រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែ នាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក

  • 735
  • ដោយ Admin

នៅរសៀលថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង មានរៀបចំពិធីផ្សព្វផ្សាយសារាចរណែ នាំលេខ ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ក្រោមអធិបតីភាព លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ី លីហួន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុក ក្រុមប្រឹក្សាស្រុក លោកមេឃុំ ចៅសង្កាត់ ក្នុងដែនសមត្ថកិច្ចខេត្តស្វាយរៀងជាច្រើនរូបទៀត។

ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ពីស្ថានភាព និងវិធានការនានាដែលរដ្ឋបាលខេត្តស្វាយរៀងបានអនុវត្តក្នុងរយះពេលដែលជួបគ្រោះរាំងស្ងួតកាលឆ្នាំ២០១៦កន្លងទៅ ហើយក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង និងបន្តពង្រឹងចាត់វិធានការថែរក្សាទឹកទុកសម្រាប់ឆ្នាំ២០១៩-២០២០ ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរស្របទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ម៉ី លីហួន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា យោងតាមការព្យាករណ៍ និងស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួល រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលអ៊ីណូ ( El Nino ) ដោយបានបង្កឲ្យមានកត្តា អវិជ្ជមានជាច្រើន ដូចជា ៖ ធាតុអាកាសមានសភាពក្តៅហូតយ៉ាងខ្លាំង រដូវវស្សាមកដល់ មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក ។ បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ ២០១៩ បាតុភូត អែល នីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹកនាពេលកន្លងមកបានរក្សាទឹកទុកស្ទើរតែ ១០០ ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រងនិងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា ស្រូវរដូវប្រាំង ២០១៩-២០២០
និងការប្រើប្រាស់ប្រចាំថ្ងៃទាំងមនុស្ស និងសត្វ រហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី ។

លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ជម្រាបជូនអំពីចំណុចសំខាន់ៗ នៃសារាចរណែនាំ របស់រាជរដ្ឋាភិបាលដូចខាងក្រោម៖
១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩- ២០២០ គឺអាចធ្វើបានតែ ១ ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី ២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងៗទៀត ក្រៅពីស្រូវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ ។

លោកជំទាវបញ្ជាក់ថា៖ តាមសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ឯកឧត្តម លោក លោកស្រី ជាអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តស្វាយរៀង បន្ទាប់ពីទទួលបានព័ត៌មាន ស្តីពីសារាចរណ៍ណៃនាំនេះ សូមយកទៅផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបបានយល់ដឹងគ្រប់ៗគ្នា ដើម្បីចូលរួមសហការ និងរក្សាទឹកទុកប្រើប្រាស់រហូតដល់មានភ្លៀងធ្លាក់ ៕

អត្ថបទទាក់ទង