រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ពិធីសំណេះសំណាល និងប្រគល់រង្វាន់ជូនដល់សិស្សប្រឡងជាប់និទ្ទេសAចំនួន១៧រូបនៅខេត្តស្វាយរៀង

  • 307
  • ដោយ Admin

នាព្រឹកថ្ងៃពុធ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូជូនដល់សិស្សប្រឡងជាប់និទ្ទេសAចំនួន១៧រូបនៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាបត្រមធ្សមសិក្សាទុតិយភូមិឆ្នាំ២០២២ ។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A និងសូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំង១៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តមបន្តថា ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការកោតសរសើរ និងមានមោទកភាព បើទោះកំឡុងពេលសិក្សាបានជួបនឹងបញ្ហាប្រឈមដោយសាវិបត្តិនៃជំងឺកូវីដ១៩ ក៏យើងសង្កេតឃើញថា តាមរយៈលទ្ធផលប្រឡង ខេត្តរបស់យើង ក៏នៅតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជាង ៧០% និងទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ដោយមានមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្តជំរុញតាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន ក្នុងនោះគណៈគ្រប់សាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សនៅក្នុងស្ថានភាពដ៏លំបាកទាំងដោយផ្ទាល់ផង ទាំងអនឡាញផង ឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

ឯកឧត្តមអភិបាលខេត្តបានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់ក្មួយៗដូចខាងក្រោម៖

1.ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត

2.ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម

3.ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ។

4.ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសង។

5.ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ។

6.ត្រូវអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។

7.មិនត្រូវមានមោទកភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួន។

8.ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ។

ជាទីបញ្ចប់នៃពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានប្រគល់រង្វាន់សម្រាប់សិស្សនិទ្ទេស A ទាំង ១៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ម៉ូតូ ហុងដា Wave ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និងថវិកា ១០ម៉ឺនរៀល ។ដោយឡែក លោកប្រធានការិយាល័យអប់រំក្រុង ស្រុក ទាំង៦ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល,លោកនាយកវិទ្យាល័យ ទាំង១១ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ។

អត្ថបទទាក់ទង