រីឯស្ដេចលាវ បានដកទ័ពដែលនៅសេសសល់រត់   ត្រឡប់ទៅនគរវិញ ។ កងទ័ពខ្មែរបានដេញតាម​ រហូតដល់ខេត្ដចំប៉ាសាក់ និងបានកៀរយកប្រជាជនលាវ​ រួមជាមួយនឹងទ័ពដែលចាប់បានបញ្ជូនមករស់​នៅក្នុងនគរខ្មែរជាច្រើន ដោយបែងចែកជាតំបន់ឆ្ងាយៗពីគ្នាដូចជា ៖

-បញ្ជូនទៅរស់នៅបារាយណ៍កំពង់ធំ ជាង ១.០០០នាក់ និងនៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ជាង ២.០០០នាក់ ​និងខេត្ដស្វាយទាប (ឃុំខ្សែត្របច្ចុប្បន្ន) ជាង ៥.០០០នាក់ ចែកជាពីរតំបន់គឺ តំបន់ស្វាយទាប ឲ្យមេក្រុម ១នាក់ ឈ្មោះ សែត([6]) សម្រាប់គ្រប់គ្រង​ និងអំណឹះក្រោយមក បានហៅថាភូមិខ្សែត្រ​រហូតដល់បច្ចុប្ប​ន្ន និងតំបន់មួយទៀត តំបន់ចក្រីកំពង់ត្របែក ។ ក្នុងអំឡុងពេលនោះ ភូមិលាវខ្សែត្រ ពុំមានប្រជាជនខ្មែររស់នៅច្រើនឡើយ តំបន់នោះជាវាលដីស្រែទំនេរ ហើយភូមិនេះ ស្ថិតក្រោមអំណាចស្ដេចត្រាញ់ នៃខេត្ដបាភ្នំ ពុំទាន់មានការបង្កើតខេត្ដស្វាយរៀងឡើយ ។ អ្នករាជការខ្មែរទៅទារកំណែនពន្ធដានានា បានហៅតមកថាភូមិខ្សែត្រ ឬស្រុកខ្សែត្រ ។  អំឡុងពេលរដ្ឋការបារាំងចុះរៀបចំឃុំ បារាំងបានបង្កើតជាឃុំខ្សែត្រ តរៀងរហូតដល់បច្ចុប្បន្ន ។

. ការរៀបចំ និងការបង្កើតស្រុកកំពង់រោទិ៍

  នៅឆ្នាំ១៩៤៥ ទីប្រជុំជនកំពង់រោទិ៍ ត្រូវបានបង្កើតជាតំបន់រដ្ឋបាល និងដឹកនាំដោយ ឈ្មោះ ម៉ៅ ឃន។ ប៉ុន្តែ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៥៨ ទីប្រជុំជននេះ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមបង្កើតទៅជាស្រុកកំពង់រោទិ៍ ដោយតំបន់នេះត្រូវបានបំបែកចេញពីស្រុកស្វាយទាប   ។  

​   ផ្អែកលើទឡ្ហីកម្មខាងលើ នៅឆ្នាំ១៩៥៨ រាជការបានរៀបចំតំបន់នេះទៅជាតំបន់រដ្ឋបាល ​និងត្រៀមបង្កើតជាស្រុក ។

​នៅឆ្នាំ១៩៦០ តំបន់រដ្ឋបាលកំពង់រោទិ៍ ត្រូវបានដំឡើងទៅជាស្រុកកំពង់រោទិ៍​ និងជាប់ជា ឈ្មោះស្រុកកំពង់រោទិ៍ រហូតបច្ចុប្បន្ន​ ។

.៣ អំពីផ្ទៃដី និងចំនួនប្រជាជន

ស្រុកកំពង់រោទិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងក្រុងស្វាយរៀង និងស្រុកស្វាយទាប ខាងត្បូងជាប់នឹងស្រុកមុខវ៉ា និងទីរួមខេត្តគឿនទៀង ខេត្តឡុងអាន ប្រទេសវៀតណាម ខាងកើតជាប់នឹងស្រុកចន្ទ្រា និងក្រុងបាវិត​ និងខាងលិចជាប់នឹងវិញហ៊ឹង ខេត្តឡុងអាន ​ប្រទេសវៀតណាម ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ៤០៣,៤៨ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៧០.៣៥២ នាក់ ។

. អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុកកំពង់រោទិ៍

នៅឆ្នាំ ១៩៦០ ​ស្រុកកំពង់រោទិ៍មានឃុំ ៨ជាចំណុះ គឺ ៖ ឃុំខ្សែត្រ ឃុំញរ ឃុំបន្ទាយក្រាំង ឃុំថ្មី ឃុំរាជមន្ទីរ ឃុំសំយោង ឃុំព្រៃធំ និងឃុំព្រះពន្លា ។

បច្ចុប្បន្ន សាលាស្រុកកំពង់រោទិ៍ មានទីតាំងស្ថិតនៅទីប្រជុំជនកំពង់រោទិ៍ និងមានឃុំចំណុះចំនួន ១១ គឺ ៖ ១-បន្ទាយក្រាំង ២-ញរ ៣-ខ្សែត្រ ៤-ព្រះពន្លា ៥-ព្រៃធំ ៦-រាជមន្ទីរ ៧-សំឡី ៨-សំយ៉ោង ៩-ស្វាយតាយាន ១០-ត្នោត ១១-ថ្មី ។

. ការគ្រប់គ្រងដឹកនាំស្រុក

-ឈ្មោះ ធៀង ទុយ (១៩៥៨-១៩៦៥)

-ឈ្មោះ ទូច ថុង (១៩៦៥-១៩៧០)

-របបសេនាប្រមុខលន់ នុល (១៩៧០-១៩៧៥) មិនស្គាល់ឈ្មោះ

-សមមិត្ដ គឺ សំផន (១៩៧៥-១៩៧៧)

-ចន្លោះឆ្នាំ១៩៧៧-១៩៧៩ (មិនស្គាល់ថ្នាក់ដឹកនាំ)

-សមមិត្ដ សឿ សារ៉ាន (១៩៧៩-១៩៨២)

-សមមិត្ដ ប៊ុន សាវ៉ាន់ (១៩៨២-១៩៨៦)

-សមមិត្ដ សុខ យ៉ន (១៩៨៦-១៩៩៥)

-លោក អ៊ុយ ថន (១៩៩៥-១៩៩៩)

-លោក ពេជ សាវ៉ាន់ (១៩៩៩-២០១៥)

-លោក សុខ រស់ (២០១៥-២០១៨)

-លោក សុច ពិសី (២០១៨-បច្ចុប្បន្ន)
៦. អំពីស្រុកចន្ទ្រា

. រឿងនិទានទាក់ទងនឹងស្រុកចន្ទ្រា

រឿងនិទានទាក់ទងនឹងស្រុកចន្ទ្រា មានដំណាលពីរផ្សេងៗគ្នា ៖

ទី១ ៖ កាលពុំទាន់មានស្រុកចន្ទ្រា​ ការគ្រប់គ្រងរដ្ឋបាល គឺស្រុកស្វាយទាប ជាអ្នកទទួលខុសត្រូវ និងដឹកនាំគ្រប់គ្រង ។ ឈ្មោះចន្ទ្រា គឺយកតាមឃុំមួយ ឈ្មោះឃុំចន្ទ្រា ដែលបង្កើតឡើងនៅឆ្នាំ១៩១៩ ដោយឃុំនេះជាតំបន់វាលហ៊ុំព័ទ្ធទៅដោយបឹងបួរជុំវិញ និងមិនមានដើមឈើអ្វីគួរឲ្យកត់សម្គាល់ឡើយ ។ ពេលបារាំងចុះពិនិត្យភូមិសាស្រ្ដ ក្នុងការបង្កើតឃុំ ដោយផ្លូវឆ្ងាយពិបាកក្នុងការវិល ត្រឡប់មកប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង ជំនាញការរូបនោះ ក៏ស្នាក់នៅភូមិប្រជាជនមួយយប់ ជាមួយអ្នកយាម និង មេស្រុក ។ ដោយរដូវនោះ ជារដូវប្រាំង មេឃស្រឡះល្អ បារាំង និងមេស្រុក បានក្រឡេកមើលទៅលើមេឃ ឃើញតែផ្កាយ និងព្រះចន្ទពេញបូរមី បញ្ចេញរស្មីល្អប្លែកពីធម្មតា ដែលធ្វើឲ្យបារាំង និងមេស្រុក និងអ្នកភូមិនៅទីនោះភ្ញាក់ផ្អើលគ្រប់ៗគ្នា និងនាំគ្នាគយគន់មើលព្រះចន្ទ្ រហូតទល់ភ្លឺ និងអ្នកភូមិខ្លះក៏​បានបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន (ជីតាលោក ចិន សាធាន ក៏ធ្លាប់និទានប្រាប់លោកពីរឿងនេះដែរ) ។ ពេលត្រឡប់មកវិញ មេស្រុក (ស្រុកស្វាយទាប) បានសុំយោបល់បារាំងដាក់ឈ្មោះឃុំនោះថាឃុំចន្ទ្រា ដើម្បីជាការរំលឹកពីអនុស្សាវរីយ៍ រវាងបារាំង​ មេស្រុក រួមនិងអ្នកស្រុក ក៏ដាក់ឈ្មោះថា ឃុំ      ចន្ទ្រា រហូតមក ។ ចំពោះភូមិចិនត ក្លាយមកពីពាក្យ «សែនត» ដោយអ្នកភូមិខ្លះដែលជាប់ខ្សែស្រឡាយយួន ចិន ពីដើមស្រឡាញ់គ្នា ហើយនាំគ្នាទៅសែនព្រេន នៅទីនោះតៗគ្នា ទើបគេហៅថា «ភូមិសែនត» ខ្លះហៅថា «ភូមិចិនត» ទើបជាប់ងារជា «ភូមិសែនត» រហូតដល់បច្ចុប្បន្ន ។ (បើតាមដំណាលនិទានពីចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅភូមិនោះ និងព្រះគ្រូចៅ​អធិការវត្តចន្ទ្រា ព្រះនាម តូច តី​ មានព្រជន្ម ៩២ ព្រះវស្សា នៅឆ្នាំ១៩៨៣) ។ លោកព្រឹទ្ធាចារ្យ មោក ស៊ឹម ក៏ធ្លាប់ស៊ើបសួររឿងនេះដែរ ក្នុងអំឡុងពេលគាត់ចុះស្ដារដី បង្កើតឃុំ នៅឆ្នាំ១៩៨៣។

នៅឆ្នាំ១៩៦៨ តំបន់រដ្ឋបាលមេសថ្ងក ត្រូវបានបង្កើតជាស្រុក និងផ្ដល់ឈ្មោះជាស្រុកចន្ទ្រា      តរៀងមក ដោយយកតាមឈ្មោះ និងលំនាំឃុំខាងលើ ។

ទី២ (តាមលោក សំ ថា អភិបាលស្រុកស្វាយទាប)៖ មានកូនសេនាបតីក្នុងវាំងម្នាក់ឈ្មោះ អឹម បានកែនទ័ព និងតាំងខ្លួនជាស្ដេច បោះទីតាំង នៅភូមិបុស្ស ឃុំមេសថ្ងក ។ មានសម័យពេលមួយនោះ ប្រជារាស្រ្ដមានការគោរពកោតខ្លាច បានយក ផ្លែស្វាយទុំបីទៅថ្វាយ ក្រោយពីសោយរួច ព្រះអង្គអឹម បានទម្លាក់គ្រាប់ស្វាយទៅក្នុងអូរ ហើយឧទ្ទិសថា បើខ្លួនពិតជាមានបុណ្យមែន​ សូមឲ្យគ្រាប់ស្វាយនេះអណ្ដែតទឹករសាត់ទៅដុះរៀងគ្នា ។ ចីរកាល ក្រោយមក គេឃើញដើមស្វាយបីដើមដុះរៀងគ្នានៅទួលមួយ បច្ចុប្បន្ននៅទឹកដីវៀតណាម ហៅថា ហ្គរសាយ ស្រុកឌឹកវ៉េ ខេត្ដឡុងអាន (ខេត្ដកោះឬស្សី ពីបុរាណ) អំណឹះក្រោយមកមានឈ្មោះថាស្វាយរៀង ។ ក្រោយពីនោះ មានទ័ពចិន (ឬជាទ័ពមុងហ្គោល) ឈ្លានពានដល់តំបន់នោះ ស្ដេចអង្គអឹម បានកសាងស្ពានចម្លងទ័ព (បច្ចុប្បន្នហៅថាស្ពានតាអឹម នៅភូមិដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា) ចេញទៅ បង្រ្កាបទ័ពចិនឈ្លានពាន ពេលទៅដល់ទ័ពចិនដកថយអស់មិនអាចទ្រាំទ្រ នៅពេលទ័ពខ្មែរវាយដល់ តំបន់នេះ (ចន្ទ្រាបច្ចុប្បន្ន) ចិនបានវាយតបត​វិញ គេហៅថា ចិនត គួបផ្សំជាមួយទឹកមានរស់ជាតិ ជូរ មូសច្រើន ធ្វើឲ្យទ័ពចិនរា និងដកថយ ទើបហៅថា ចិនរា ក្រោយមកក្លាយជាចន្ទ្រា តរៀងមក ។

. ការរៀបចំ និងការបង្កើតស្រុកចន្ទ្រា

តំបន់រដ្ឋបាលមេ.សថ្ងក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយកាត់ចេញពី​ស្រុក​ស្វាយទាប ។ តាមក្រមលេខ ៥០ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៦១ និងយោងតាមច្បាប់ដែល​រដ្ឋសភា​អនុម័ត​កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៦១ បានសម្រេច​បង្កើតតំបន់រដ្ឋបាល មេ.សថ្ងក នៅក្នុង​ខេត្ត​ស្វាយរៀង ចំណុះឱ្យស្រុកស្វាយទាប ។ តំបន់​រដ្ឋបាល​នេះ មានទីប្រជុំជន មេ.សថ្ងក មានឃុំមេ.សថ្ងក ឃុំប្រាសាទ សំរោង និងឃុំបាទី ។ តំបន់​នេះគ្រប់គ្រងដោយភូឈួយរដ្ឋបាល និងអមដោយ​ជំនួយ​ការ​ម្នាក់  សម្រាប់មើលការខុសត្រូវ​រដ្ឋបាល និងពន្ធដារ ចំណុះឲ្យស្វាយទាប និងស្វាយរៀង ។ ភូឈួយ និងជំនួយការ ត្រូវបានតែងតាំង​ដោយ​រដ្ឋមន្រ្តីមហាផ្ទៃ ។

​នៅឆ្នាំ១៩៦៨ ​​តំបន់រដ្ឋបាលមេ.ស​ថ្ងក ត្រូវបានពង្រីកបន្ថែម និងផ្តាច់ចេញពីស្រុកស្វាយទាប ។ ផ្អែកតាម​ព្រះរាជក្រម លេខ ៣៤៥ ចុះ​ថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៦៨ ឡាយព្រះហស្តលេខា​ដោយ​ព្រះបាទ​នរោត្តមសីហនុ បានបង្កើត​ស្រុកចន្ទ្រា ដោយប្តូរឈ្មោះពីតំបន់រដ្ឋបាល មេ.សថ្ងក ដំឡើងទៅជា​ស្រុកចន្ទ្រា ខេត្ត​ស្វាយរៀង ។

. អំពីទីតាំងសាលាស្រុក និងឃុំចំណុះស្រុកចន្ទ្រា

នៅឆ្នាំ១៩៦៨ ស្រុក​ចន្ទ្រា ត្រូវកាត់យកពីឃុំខ្លះនៃស្រុកស្វាយទាប មានជាអាទិ៍ៈ ឃុំមេ.សថ្ងក ឃុំប្រាសាទ  ឃុំសំរោង  ឃុំបាទី ឃុំចេ្រស និងឃុំចន្រ្ទា ។ សរុបស្រុកចន្ទ្រា បង្កើតដំបូងមាន ០៦ឃុំ និងមានផែនទី​ជាប់នឹង​ព្រំដែន​វៀតណាម ។ ក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ឃុំបាវិត ត្រូវបានកាត់បញ្ជូលឲ្យស្ថិតក្រោមការគ្រប់គ្រង រដ្ឋបាលស្រុកចន្ទ្រា ។ ក្នុងឆ្នាំ១៩៨៧​ ឃុំទួលស្ដី ត្រូវបង្កើតឡើង ដោយដាក់ឲ្យចំណុះរដ្ឋបាលស្រុកចន្ទ្រា ។

នៅឆ្នាំ២០០៨ ឃុំបាវិត ឃុំបាទី ព្រៃអង្គុញ និងឃុំប្រាសាទ ត្រូវកាត់បញ្ចូលទៅក្រោមការគ្រប់គ្រង​របស់រដ្ឋបាលក្រុងបាវិត ។

បច្ចុប្បន្ន សាលាស្រុកចន្ទ្រា មានទីតាំងស្ថិតនៅទីប្រជុំជនតំបន់មេសថ្ងក និងមានឃុំចំណុះចំនួន ៦ គឺ ៖ ១-ទួលស្ដី ២-ចន្ទ្រា ៣-ច្រេស ៤-ព្រៃគគីរ ៥-មេសថ្ងក ៦-សំរោង ។

.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

ស្រុកចន្ទ្រា មានព្រំប្រទល់ខាងជើងជាប់នឹងស្វាយទាប និងប្រទេសវៀតណាម ខាងត្បូងជាប់នឹងស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម ខាងកើតជាប់នឹងស្រុកឌឹកវ៉េ ខេត្តតៃនីញ ប្រទេសវៀតណាម និងខាងលិចជាប់នឹងស្រុកកំពង់រោទិ៍ ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ៣០១,២៣ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ២៩.៣២៥ នាក់ ។

.៥ ការគ្រប់គ្រងដឹកនាំស្រុក

ថ្នាក់ដឹកនាំស្រុកចន្ទ្រា មានដូចខាងក្រោម ៖

   -លោកអនុសេនីយ៍ទោ គឹម ហ៊ី (១៩៦៧-១៩៧០)

   -ឈ្មោះ ប៊ូ សម (១៩៧០-១៩៧៥)

   -សមមិត្ត នង សារឿន និង សមមិត្ត ភោគ សំអន (១៩៧៥-១៩៧៩)

   -ឈ្មោះ អ៊ួន ញ៉ុក (១៩៧៩-១៩៨៥)

   -ឈ្មោះ ម៉ូ វ៉ាន់ (១៩៨៥-១៩៩០)

   -ឈ្មោះ ម៉ម ចាន់ (១៩៩០-១៩៩៣)

   -លោក អ៊ុក ប៊ុណ្ណា (១៩៩៨-២០០២)

   -លោក ឈូក បណ្ឌិត (២០០២-២០០៩)

   -លោក ជា យៀង (២០០៩-២០១៤)

   -លោក ងួន រ៉ាំ (២០១៤-២០១៩)

-លោក ថន ថាវុទ្ធា (២០១៩-បច្ចុប្បន្ន)

៧. អំពីស្រុកស្វាយជ្រំ

. ប្រវត្ដិស្រុកស្វាយជ្រំ

ស្រុកស្វាយជ្រំ នេះគឺយកឈ្មោះ និងលំនាំដើមពីឃុំមួយគឺឃុំស្វាយជ្រំ ដែលឃុំនេះត្រូវបានបង្កើតឡើងនៅចន្លោះឆ្នាំ១៨៩៧-១៨៩៨ ស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាល របស់ខេត្ដរំដួល ។ នៅឆ្នាំ ១៩២២ ឃុំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរំដួល ។ នៅឆ្នាំ១៩៣៥ ឃុំនេះស្ថិតក្រោម ការគ្រប់គ្រងរបស់រដ្ឋបាលស្រុករំដួល ។ នៅឆ្នាំ១៩៤៤ ឃុំនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្រុកស្វាយរៀង​ ។ ឃុំនេះត្រូវបានបង្កើតឡើង ដោយមានភូមិចំណុះដូចជាភូមិស្វាយក្ងោ ស្វាយលើ ស្វាយអង្គ ស្វាយផ្អែម និងភូមិស្វាយជ្រំ ទើបការរៀបចំឃុំដំបូងដាក់ឈ្មោះឃុំស្វាយជ្រំ រៀងរហូតមក ។ នៅឆ្នាំ១៩៩៥      រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៥ ស្ដីពីការបង្កើត​ស្រុកថ្មីមួយទៀត គឺស្រុកស្វាយជ្រំ ដោយយកងារតាម ឈ្មោះឃុំខាងលើនេះឯង និងជាប់ឈ្មោះជាស្រុកស្វាយជ្រំ រហូតដល់បច្ចុប្បន្ន ។

.២ អំពីទីតាំងសាលាស្រុក និងឃុំ ចំណុះស្រុកស្វាយជ្រំ

សាលាស្រុកស្វាយជ្រំ មានទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ ១ ក្នុង​ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។ ស្រុកស្វាយជ្រំ មានឃុំ ចំណុះ ចំនួន ១៦ គឺ ១.អង្គតាសូ ២.បាសាក់ ៣.ចំបក់    ៤.កំពង់ចំឡង ៥.តាសួស ៦.ឈើទាល ៧.ដូនស ៨.គោកព្រីង ៩.គ្រួស ១០.ក្រោលគោ ១១.ពោធិ៍រាជ ១២.ស្វាយអង្គ ១៣.ស្វាយជ្រំ ១៤.ស្វាយធំ ១៥.ស្វាយយា និង​១៦.ឃុំធ្លក ។

.៣ អំពីផ្ទៃដី និងចំនួនប្រជាជន

ស្រុកស្វាយជ្រំ មានព្រំប្រទល់ ខាងកើតជាប់នឹងក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍​ ខាងជើងជាប់នឹងស្រុករំដួល និងស្រុករមាសហែក ខាងលិចជាប់នឹងស្រុកកំពង់ត្របែក និងស្រុកមេសាង ខេត្ដព្រៃវែង ខាងត្បូងជាប់នឹងស្រុកវិញហ៊ឹង ខេត្ដឡុងអាន ប្រទេសវៀតណាម ។ ស្រុកនេះមានផ្ទៃដី​ប្រមាណ ៥២២,៣៥ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ១៥៩.៨៨៧ នាក់ ។

.៤ ការគ្រប់គ្រងដឹកនាំស្រុក

-សមមិត្ដ ប្រាក់ ចាំ​      ១៩៧៩ ​

-សមមិត្ដ អ៊ុក ហាន      (១៩៧៩-១៩៨០) ប្រធានគណៈកម្មាធិការប្រជាជនបដិវត្ដន៍ស្រុក

-សមមិត្ដ ចាន់ សឹម      (១៩៨០-១៩៨៦) ប្រធានគណៈកម្មាធិការប្រជាជនបដិវត្ដន៍ស្រុក

-សមមិត្ដ ហ៊ាន ជឿន    (១៩៨៦-១៩៩០) ប្រធានគណៈកម្មាធិការប្រជាជនបដិវត្ដន៍ស្រុក

-សមមិត្ដ ញឹម ឡាស់    (១៩៩០) ប្រធានគណៈកម្មាធិការប្រជាជនបដិវត្ដន៍ស្រុក

-លោក ប្រាក់ ភិន       (១៩៩០-១៩៩៨) ប្រធានគណៈកម្មាធិការប្រជាជនស្រុក

-លោក អ៊ុយ ថន       (១៩៩៩-២០១១) ជាអភិបាលស្រុក

-លោក សុទ្ធ គឹមច័ន្ទ     (២០១១-២០១៩) ជាអភិបាលស្រុក

-លោក សុទ្ធ គឹមច័ន្ទ     (២០១១-២០១៩) ជាអភិបាលស្រុក

-លោក ហែម សារិទ្ធ     (២០១៩-បច្ចុប្បន្ន) ជាអភិបាលស្រុក
៨. អំពីក្រុងបាវិត

. ប្រវត្ដិក្រុងបាវិត

បាវិត ដើមឡើយគឺជាភូមិមួយ ដែលមានមនុស្សរស់នៅតិចតួច ដែលជាវាលរាបសំបូរទៅដោយស្មៅ និងសត្វប្រវឹករស់នៅ ។ តាមឯកសារខ្លះបានរៀបរាប់ថា «ពាក្យបាវិត ក្លាយមកពីពាក្យថា ប្រវឹក» ពាក្យនេះប្រើប្រាស់ពេលដែលអ្នកបកប្រែភាសា ជនជាតិវៀតណាមនិយាយមិនច្បាស់ជាភាសាបារាំងថា «បាវឹក» ក្រោយមកក្លាយជា បាវិត ពេលបង្កើតឃុំ និងជាប់ងារនេះរហូតដល់បច្ចុប្បន្ន ។ អំឡុងពេលបារាំង​ធ្វើផ្លូវជាតិលេខ ១ ពីព្រៃនគរ មកភ្នំពេញ គឺបារាំងបាន ជ្រើសរើសធ្វើផ្លូវថ្នល់ជាតិទី១ កាត់តាមបាវិតនេះ មុនគេបង្អស់នៅឆ្នាំ១៩០៣ ។ ក្រោយពីមានផ្លូវ មនុស្ស បានរស់នៅតំបន់នេះច្រើន អំឡុងពេលនោះហើយ ដែលរាជការបារាំង ខ្មែរ បានរៀបចំបង្កើតជារដ្ឋបាល ឃុំបាវិត (ពាក្យកម្លាយពីប្រវឹក) នៅចន្លោះឆ្នាំ១៩១៩-១៩២២  ជាផ្លូវការ ។ ក្រោយពេលបង្កើតឃុំបាវិត ឃុំនេះស្ថិតនៅក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលស្រុកស្វាយទាប តរៀងមក ។ ឆ្នាំ១៩៦៨ ឃុំបាវិត ត្រូវ បានដាក់បញ្ចូលឲ្យស្ថិតនៅការគ្រប់គ្រងរបស់រដ្ឋបាលស្រុកចន្ទ្រាវិញ និងនៅឆ្នាំ២០០៨ បាវិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាក្រុងបាវិត ដោយផ្ដាច់ចេញពីស្រុកចន្ទ្រា ។ បច្ចប្បន្នក្រុងបាវិត មាន ៥ សង្កាត់ គឺសង្កាត់ច្រកម្ទេស ព្រៃអង្គុញ ប្រាសាទ បាវិត និងសង្កាត់បាទី ដែលមានប្រជាជនសរុបប្រមាណ ៥ម៉ឺននាក់ ។ រួមជាមួយនេះ ក្រុងបាវិត ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ សហគ្រាស ចំនួន ៣៦កន្លែង និងបានទាក់ទាញកម្លាំងពលកម្មប្រមាណ ៣៥.០០០នាក់ ។ មិនតែប៉ុណ្ណោះ មានសណ្ឋាគារ ក្លឹបកម្សាន្ដ កាស៊ីណូជាប់ព្រំដែន ដែលអាចឲ្យអ្នក ទេសចរជាតិ អន្ដរជាតិ​ មកកម្សាន្ដ និងជាតំបន់ច្រកទ្វារព្រំដែនអន្ដរជាតិ ដ៏សំខាន់មួយផងដែរ ។

.២ ការរៀបចំ និងការបង្កើតក្រុងបាវិត

ផ្អែកលើអនុក្រឹត្យលេខ ២៣៣ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ក្រុងបាវិតត្រូវបានបង្កើត ដោយផ្តាច់ចេញពីស្រុកចន្ទ្រា និងកាត់យកឃុំមួយ ចំនួនពីស្រុកចន្ទ្រា និងស្វាយទាប​ ហើយប្តូរឃុំទៅជាសង្កាត់វិញ មានអាទិ៍ៈ សង្កាត់បាវិត ​បាទី ព្រៃអង្គុញ ប្រាសាទ និងសង្កាត់ច្រកម្ទេស ។

.៣ ទីតាំងសាលាក្រុង និងសង្កាត់ចំណុះ

បច្ចុប្បន្នសាលាក្រុងបាវិត មានទីតាំងស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត និងមាន​​សង្កាត់ចំណុះចំនួន ៥ គឺ ៖ ១-សង្កាត់បាវិត ២-​បាទី ៣-ព្រៃអង្គុញ ៤-ប្រាសាទ ៥-សង្កាត់ច្រកម្ទេស ។

.៤ អំពីផ្ទៃដី និងចំនួនប្រជាជន

ក្រុងបាវិត មានព្រំប្រទល់ ខាងជើងជាប់នឹងស្រុកស្វាយទាប និងស្រុកបេនកូវ ខេត្ដតៃនីញ ប្រទេសវៀតណាម ខាងត្បូងជាប់នឹងស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខាងលិចជាប់នឹងស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍ និងខាងកើតជាប់នឹងស្រុកបេនកូវ ស្រុកចាងបាង ខេត្ដ តៃនីញ និងស្រុកឌឹកវ៉េ   ខេត្ដឡុងអាន ប្រទេសវៀតណាម ។ ក្រុងនេះមានផ្ទៃដី​ប្រមាណ ២១៨,៣៦ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែន មិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ៤៩.៧៦០ នាក់ ។

.៥ ការគ្រប់គ្រងដឹកនាំក្រុងបាវិត

-លោក ឈូក បណ្ឌិត (២០០៨-២០១២)

-លោក ណេប សារ៉ុន (២០១២-២០១៤)

-លោក សេង សីលា (២០១៤-២០១៩)

-លោក លឹម សៀងហេង (២០១៩-បច្ចុប្បន្ន)